ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លទ្ធផល​ការ​បោះឆ្នោត​នៅ​ Mozambique ​ពន្យារ​ពេល​គួរ​ឲ្យសង្ស័យ


អ្នកបោះឆ្នោត​ Mozambique ​តម្រង់ជួរ​បោះឆ្នោត​កាលពីថ្ងៃ​ទី​១តុលា នៅការិយាល័យ​បោះឆ្នោយ​ Maputo, Mozambique​

ប្រាំថ្ងៃ​ក្រោយពី​ការ​បោះឆ្នោត​ជាតិ​នៅ​ប្រទេស ​Mozambique ការ​ច្របូក​ច្របល​កើត​ឡើង​ ខណៈ​ដែល​លទ្ធផល​នៃ​ការ​បោះឆ្នោតចេញ​មក​យឺត​ជាង​ការ​រំពឹង​ទុក ដែល​គណបក្ស​កាន់​អំណាច​ទំនង​ជា​ចាញ់​ឆ្នោត​គណបក្ស​ប្រឆាំង​ ហើយ​គណបក្ស​ប្រឆាំង​ចោទ​ប្រកាន់​ថា ​មាន​ការ​លួច​បន្លំ​ថ្វី​បើ​មាន​ការ​អះអាង​ពី​អ្នក​សង្កេត​ការណ៍​ថា ​ការ​បោះឆ្នោត​នោះ​ជា​ទូទៅ​មាន​លក្ខណៈ​សេរី​ និង​យុត្តិធម៌​ក៏​ដោយ។​

ជនជាតិ ​Mozambique ​ចូល​ចិត្ត​និយាយ​ថា ​គ្មាន​អ្វី​កើត​ឡើង​យ៉ាង​លឿន​ទេ​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​នៅ​ជាប់​មាត់​សមុទ្រ​នេះ។​

ការ​និយាយ​បែប​នេះ​ទំនង​ជា​រាប់​បញ្ចូល​ទាំង​ការ​រាប់​សន្លឹក​ឆ្នោត​ ដែល​កំពុង​ចេញ​លទ្ធផល​យឺតៗ​ក្រោយ​ពេល​កំណត់​ អស់​រយៈ​ពេល​៥​ថ្ងៃ​ក្រោយ​ការ​បោះឆ្នោត។​ ដំបូង​គេ​រំពឹង​ថា​ លទ្ធផល​ត្រូវ​ចេញ​ក្នុង​ពេល​៧២​ម៉ោង​ក្រោយ​ការបោះឆ្នោត​នៅ​ថ្ងៃពុធ​ តែ​ទោះជា​ការិយាល័យ​បោះឆ្នោត​ទាំងអស់​ទំនង​ជា​បាន​រាប់​សន្លឹកឆ្នោត​ចប់​សព្វគ្រប់​ហើយ​ក៏​ដោយ​ តែការ​ប្រកាស​លទ្ធផល​ការ​បោះឆ្នោត​នោះ​បាន​ហួស​យ៉ាង​យូរ​ក្រោយ​ពេល​កំណត់។​

លទ្ធផល​ប៉ាន់​ស្មាន​ចេញ​នៅ​ថ្ងៃ​ច័ន្ទដោយ​ក្រុម​អ្នក​វិភាគ​បង្ហាញ​ថា​ គណ​បក្ស​កាន់​អំណាច​យ៉ាងយូរ​គឺ​គណបក្ស ​Frelimo​ ត្រូវ​គេ​ប៉ាន់​ស្មាន​ថា ​នឹង​ឈ្នះ​ទាំង​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតីនិង​ការ​បោះឆ្នោត​សភា​ដោយ​បាន​សំឡេង​ឆ្នោត​ប្រហែល​៥៨%​ក្នុង​ការ​បោះឆ្នោត​មួយៗ។

ប៉ុន្តែ​ការ​ពន្យារ​ពេល​ប្រកាស​លទ្ធផល​និង​បញ្ហា​ផ្សេង​ទៀត​ ល្មម​នឹង​ធ្វើ​ឲ្យ​លោក​ Afonso ​Dhlakama​ គូ​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ស្រែក​តវ៉ា​អំពី​ការ​លួច​បន្លំ។ ​គណបក្ស​ប្រឆាំង​របស់​លោក​គឺ​គណបក្ស ​Renamo​ កំពុង​ចោទ​ប្រកាន់​ថា​ មាន​ការ​លួច​បន្លំ ​និង​ការ​លួច​ន្ថែម​សន្លឹក​ឆ្នោត​ក្នុង​ប្រអប់​ឆ្នោត​ ទោះជា​យ៉ាងណាក្តី​ក្រុម​អ្នក​សង្កេត​ការណ៍​មកពី​សហភាព​អឺរ៉ុប​ សហ​ភាព​អាហ្វ្រិក​ និង​សហគមន៍​អភិវឌ្ឍ​អាហ្វ្រិក​ខាងត្បូង និយាយ​ថា ​ភាព​មិន​ប្រក្រតី​ត្រូវ​គេ​ដក​ចេញ​ ហើយ​ការ​បោះឆ្នោត​នោះ​ជា​ទូទៅ​ជា​ការ​បោះឆ្នោត​សេរី​និង​យុត្តិធម៌។​

អ្នក​សារ​ព័ត៌មាន​ Mozambique​ គឺ​លោក Fernando Lima ​ជា​អ្នក​វិភាគ​និយាយ​ថា ​អ្វីដែល​គួរកត់សម្គាល់​នោះ​គឺ​ថា​ ថ្វី​បើ​លោក​ Dhlakama មាន​ពាក្យ​បណ្តឹង​ក្តី ​ក៏​លោក​ទាក់​ទាញ​បាន​សន្លឹក​ឆ្នោត​ទ្វេរដង​ច្រើន​ជាង​សំឡេង​ឆ្នោត​ដែល​លោក​ទទួល​បាន​កាលពី​មុន​ ពេល​លោក​ឈរ​ឈ្មោះ​បេក្ខជន​ប្រធានាធិបតី​នោះ។ ​លោក​ Lima​ និយាយ​ថា​ កត្តា​មួយ​ដែល​គួរឲ្យ​កត់​សម្គាល់​នោះ​គឺ​ការ​ធ្លាក់​ចុះ​នូវ​ទំនុក​ចិត្ត​ចំពោះ​គណបក្ស ​Frelimo ​ដែល​ទទួល​បាន​សំឡេង​៧៥%​ ទាំង​ក្នុង​ការ​បោះឆ្នោត​សភា​ និង​ការ​បោះឆ្នោត​ប្រធានាធិបតី ​កាល​ពី​ឆ្នាំ​២០០៩។​

ការ​ធ្លាក់​ចុះ​ប្រជាប្រិយភាព​របស់​គណបក្ស​ Frelimo​ និង​បរាជ័យ​របស់​គណបក្ស​ Renamo ​ដែល​អាច​កើត​មាន​នេះ​ នឹង​មិន​ធ្វើ​ឲ្យ​គណបក្ស​ណាមួយ​នៃ​គណបក្ស​ទាំង​ពីរ​នេះ​សប្បាយ​ចិត្ត​នោះ​ទេ។ ​ប៉ុន្តែ​លោក​និយាយ​ថា ​មាន​ក្រុម​មួយ​ដែល​ទទួល​បាន​ផល​ប្រយោជន៍​គឺ​អ្នក​វិនិយោគទុន​ ដែល​កំពុង​សំឡឹង​មើល​ធុនធាន​ឧស្ម័ន​ធម្មជាតិ​ដ៏​ច្រើន​របស់​ប្រទេស​Mozambique។​

ពាក្យ​បណ្តឹង​មួយ​នៃ​ពាក្យ​បណ្តឹង​សំខាន់ៗ​របស់​គណបក្ស​ Renamo​ គឺ​ថា​ គណបក្ស​ Frelimo ​ជា​អ្នក​ក្តោប​ក្តាប់​ធនធាន​ទាំងនេះ។​ លោក​ Lima និយាយ​ថា បើ​លទ្ធផល​នេះ​មិន​ផ្លាស់​ប្តូរ​ទេ​នោះ ​នោះ​កណ្តាប់​ដៃ​របស់​គណបក្ស ​Frelimo ​លើ​ធនធាន​ទាំង​នេះ​នឹង​ត្រូវ​ចុះ​ខ្សោយ។​

«ខ្ញុំ​គិត​ថា ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​គឺ​ជា​លទ្ធផល​ល្អ​បំផុត​របស់​អ្នក​វិនិយោគទុន ​មាន​ន័យ​ថា​ គណបក្ស ​Frelimo​ ត្រូវ​ជា​គណបក្ស​ឈ្នះឆ្នោត​ ប៉ុន្តែ​គណបក្ស​នេះ​មិន​បាន​ឈ្នះ​ច្រើន​ទេ ​ដែល​ធ្វើឲ្យ​គណបក្ស​នេះ​ កាន់តែ​ទន់​ដៃ ​ហើយ​ដែល​នឹង​បង្វំ​ឲ្យ​គណបក្ស​នេះ​ បើក​ចំហ​ជាង​នេះ​ធ្វើ​ការ​ពិភាក្សា​ និង​ធ្វើ​ការ​ចរចា​ជាមួយ​គណបក្ស​ប្រឆាំង»។​

ប៉ុន្តែ​ដូច​សព្វដង​ដែរ នៅក្នុង​ប្រទេស​ដែល​ហែក​ហួរ​ដោយ​សង្គ្រាម​ស៊ីវិល​១៦​ឆ្នាំ​នោះ ​ការ​ភ័យ​ខ្លាច​អំពី​ជម្លោះ​មាន​ដក់​ក្នុង​អារម្មណ៍​ជានិច្ច។ ​លោក Carlton ​Cadeado ​អ្នក​វិភាគ​ម្នាក់​និយាយ​ថា​ មនុស្ស​គ្រប់​គ្នា​តាម​មើល​មនុស្ស​ម្នាក់​គឺ​លោក ​Dhlakama ​ដែល​បាន​ដឹក​នាំ​គណបក្ស​ Renamo តាំងពី​ពេលមាន​សង្គ្រា​មស៊ីវិល​បង្ហូរ​ឈាម​មក​នោះ។​

លោក​ Dhlakama ​និយាយ​នៅ​ថ្ងៃ​សៅរ៍​ថា ​លោក​មិន​មាន​ចេតនា​ធ្វើឲ្យ​មាន​ជម្លោះ​ឡើង​វិញ​ទេ ​ប៉ុន្តែ​ច្បាស់​ណាស់​ថា​ លោក​គឺជា​គន្លឹះ​នៃ​អ្នក​ធ្វើការ​សម្រេច​ចិត្ត​អំពី​អនាគត​របស់​ប្រទេស​ ​Mozambique។

«ខ្ញុំ​អាច​និយាយ​បាន​ថា ​យើង​មាន​ការ​រីក​ចម្រើន​តាំងពី​ឆ្នាំ​១៩៩២​មក។​ ការ​បោះ​ឆ្នោត​របស់​យើង ​គណបក្ស​នយោបាយ​របស់​យើង​ សង្គម​របស់​យើង​ អង្គការ​របស់​យើង​ពិតជា​ចូលរួម​ក្នុង​ដំណើរការ​នយោបាយ​នេះ។ ​យើង​គួរ​មាន​មោទនភាពអំពី​រឿង​នេះ។ ​តែ​ជា​ការណ៍​ពិតណាស់​ យើង​អាច​មាន​ការ​ព្រួយ​បារម្ភ​ ពីព្រោះ​នៅ​ពេល​នេះ​ យើង​មិន​ដឹង​ច្បាស់​ថា តើ​គណបក្ស​នយោបាយ​នឹង​ចាត់​វិធាន​ការ​យ៉ាង​ណា​ទេ​ ជាពិសេស​គណបក្ស​ Renamo។ នៅពេល​នេះ​មិនមែន​ជា​ពេល​សម​ហេតុផល​ ចាប់​ផ្តើម​សង្គ្រាម​ថ្មី​នោះ​ទេ។ ​មនុស្ស​គ្រប់ៗ​គ្នា​ចាំមើល​គណបក្ស​ Renamo ​ទាំងស្រុង​សកម្មភាព​ផ្ទៃ​ក្នុង​និង​សកម្មភាព​ខាង​ក្រៅ»។​

គេនៅ​ចាំ​មើល​សិន​ថា​ តើ​ភាគី​និមួយៗ​នឹង​ធ្វើអ្វី​ទៀត។ ​ ប៉ុន្តែ​អ្នក​វិនិយោគ​ទុន​ប្រាកដ​ជា​តាម​ដាន​ដិតដល់​អំពីព្រឹត្តិ​ការណ៍​នៅ​ប្រទេស​នេះ​ដែល​អាច​នឹង​ក្លាយ​ជា​ប្រទេស​ប្រភព​ថាមពល​ដ៏​ធំ​នៅ​អាហ្វ្រិក៕​

​លោកពិន ស៊ីសុវណ្ណ​ប្រែសម្រួល

XS
SM
MD
LG