ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម៉ូហ្សាមប៊ិកជំរុញឲ្យ​ផ្លាស់​ប្តូរ​​លំនៅ​ថ្មី​សម្រាប់​ជនរងគ្រោះ​ដោយ​សារ​ទឹកជំនន់​យ៉ាង​ចចេស​


អាង​ទន្លេ លីមប៉ូប៉ូ (Limpopo)
អាង​ទន្លេ លីមប៉ូប៉ូ (Limpopo)
ដោយ​ JINTY JACKSON
រដ្ឋាភិបាល ម៉ូហ្សាមប៊ិក (Mozambique) ចង់ធ្វើការផ្លាស់ប្តូរ​ទីលំនៅ​ជា​អចិន្ត្រៃយ៍ សម្រាប់​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅតាម​អាង​ទន្លេ លីមប៉ូប៉ូ (Limpopo) ដែល​ងាយ​រងគ្រោះ​ដោយសារ​ទឹកជំនន់ បន្ទាប់ពី​ទឹកជំនន់​ដ៏មហន្តរាយ​មួយ បាន​វាយប្រហារ​តំបន់​នេះ​កាលពី​ខែមុន។ លោក​នាយករដ្ឋមន្រ្តី អាល់បឺតូ វ៉ាគីណា (Alberto Vaquina) បាន​ជំរុញ​អាជ្ញាធរក្នុង​តំបន់ ឱ្យមាន​ការតឹងរឹង​ជាមួយ​ប្រជាពលរដ្ឋ ដែល​មានបំណង​វិលត្រឡប់​មកផ្ទះវិញ ដោយ​បាន​ថ្លែងថា ហនិភ័យ​នៃ​ទឹកជំនន់​នាពេល​អនាគត គឺមាន​ទំហំ​ធំធេង​ណាស់។ រដ្ឋាភិបាល​បាន​ផ្តល់ឱ្យ​ប្រជាពលរដ្ឋ​នូវ​ចំណែក​ដី​នៅ​តំបន់​ខ្ពស់ៗជាងមុន​ ប្រសិនបើ​ពួកគេ​យល់ព្រមផ្លាស់​ទីលំនៅ។ ប្រជាពលរដ្ឋ​ជិត​១០០​នាក់​បាន​ស្លាប់​ដោយសារ​ទឹកជំនន់ ហើយ​ប្រជាពលរដ្ឋ​ជាង​ពីរសែន​នាក់ បាន​ទទួល រង​ផលប៉ះពាល់។
ផ្ទះ​របស់ ថែលម៉ា ហ្សីតា (Thelma Zita) ស្ថិត​នៅចម្ងាយ​តែប៉ុន្មាន​រយម៉ែត្រ​ប៉ុណ្ណោះ ពី​ច្រាំង​ទន្លេ លីមប៉ូប៉ូ ដែល​ជា​ទន្លេ​ធំបំផុត​មួយ​នៅក្នុង​ទ្វីប​អាហ្រ្វិក។
នៅ​ចុង​ខែ​មករា ទឹកទន្លេ​បានធ្វើឲ្យ​បាក់ច្រាំង​ទន្លេ ដោយ​បាន​ហូរ​នាំយកអ្វីៗ​គ្រប់យ៉ាងទាំង​អស់​ ដែល​នាង​មាន។ មិនមាន​ពេលដើម្បីគេចខ្លួន​ទេ។
នាង​និយាយ​ថា យើងគ្រាន់តែ​អាចឡើងលើ​ដំបូលផ្ទះ។ យើង​មិនបាន​ចាកចេញ​ពី​ស្រុកហ្គីចា (Guija) ទេ ពីព្រោះ​ទឹក​ហូរ​ចូលមកនៅពេល​យប់។
មួយសប្តាហ៍​ក្រោយមក នាង​ប្រសូត​បាន​កូនស្រី​មួយ។ ឥឡូវនេះ ទារក​នេះ​ត្រូវបាន​ចងភ្ជាប់​ពី​ក្រោយខ្នង​របស់​នាង ខណៈពេល​ដែល​នាង​កំពុងដាំដុះដំណាំ​នៅលើ​ផ្ទៃដី​ដ៏តូច ដែល​ផ្តល់ឱ្យ​ដោយ​ទឹកជំនន់ ដែល​បាន​ស្រក​ថយ​ទៅវិញ​យ៉ាងយឺតៗ។
នាង​និយាយ​ថា យើង​ទើបតែ​ចាប់ផ្តើម​ធ្វើការដាំដុះ​ម្តងទៀត។ នៅលើដី​ចំការមួយចំនួន អ្នក​មិនអាច​ដាំដុះ​បាន​ទេ ពីព្រោះ​នៅមាន​ទឹក​នៅ​ឡើយ ហើយ​យើង​ត្រូវតែ​រង់ចាំសិន។ នាង​កត់សម្គាល់​ប្រកបដោយ​ភាពអត់ធ្មត់​ថា នេះ​គឺជា​របៀប​ដែល​វា​កើតឡើង ហើយ​ជីវិត​នៅតែ​បន្ត។
វាលទំនាប​ប្រកបដោយ​ដី​មាន​ជីវជាតិ គឺជា​ប្រភព​សម្រាប់​ការដាំដុះ​ស្រូវ​និង​បន្លែបង្កា​ជាច្រើន នៅក្នុង​ប្រទេស ម៉ូហ្សាមប៊ិក។
សញ្ញាអាសន្ន​ទឹកជំនន់ នៅតែ​បន្ត​នៅឡើយ ហើយ​នៅ​ចុងរដូវ​ភ្លៀង នៅមាន​រយៈពេល​ពីរខែ​ទៀត។
វា​មាន​គ្រោះថ្នាក់​ណាស់ ប៉ុន្តែ ហ្សីតា និង​អ្នកជិតខាង​របស់​នាង​និយាយ​ថា ប្រសិនបើ​ពួកគេ​មិនដាំដុះ ពួកគេ​នឹង​ជួបប្រទះ​ការអត់ឃ្លានជា​មិនខាន។
នាង​និយាយ​ថា មិនមានអ្វី​ត្រូវបាន​បញ្ជូន​មកទីនេះ​ទេ។ ឡានបាន​ដឹក​ទំនិញ​ពេញ​ៗសម្រាប់​ ​ជំនួយ​ម្ហូបអាហារ ប៉ុន្តែ នាង​និយាយ​ថា វា​មិនមែន​សម្រាប់​ពួកនាង​ទេ ហើយ​នាង​មិនដឹងថា វា​ត្រូវ​ទៅ​ទីណា​នោះទេ។
លោក អាដាម រីឌែល (Adam Ridell) ដែល​ធ្វើការ​ឱ្យទីភ្នាក់ងារ​ផ្តល់​ជំនួយ​គ្រិស្ត​សាសនា ដែល​មាន​ឈ្មោះថា សាម៉ារីតាន ផឺស (Samaritan’s Purse) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក កំពុង​ជួយ​ចែកចាយ​ជំនួយ​ម្ហូបអាហារ​ទៅកាន់​តំបន់​នេះ។ លោក​ពន្យល់​អំពី​មូលហេតុ​ដែល ហ្សីតា និង​អ្នកជិតខាង​របស់​នាង ប្រហែលជា​មិនទទួលបាន​ជំនួយ​ម្ហូបអាហារ។
«មូលហេតុ​មួយ ដែល​ប្រជាពលរដ្ឋ​ទាំងនេះ ប្រហែលជា​មិនទទួល​បាន​ម្ហូបអាហារ​គឺថា ពួកគេ​មិន​ស្ថិតនៅក្នុង​មជ្ឈមណ្ឌល​ផ្តល់​ជម្រក​ស្នាក់​នៅ​ទាំងនេះ។ យើង​ប្រហែលជា​មិនបាន​ដឹងទេ​ថា ពួកគេ​នៅ​ជុំវិញ​នេះ។ វា​មាន​ភាព​ងាយស្រួលជាង ប្រសិន​បើ​ពួកគេ​នៅទី​នោះ។ យើង​បាន​នាំ​យក​ម្ហូប​អាហារ​ទៅទីនោះ។»
ឃុស្តូដៀ ឃ្វីវ គឺជា​មនុស្ស​ម្នាក់​នៅក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជិត​៧ម៉ឺន​នាក់ ដែល​បាន​គេច​ខ្លួន​ចេញពី​ទឹកជំនន់។ ឥឡូវនេះ នាង​កំពុង​រស់នៅ​ក្នុង​ជំរំ​តង់​យ៉ាង​ធំ​មួយ ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល និង​ទីភ្នាក់ងារ​ផ្តល់ជំនួយ​អន្តរជាតិ។
នាង​និយាយ​ថា អ្វីៗ​ទាំងអស់​បាន​ទៅបាត់។ ខ្ញុំគ្មានផ្ទះស្នាក់​នៅទេ។ ខ្ញុំ​មិនមាន​អ្វី​ទាំងអស់។ សូម្បីតែ​សម្លៀកបំពាក់​របស់​ខ្ញុំ ក៏ត្រូវ​ទឹក​ហូរ​យក​ទៅបាត់ដែរ។
ឥឡូវនេះ វា​ដល់ពេល​វេលា ដែល​ត្រូវ​សញ្ជឹង​គិត​មើលពី​អនាគត​ហើយ។ រដ្ឋាភិបាល​បាន​ផ្តល់​ដី​នៅលើ​ទីខ្ពស់​ៗនៅជិត​ជំរំ។ វា​មាន​ចម្ងាយ​ប្រហែល​ជា​២៩​គីឡូម៉ែត្រ​ពី​ទីក្រុង ចូកវី (Chokwe) ដែល​ជា​ទីកន្លែង​ដែល​នាង​បាន​រស់នៅ​និង​ធ្វើការងារ​មុនពេល​ទឹក​ជំនន់។
«យើង​ត្រូវការដីនេះ ប៉ុន្តែ យើង​គ្រាន់តែ​ឮ​ការនិយាយគ្នាតែប៉ុណ្ណោះ»។ នាង​និយាយ​ថា រដ្ឋាភិបាល​មិនទាន់​បាន​ផ្តល់​ដីនោះ​នៅឡើយ​ទេ ប៉ុន្តែ នាង​បាន​ត្រៀមខ្លួន​រួច​ជាស្រេច ដើម្បី​ទៅធ្វើការ​នៅទីនោះ ទោះបីជា​វា​មាន​ចម្ងាយ​ឆ្ងាយ ហើយ​នាង​នឹង​ត្រូវ​ចាកចេញ​ពីក្រុមគ្រួសារ​របស់​នាង​នៅទី​នេះ​ក៏ដោយ។
​បុរសមួយ​ចំនួនត្រូវ​បាន​ប្រទះ​ឃើញ​នៅក្នុង​ជំរំ​នៅពេល​ថ្ងៃ។ បុរស​ជាច្រើន​បាន​វិលត្រឡប់ទៅ​ចំការវិញហើយ ឬ​កំពុង​ការពារ​ផ្ទះ​និងទ្រព្យសម្បត្តិ​របស់​ពួកគេ នៅក្នុង​តំបន់​ទឹកជំនន់​ពីការលួចប្លន់។
អាដាម រីឌែល និយាយ​ថា ដំណើរការ​នៃ​ការផ្លាស់ប្តូរ​ទីលំនៅ នឹង​មាន​ការលំបាក ប៉ុន្តែ វា​ហាក់ដូចជា​មាន​ជម្រើស​តិចតួច។
«តើអ្នក​ត្រូវ​ផ្លាស់ប្តូរ​ទីលំនៅ​មនុស្ស​ចំនួន​ពីរសែន​នាក់​ដោយ​របៀប​ណា នៅពេល​ដែល​មាន​ទឹកជំនន់ នៅរៀងរាល់​៥​ឆ្នាំ​ម្តង? ពួកគេ​បាន​ធ្វើការ​យ៉ាងល្អជាមួយនឹងប្រព័ន្ធ​ផ្តល់​សញ្ញា​អាសន្ន​បឋម ហើយ​ប្រជាពលរដ្ឋ​បាន​ដឹងថា​ទឹក​នឹង​មកដល់។ ទំនប់​បានបាក់​ធ្លាយ ហើយ​ទឹក​បាន​ហូរ​មកដល់​លឿនជាង​អ្វី​ដែល​ពួកគេ​បានគិត​ឆ្ងាយ​ណាស់។ មនុស្ស​ជាច្រើន​ថែមទាំងបាន​ត្រៀមខ្លួនសម្រាប់​ទឹកជំនន់​ទៀតផង ប៉ុន្តែ ពួកគេត្រៀមខ្លួន​មិនបាន​គ្រប់គ្រាន់​នោះទេ ពីព្រោះ​ពួកគេ​មិនបាន​គិតថា វា​មានសភាព​អាក្រក់​បែបនេះទេ។ ហើយ​ផ្ទះ​របស់​ពួកគេ​ធ្វើអំពី​ដី ពីព្រោះ​នេះ​គឺជា​អ្វី​ដែល​ពួកគេ​មាន។ ដូច្នេះ វាជា​ការពិត​ណាស់​ដែល​ថា ផ្ទះ​នោះនឹង​ត្រូវបាន​ហូរ​នាំយកទៅ​ដោយ​ទឹកជំនន់។»
ក្រុម​អ្នក​ជំនាញ​និយាយ​ថា ប្រទេស ម៉ូហ្សាមប៊ិក ដែលប្រភពរបស់​ប្រព័ន្ធ​ទឹកទន្លេ​ធំៗ​ចំនួន​៩ ហើយដែលងាយ​នឹង​ទទួលរងគ្រោះ​ពី​ខ្យល់ព្យុះ​ស៊ីក្លូន​តាម​រដូវ គឺ​ពិតជា​ងាយ​នឹង​ទទួល​រងគ្រោះថ្នាក់​ពី​ការផ្លាស់​ប្តូរអាកាស​ធាតុ ដែលបង្កើន​គ្រោះថ្នាក់​ពី​គ្រោះមហន្តរាយ​ធម្មជាតិ​នាពេល​អនាគត។
រដ្ឋាភិបាល​កំពុង​ពិចារណា សាងសង់​យ៉ាងហោចណាស់​ទំនប់​មួយ​ទៀត នៅលើ​ទន្លេ លីមប៉ូប៉ូ។ ប៉ុន្តែ នេះ​គឺជាកិច្ចការ​ដែលមាន​ការចំណាយ​ច្រើនណាស់ សម្រាប់​ប្រទេស​មួយ ដែល​នៅតែ​ជាប្រទេស​ក្រីក្រ​បំផុត​មួយ​នៅក្នុង​ពិភពលោក។
នៅក្នុងពេល​នេះ ពួកគេ​សង្ឃឹម​ថានឹង​អាច​បញ្ជូន​ប្រជាពលរដ្ឋ​គ្រប់គ្រាន់​ទៅកាន់​ទីដីខ្ពស់ ដើម្បី​កាត់បន្ថយ​ឱ្យបាន​អប្បរមា​ចំពោះ​គ្រោះមហន្តរាយ​លើកក្រោយ៕
ប្រែសម្រួល​ដោយ ឌី ខាំបូលី

វីដេអូថ្មីៗបំផុត

XS
SM
MD
LG