បណ្តាអ្នកវិនិយោគទុនបរទេសបានបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួនកាន់តែខ្លាំងចំពោះទឹកដីអាហ្រ្វិក ដែលមួយផ្នែកគឺបណ្តាលមកពីតម្រូវការស្បៀងអាហារនិងជីវឥន្ធនៈ។ បណ្តាប្រទេសមួយចំនួនដូចជាចិន អារ៉ាប៊ីសាអូឌីត (Saudi Arabia) និង កូរ៉េខាងត្បូងបានជួលនិងទិញដីរាប់លានហិកតាសម្រាប់ដាំដំណាំស្បៀងសម្រាប់ផ្គត់ផ្គង់ប្រជាជនរបស់ខ្លួន។
មានគេបានរិះគន់ទៅលើក្រុមហ៊ុនវិនិយោគទាំងនេះថា ពុំមានតម្លាភាព ហើយមិនតែប៉ុណ្ណោះកសិករខ្នាតតូចអាចនឹងបាត់បង់ការទទួលបានដីប្រើប្រាស់និងរបរចិញ្ចឹមជីវិតជាច្រើនជំនាន់ទៀតផង។
អ្នកខ្លះទៀតថារឿងនេះមិនគួរដូច្នេះទេ។ អ្នករាយការណ៍ព័ត៌មាន William Eagle បាននិយាយជាមួយអ្នកស្រាវជ្រាវមា្នក់អំពីគំរូធ្វើពាណិជ្ជកម្មដែលសហការជួយកសិករ គឺមិនមែនបង្កការលំបាកដល់ជីវភាពពួកគេទេ។
អ្នកជំនាញខាងការអភិវឌ្ឍបាននិយាយថា ការវិនិយោគក្នុងវិស័យកសិកម្មអាចធ្វើទៅបានដោយមិនពាក់ព័ន្ធនឹងការទិញដូរដីធ្លី ឧទាហរណ៍ដូចជាសហការគ្នារវាងក្រុមហ៊ុននិងកសិករខ្នាតតូចជាដើម។
ឡូរេនហ្សូ កូទុឡា (Lorenzo Cotula) ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានអន្តរជាតិសម្រាប់បរិស្ថាននិងការអភិវឌ្ឍ (International Institute for Environment and Development - IIED) ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍។
លោកជាសហអ្នកនិពន្ធម្នាក់នៃរបាយការណ៍សម្រាប់ វិទ្យាស្ថាន IIED អង្គការស្បៀងអាហារ និងកសិកម្មរបស់សហប្រជាជាតិ (U.N. Food and Agriculture Organization ឬ FAO) និងមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (International Fund for Agricultural Development )។ របាយការណ៍ទាំងនោះរួមមាន «ធ្វើវិនិយោគកសិកម្មមានប្រយោជន៍បំផុត៖ ការស្ទង់មតិអំពីគំរូពាណិជ្ជកម្មដែលផ្តល់ឱកាសដល់កសិករខ្នាតតូច» និង របាយការណ៍ «ការរំលោភយកដី ឬឱកាសអភិវឌ្ឍន៍៖ វិនិយោគកសិកម្មនិងពាណិជ្ជកម្មអន្តរជាតិចំពោះដីធ្លីនៅអាហ្វ្រិក»។
លោកកូទុឡា បានមានប្រសាសន៍ថា មានការយល់ឃើញដូចៗគ្នាក្នុងរង្វង់មន្ត្រីរដ្ឋាភិបាលនិងអ្នកវិនិយោគថា ការបង្កើតកសិដ្ឋានដាំដុះខ្នាតធំជាការណ៍ចាំបាច់ដើម្បីធ្វើទំនើបកម្មវិស័យកសិកម្ម។ ប៉ុន្តែលោកក៏បានបន្ថែមទៀតថា មិនមានភស្តុតាងណា មួយដែលអាចគាំទ្រគំនិតនេះនៅឡើយ។ កសិករខ្នាតតូចជាតួអង្គមានសម្ទុះនិងការប្រកួតប្រជែងក្នុងទីផ្សារពិភពលោក ហើយសព្វថ្ងៃនេះពួកគេត្រូវការគោលនយោបាយនិងការគាំទ្រខាងហេដ្ឋារចនាសម្ព័ន្ធជាងពេលណាណាទាំងអស់។
បើតាមលោក កូទុឡា ក្នុងករណីដែលការវិនិយោគពីបរទេសជាការណ៍ចាំបាច់សម្រាប់និរន្តរភាពវិស័យកសិកម្ម គេមានប្រព័ន្ធគំរូមួយទៀតគឺការសហការគ្នារវាងកសិករក្នុងមូលដ្ឋាននិងអ្នកវិនិយោគ។ ប្រព័ន្ធនេះត្រូវអាស្រ័យ(ឬ ស្រប)ទៅលើប្រវត្តិសាស្រ្ត វប្បធម៌ និងទម្លាប់នៃការកាន់កាប់កម្មសិទ្ធិដីធ្លីក្នុងតំបន់នោះ។
វីធីសាស្រ្តមួយដែលមានប្រជាប្រិយភាព គឺការធ្វើកសិកម្មតាមកិច្ចសន្យាដែលជាញឹកញាប់ត្រូវបានគេប្រើក្នុងរុក្ខកម្ម ដំណាំពាណិជ្ជកម្ម និងពេលខ្លះក៏ប្រើសម្រាប់ដំណាំបន្លែ ផ្លែឈើផងដែរ។
«វិធីសាស្រ្តនេះត្រូវបានគេប្រើប្រាស់ជាយូរយារណាស់មកហើយ ដោយក្រុមហ៊ុនត្រូវផ្តល់ជាឥណទាន វត្ថុធាតុដើមដូចជាពូជដំណាំនិងជីកសិកម្ម និងការបណ្តុះបណ្តាលជំនាញទៅកសិករ ជាថ្នូរនឹងការទទួលទិញផលដំណាំពីកសិករក្នុងតម្លៃគេកំណត់ ពេលរដូវប្រមូលផលមកដល់។»
បណ្តាវត្ថុធាតុដើមដែលផ្តល់ដោយក្រុមហ៊ុនជាធម្មតាត្រូវកាត់ជាទឹកប្រាក់នៅពេលដែលគេទិញផលិតផលសម្រេចពីកសិករ។ ចំណែកឯបរិមាណនិងគុណភាពនៃការផលិតត្រូវសម្រេចដោយការព្រមព្រៀងគ្នារវាងភាគីក្រុមហ៊ុននិងកសិករ។
លោកកូទុឡាបាននិយាយថា ការធ្វើកសិកម្មតាមកិច្ចសន្យាមានរហូតដល់ទៅ៦០%នៃកសិដ្ឋានដំណាំតែនិងស្ករអំពៅទាំងអស់ក្នុងប្រទេសកេនយ៉ា ហើយរហូតដល់ ១០០%នៃកសិដ្ឋានដំណាំកប្បាសនៅប្រទេសម៉ូសំប៊ិក (Mozambique)។ ចំណែកក្នុងប្រទេសហ្គាណា (Ghana) វិញ វិធីសាស្រ្តនេះត្រូវបានប្រើដោយក្រុមហ៊ុនដូចជា Blue Skies Agro-Processing ដែលកែច្នៃផ្លែឈើស្រស់ដូចជាម្នាស់ ស្វាយ និងឪឡឹក សម្រាប់ទីផ្សារអឺរ៉ុប។
ការធ្វើកសិកម្មតាមកិច្ចសន្យាមានអត្ថប្រយោជន៍ជាច្រើន ដោយអនុញ្ញាតកសិករទទួលបានឥណទាន ពូជ និងបច្ចេកវិទ្យា។ កសិកម្មតាមកិច្ចសន្យាក៏ធ្វើកសិករតូចតាចអាចទៅដល់ទីផ្សារមានផលកម្រៃខ្ពស់នៅតំបន់ដាច់ស្រយាលសម្រាប់ផលដំណាំដែលមានតម្លៃខ្ពស់។
ប៉ុន្តែវិធីសាស្រ្តកសិកម្មតាមកិច្ចសន្យានេះក៏មានគុណវិបត្តិមួយចំនួនផងដែរ។ ការស្រាវជ្រាវរបស់លោកកូទុឡាបានបង្ហាញឃើញថា កិច្ចសន្យាជាញឹកញាប់តែងតែបានទៅកសិករដែលមានកម្រិតជីវភាពប្រសើរ ចំណែកឯកសិករក្រីក្រត្រូវធ្វើជាកម្មករក្នុងកសិដ្ឋានទាំងនោះ។ តម្លៃដែលក្រុមហ៊ុនបានបង់ទៅកសិករអាចទាបជាង និងអាចមានការពិបាកក្នុងការដាក់ទណ្ឌកម្មក្រុមហ៊ុនទាំងឡាយណា ដែលមិនគោរពកិច្ចសន្យាក្នុងការទិញផលិតផល នៅពេលស្ថានភាពទីផ្សារប្រែប្រួល។
លើសពីនេះ អ្នកដាំដំណាំនឹងអាចលង់ខ្លួនជាប់បំណុលក្រុមហ៊ុន នៅពេលដែលក្រុមហ៊ុនកាត់កងចំណាយពេលទិញកសិផល និងអាចធ្វើឲ្យមានបម្លាស់ប្តូរ ពីការទទួលបានដីធ្លីរបស់ស្រ្តីដែលជាអ្នកដាំដំណាំចិញ្ចឹមពោះ ទៅបុរសដែលមានលទ្ធភាពខ្ពស់ក្នុងការចុះកិច្ចសន្យាដាំដំណាំតម្លៃខ្ពស់ជាមួយក្រុមហ៊ុនកសិពាណិជ្ជកម្ម។
គំរូមួយបែបទៀតដែលត្រូវបានប្រើដែរគំរូដៃគូរវាងកសិករខ្នាតតូចនិងអ្នកវិនិយោគគឺ ការធ្វើពាណិជ្ជកម្មរួមគ្នា ដូចជា សាជីវកម្មតែ Nshili ក្នុងប្រទេសរ៉្វាន់ដា ដែលក្រុមហ៊ុននេះជាក្រុមហ៊ុនរួមគ្នារវាងក្រុមកសិករខ្នាតតួចនិងក្រុមហ៊ុនឯកជនមួយ។
«[ក្រុមហ៊ុនរួម]នេះកើតឡើងដោយប្រជាជនមូលដ្ឋានទិញហ៊ុននៅក្នុងក្រុមហ៊ុនផលិតកម្មកសិកម្ម។ កសិករតែម្តងអាចជាអ្នកធ្វើផលិតកម្មផ្អែកលើមូលដ្ឋានកិច្ចសន្យាកសិកម្មដែលគេព្រមព្រៀងជាមួយក្រុមហ៊ុនរកស៊ីរួម។ បើពុំដូច្នោះទេ គេអាចអនុវត្តដូចប្រទេសម៉ាឡេស៊ីដែលក្រុមហ៊ុនសម្ព័ន្ធតែងតែបង្កើតជាកសិដ្ឋានធំៗដោយមានសហគមន៍មូលដ្ឋានចូលហ៊ុននិងទទួលបានភាគលាភ គឺចំណែកនៃផលចំញេញ។ ប៉ុន្តែការណ៍នេះមិនមែនសុទ្ធតែសម្រេចបានទាំងអស់ទេ។»
លោកកូទុឡានិយាយថា ភាគហ៊ុនក្នុងពាណិជ្ជកម្មអាចផ្តល់សំឡេងដល់សហគមន៍ក្នុងសេចក្តីសម្រេចចិត្តនានានិងផ្តល់ចំណូលទៀងទាត់ក្នុងលក្ខណៈជាភាគលាភ។
ប៉ុន្តែផ្ទុយទៅវិញ គាត់បន្ថែមថា ភាគលាភអាចនឹងមិនទទួលបានទេ នៅដោយសាររបៀបមួយចំនួនដែលក្រុមហ៊ុនភ្ជាប់ខ្លួនទៅនឹងវិស័យកសិពាណិជ្ជកម្ម។ គេប្រើវិធីសាស្រ្តមួយដែលហៅថា «ការផ្ទេរថ្លៃចំណាយ» (Transfer Pricing) ដោយផ្ទេរប្រាក់ចំណេញដោយបំប៉ោង ឬ បន្ថយតម្លៃក្នុងប្រតិបត្តិការជាមួយក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនរួមរបស់ក្រុមហ៊ុនកសិពាណិជ្ជកម្ម។ ដូចនេះការអនុវត្តជាក់ស្តែងបែរជាកាត់បន្ថយប្រាក់ចំណេញរបស់ក្រុមហ៊ុនរួម និងភាគលាភសម្រាប់កម្មសិទ្ធិករតូចតាចទៅវិញ។
លោកកាទុឡាក៏បានសិក្សាពីគំរូពាណិជ្ជកម្មផ្សេងៗទៀតដែលទាក់ទងទៅនឹងការសហការរវាងកសិករខ្នាតតូចផងដែររូមមានការដាំដំណាំជួលដី និងការចែករំលែកកសិផល។
ជោគជ័យនៃគំរូពាណិជ្ជកម្មទាំងនេះ ភាគច្រើនអាស្រ័យលើភាពរឹងមាំរបស់អង្គការកសិករនៅមូលដ្ឋាន។ គាត់បាននិយាយថា វាពិតជាមានអត្ថប្រយោជន៍ណាស់នៅពេលដែលកសិករតូចតាចបង្កើតមានជាការសហប្រតិបត្តិការនឹងគ្នាជាសហជីពឬមានការគាំទ្រពីអង្គការមិនមែនរដ្ឋាភិបាល។
លោកកូទុឡាបានលើកយក ករណីកសិករដាំអំពៅនៅអាហ្រ្វិកខាងកើតមកពន្យល់ ដែលទីនោះកសិដ្ឋានដែលដំណើរការដោយរដ្ឋត្រូវបានគេធ្វើឯកជនភាវូបនីយកម្ម។
«នៅពេលដែលអ្នកដាំដំណាំបានរៀបចំជាសមាគមដែលឯករាជ្យពីក្រុមហ៊ុនពាណិជ្ជកម្ម ពួកគេក៏បានទទួលបានកិច្ចសន្យាជំនួញល្អប្រសើរជាងមុន... ពួកគេក៏ទទួលបានសំឡេងច្រើនជាងមុនក្នុងវិស័យនេះ ដូចជានៅក្នុងការទាមទាររៀបចំគោលនយោបាយរដ្ឋាភិបាលជាដើម។ ដូចនេះនៅក្នុងកម្រិតនៃការរួមគ្នាជាក្រុមរឹងមាំ គឺសមត្ថភាពក្នុងអង្គការដែលអាចបង្ហាញការព្រួយបារម្ភ និងតំណាងឲ្យសេចក្តីប្រាថ្នារបស់កសិករជាការណ៍សំខាន់ណាស់។»
ការស្រាវជ្រាវទៅលើការកាន់កាប់ដីជាទ្រង់ទ្រាយធំបានបង្ហាញថា មានកិច្ចសន្យាជាច្រើនអំណោយផលដល់អ្នកវិនិយោគ គឺ កិច្ចសន្យាខ្លះខ្លីៗ និងមិនច្បាស់លាស់ និង មិនមានបញ្ចូលខសំខាន់ៗដែលការពារផលប្រយោជន៍កសិករតូចតាចនោះទេ។ កិច្ចសន្យាទាំងនោះអាចជាការជួលដីពី៥០ទៅ៩៩ឆ្នាំដែលធ្វើឲ្យប្រជាជនមូលដ្ឋានមិនមានដីប្រើប្រាស់និងប៉ះពាល់ជីវភាពជាច្រើនជំនាន់។
វិធានការដែលធ្វើឲ្យការអនុវត្តប្រសើរឡើង រួមមានការត្រួតពិនិត្យនិងចាប់បង្ខំក្រុមហ៊ុនឲ្យគោរពតាម ការពន្យល់ច្បាស់លាស់ពីការបែងចែកចំណូលរដ្ឋាភិបាល ការបញ្ជាក់ពីចំនួននិងប្រភេទការងារដែលនឹងត្រូវបង្កើតឡើង និងបងើ្កតតុល្យភាពរវាងការនាំចេញនិងតម្រូវការក្នុងស្រុក។ ក្រៅពីនេះ ក៏ត្រូវមានវិធានការជំរុញឲ្យមានតម្លាភាពផងដែរ។
ការស្រាវជ្រាវរបស់កាទុឡាបានបង្ហាញថាប្រទេសលីបេរីយ៉ា ជាឧទាហរណ៍នៃការអនុវត្តប្រសើរជាងគេមួយ ដែលក្នុងនោះរដ្ឋាភិបាលបានបង្ហាញកិច្ចសន្យាជាសាធារណៈនៅលើប្រព័ន្ធអ៊ីនធឺណិត។ កិច្ចសន្យាខ្លះដែលត្រូវចរចាដោយរដ្ឋាភិបាលទីក្រុងម៉ុងរ៉ូវីយ៉ា (Monrovia) ផ្តោតទៅលើ ការប្តេជ្ញាក្នុងការផ្តល់ការងារនិងការបណ្តុះបណ្តាល ការកែច្នៃនិងផ្គត់ផ្គង់ទំនិញក្នុងស្រុកនិងការថែរក្សាការពារបរិស្ថាននិងសង្គម។
គំរូវិនិយោគកសិកម្មមួយដែលរួមបញ្ចូលប្រជាជនមូលដ្ឋានមានសារៈសំខាន់ណាស់ក្នុងការសម្រេចគោលដៅសហវត្សរ៍របស់អង្គការសហប្រជាជាតិ ដែលរួមមានការកាត់បន្ថយយ៉ាងច្រើននូវភាពអត់ឃ្លាននិងភាពក្រីក្រ និរន្តរភាពបរិស្ថាន និងការបង្កើតនូវភាពជាដៃគូដ៏មានប្រសិទ្ធភាពសម្រាប់ការជំរុញការអភិវឌ្ឍ៕
ប្រែសម្រួលដោយ គឹង ភិរុណ