គណបក្សប្រជាធិបតេយ្យរៃអង្គាសប្រាក់បានជាង ៧១ លានដុល្លារ ក្រោយពេលមរណភាពរបស់ចៅក្រមតុលាការកំពូលលោកស្រី Ruth Bader Ginsburg។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ចំនួនប្រាក់ដ៏ច្រើនសន្ធឹកនេះ បង្ហាញថា ការស្លាប់របស់ចៅក្រមតុលាការកំពូលសេរីនិយមដែលមនុស្សជាច្រើនគោរព និងការតទល់គ្នាលើរឿងតែងតាំងអ្នកដែលត្រូវជំនួសលោកស្រីនៅពេលខាងមុខនេះ បានបំផុសទឹកចិត្តរបស់អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យរួចស្រេចទៅហើយ។
ប្រាក់ចំនួនជាង ៧១ លានដុល្លារ ត្រូវបានរៃអង្គាសបាននៅត្រឹមម៉ោង ៩ យប់ ថ្ងៃសៅរ៍ គឺក្រោយការស្លាប់របស់លោកស្រី Ginsburg កាលពីថ្ងៃសុក្រ។
ចំនួនប្រាក់សរុបដែលអង្គាសបាននេះត្រូវបានប្រកាសនៅលើគេហទំព័រ ActBlue របស់គណបក្សប្រជាធិបតេយ្យ។
យុទ្ធនាការរកសំឡេងឆ្នោតរបស់គណបក្សប្រជាធិបតេយ្យសម្រាប់ឆ្នាំ ២០២០ នេះ រៃអង្គាសបានប្រាក់យ៉ាងច្រើនលើសពេលមុនៗទាំងអស់៕