ប្រធានាធិបតី Ghani ចាកចេញ​ពី​អាហ្វហ្កានីស្ថាន​នៅពេល​ដែល​ក្រុម​តាលីបង់​មក​ដល់​រដ្ឋធានី​កាប៊ុល រង់ចាំ​ការផ្ទេរ​អំណាច

ប្រធានាធិបតី​អាហ្វហ្កានីស្ថាន លោក Ashraf Ghani ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រទេស​ជាតិ ក្នុង​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្កានីស្ថាន ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។

ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​លោក Ashraf Ghani រួម​ជាមួយ​អនុ​ប្រធានាធិបតី​និង​មន្ត្រី​ជាន់​ខ្ពស់​ផ្សេងទៀត​របស់​លោក បាន​ឡើង​ជិះ​យន្តហោះ​ចាកចេញ​ពី​ប្រទេស​កាលពី​ថ្ងៃ​អាទិត្យ ដែល​បាន​អនុញ្ញាត​ឲ្យ​ពួក​បះបោរ​តាលីបង់​ឡើង​កាន់​អំណាច​វិញ​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ក្នុង​រយៈពេល​២០​ឆ្នាំ​បន្ទាប់ពី​ការទន្ទ្រាន​ខាង​យោធា​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​បាន​បណ្តេញ​ពួកគេ​ចេញពី​អំណាច។

មិន​មាន​ការ​អត្ថាធិប្បាយ​ពី​លោក​ប្រធានាធិបតី Ghani ឬ​រដ្ឋបាល​របស់​លោក​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល​ទេ។ នៅ​ក្នុង​សារ​ថត​សំឡេង​មួយ​កាលពី​ថ្ងៃ​សៅរ៍ លោក Ghani បាន​ថ្លែង​ទៅ​កាន់​ប្រទេស​ជាតិ​ថា លោក​បាន​ពិគ្រោះ​យោបល់​ទាំង​ជាមួយ​សហគមន៍​ជាតិ​និង​អន្តរជាតិ​សំខាន់ៗ​ស្តីពី​ស្ថានភាព​បច្ចុប្បន្ន​ដែល​លោក​បាន​ហៅ​ថា «សង្គ្រាម​ដែល​ត្រូវ​គេ​បង្ខិត​បង្ខំ»។

អនុ​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​លោក Amrullah Saleh ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​អម​ដំណើរ​លោក​ប្រធានាធិបតី Ghani និង​មន្ត្រី​ផ្សេង​ទៀត​ចាកចេញ​ពី​ប្រទេស បាន​បញ្ជូន​សារ​តាម Twitter ដែល​បាន​សន្យា​ថា មិន​ចុះចាញ់​ក្រុម​តាលីបង់​ទេ ក៏ប៉ុន្តែ លោក​មិន​បាន​ឆ្លើយ​តប​សារ​ដែល​បាន​រាយការណ៍​ថា លោក​បាន​ចាកចេញ​ពី​ប្រទេស​នោះ​ទេ។

រដ្ឋមន្ត្រី​ការពារ​ជាតិអាហ្វហ្កានីស្ថាន​លោកBismillah Mohammadi បាន​ត្អូញ​ត្អែរ​នៅ​លើ​សារ Twitter ដែល​ទំនង​សំដៅ​ដល់​លោក​ប្រធានាធិបតី Ghani និង​សហការី​របស់​លោក​ថា ពួកគេ «យល់​ព្រម​ចុះចាញ់​ដោយ​ងាយ​ស្រួល​និង​លក់​មាតុភូមិ អា​មនុស្ស​ចង្រៃ និង​ក្រុម​របស់​វា»។

ក្រុម​តាលីបង់​បាន​ដណ្តើម​កាន់កាប់​តំបន់​ភាគច្រើន​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​ក្នុង​រយៈពេល​ជាង​មួយ​សប្តាហ៍​មក​នេះ​ ហើយ​បាន​ទៅ​ផ្នែក​សំខាន់​នានា​នៃ​រដ្ឋធានី​កាប៊ុល​កាលពី​ថ្ងៃ​សៅរ៍។

ប្រភព​នានា​ដែល​បាន​ដឹង​ពី​ព្រឹត្តិការណ៍​នេះដោយ​ផ្ទាល់​បាន​ប្រាប់​វីអូអេ​ថា កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ គណៈប្រតិភូ​តាលីបង់​មួយ​ក្រុម​បាន​ចូល​រួម​ក្នុង​ការ​ចរចា​ជាមួយ​ពួក​មេដឹកនាំ​ក្រុម​ជីហាត​អាហ្វហ្កានីស្ថាន ពួក​អ្នក​នយោបាយ និង​ចាស់​ព្រឹទ្ធាចារ្យ​នានា ដែល​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី Ghani ចុះចេញពី​តំណែង។

ក្រុម​តាលីបង់​បាន​រក្សា​ការចរចា​ដែល​ថា ពួកគេ​នឹង​មិន​ទាក់ទង​លោក Ghani នៅ​ក្នុង​ការផ្ទេរ​អំណាច​ណា​ទេ ដោយ​និយាយ​ថា លោក​មិន​មែន​ជាប្រធានាធិបតី​ស្រប​ច្បាប់​ទេ។

គេ​មិន​ទាន់​ដឹង​ថា តើ​នរណា​បាន​ទាក់ទិន​នៅ​ក្នុង​ការចរចា​នោះ​ទេ ក៏ប៉ុន្តែ លោក Abdullah Abdullah ដែល​បាន​មើល​ការចរចា​សន្តិភាព​ផ្ទៃ​ក្នុង​នៅ​អាហ្វហ្កានីស្ថាន​ដែល​សម្រប​សម្រួល​ដោយ​សហរដ្ឋ​អាមេរិក​ជាមួយ​ក្រុម​តាលីបង់ គឺ​ស្ថិត​ក្នុង​ចំណោម​ក្រុម​អ្នក​ចរចា​កាលពី​ថ្ងៃ​អាទិត្យ​នោះ។

ប្រភព​នានា​បាន​ប្រាប់ VOA ថា នៅ​ក្រោម​កិច្ចព្រមព្រៀង​ដែល​បាន​ធ្វើ​ឡើង​នោះ គណៈប្រតិភូ​របស់​មេដឹកនាំ​អាហ្វហ្កានីស្ថាន រួម​មាន​លោក Abdullah ផង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់ប្រទេស​កាតា​ជា​ទីកន្លែង​ដែល «ការផ្ទេរ​អំណាច​ទៅ​ឲ្យ​ក្រុម​តាលីបង់» នឹង​ធ្វើ​ឡើង​ជា​ផ្លូវការ។

អ្នក​នាំពាក្យ​ក្រុម​តាលីបង់​លោក Suhail Shaheen ដែល​តំណាង​ឲ្យ​ការិយាល័យ​នយោបាយ​របស់​ក្រុម​នោះ​នៅ​រាជធានី​ដូហា​នៃ​ប្រទេស​កាតា បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ពួក​អ្នក​ប្រយុទ្ធ​បះបោរ​បាន​ទទួល​បញ្ជា​ដោយ​ផ្ទាល់​មិន​ឲ្យ​ប៉ះពាល់​ជន​ណា​ម្នាក់​ឬ​វាយ​ប្រហារ​ទ្រព្យ​សម្បត្តិ​រដ្ឋាភិបាល​និង​ឯកជន​ក្នុង​អំឡុង​នៃ​ការរុល​ទៅ​មុខ​របស់​កងទ័ព​នោះ​ទេ។

លោក Shaheen បាន​និយាយ​ទៀត​ថា៖ «ជន​ណា​ម្នាក់​ដែល​បាន​រកឃើញ​ថា​មាន​កំហុស​នឹង​ត្រូវ​កាត់​ទោស​និង​ទទួល​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ពី​ក្រុម​តាលីបង់»។ លោក​បាន​ទទូច​ថា ក្រុម​អ៊ីស្លាម​នេះ​បាន​រក្សា​ការតាំង​ចិត្ត​របស់​ខ្លួន​កាលពី​ដំបូង​ថា ខ្លួន​ចង់បាន«ការផ្ទេរ​អំណាច​ដោយ​សន្តិវិធី» ដោយ​បានស្តី​បន្ទោស​រដ្ឋាភិបាល​របស់​លោក Ghani ថា «បាន​ជំរុញ​ឲ្យ​មាន​ជម្រើស​សង្គ្រាម»។

អ្នក​នាំ​ពាក្យ​ក្រុម​តាលីបង់​លោក Zabihullah Mujahid បាន​បញ្ជាក់​នៅលើ​សារ​តាម Twitter កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ថា ពួក​អ្នក​ប្រយុទ្ធ​របស់​ក្រុម​តាលីបង់​បាន​ចូល​ដល់​កន្លែង​សំខាន់​ៗ​នៅ​ក្នុង​រដ្ឋធានីកាប៊ុល​ដើម្បី​រារាំង​ភាពច្របូក​ច្របល់​និង​ការលួច​យក​ឥវ៉ាន់​ បន្ទាប់ពី​កង​កម្លាំង​សន្តិសុខ​អាហ្វហ្កានីស្ថាន​បាន​បោះ​បង់ចោល​ទីតាំង​សំខាន់​ៗ​ទាំង​នោះ៕


ប្រែសម្រួល​ដោយ​លោក ​ជឹង ប៉ូជីន