រដ្ឋាភិបាលហ្គាណាកំពុងរងសម្ពាធយ៉ាងខ្លាំងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ដោយសារសេដ្ឋកិច្ចបានដាំក្បាលចុះក្រោម ដោយអតិផរណាបានឡើងដល់ ៤០% កាលពីខែតុលាដែលជាអត្រាខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ អ្នកប្រកបអាជីវកម្មនានាបានបិទហាងរបស់ខ្លួនកាលពីខែតុលាដើម្បីតវ៉ាប្រឆាំងនឹងការឡើងថ្លៃតម្លៃទំនិញនិងសេវាកម្ម ស្របពេលដែលប្រជាពលរដ្ឋត្អូញត្អែរអំពីការចំណាយខ្ពស់លើការរស់នៅ។
ទំនុកចិត្តលើទីផ្សារមានកម្រិតទាបយ៉ាងខ្លាំង ស្របពេលដែលប្រទេសហ្គាណាចរចាជាមួយនឹងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីទទួលបានកិច្ចព្រមព្រៀងមួយដែលមានទឹកប្រាក់ ៣ ពាន់លានដុល្លារអាមេរិកដើម្បីជួយស្តារសេដ្ឋកិច្ចប្រទេសនេះឡើងវិញ។
លោក Ken Ofori-Atta រដ្ឋមន្ត្រីហិរញ្ញវត្ថុហ្គាណា ដែលត្រូវបានអ្នកតំណាងរាស្ត្រមួយចំនួនមកពីគណបក្សកាន់អំណាចអំពាវនាវឱ្យមានការដកលោកចេញពីតំណែង បានបង្ហាញផែនការថវិកាសម្រាប់ឆ្នាំ ២០២៣ នៅក្នុងសភាកាលពីចុងខែវិច្ឆិកាកន្លងទៅនេះ និងបានថ្លែងថាការធ្លាក់ចុះនៃតម្លៃប្រាក់ cedi របស់ប្រទេសហ្គាណានៅតែជាបញ្ហាដ៏ធំមួយ ខណៈដែលរដ្ឋាភិបាលព្យាយាមដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្នរបស់ប្រទេស។
លោក Ofori-Atta បានថ្លែងថា៖ «តម្រូវការនៅក្នុងការដោះដូររូបិយបណ្ណបរទេសដើម្បីគាំទ្រដល់តម្រូវការនាំចូលដែលមិនអាចគ្រប់គ្រងបានរបស់យើងបានធ្វើឱ្យតម្លៃប្រាក់ cedi ចុះខ្សោយ។ នេះរួមចំណែកដល់ការធ្វើឱ្យធ្លាក់ថ្លៃប្រាក់ cedi ដែលបានបាត់បង់តម្លៃប្រមាណ ៥៣,៨% ចាប់តាំងពីដើមឆ្នាំនេះមក។ បើធៀបទៅនឹងអត្រាធ្លាក់ចុះជាមធ្យមប្រចាំឆ្នាំនៃប្រាក់ cedi ដែលមានចំនួន ៧% នៅចន្លោះឆ្នាំ ២០១៧ និងឆ្នាំ ២០២១ ការធ្លាក់ចុះនាពេលបច្ចុប្បន្នក្នុងឆ្នាំនេះដែលធ្វើឱ្យទំនិញ និងសេវាកម្មឡើងថ្លៃខ្ពស់សម្រាប់មនុស្សគ្រប់គ្នា គឺជាការខាតបង់ដ៏ធំមួយ»។
នៅក្នុងផ្នែកមួយនៃវិធានការដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ លោក Ofori-Atta បានប្រកាសផ្អាកការលើកលែងពន្ធថ្មីសម្រាប់ក្រុមហ៊ុនបរទេស ពិនិត្យឡើងវិញលើការលើកលែងពន្ធសម្រាប់ក្រុមហ៊ុនរុករករ៉ែ ប្រេង និងឧស្ម័ន និងកាត់បន្ថយការរួមចំណែកផ្ដល់ប្រេងឥន្ធនៈដល់អ្នកដែលទទួលបានពីរដ្ឋាភិបាល។
លោក Daniel Amartey ដែលជាសេដ្ឋវិទូនៃអង្គការគំនិតផ្តួចផ្តើមគោលនយោបាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច (Policy Initiative for Economic Development (PIED)) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងអាក្រា ប្រទេសហ្គាណា បានថ្លែងថា ការកាត់បន្ថយការចំណាយនេះគឺជាសញ្ញាល្អ ប៉ុន្តែលោកចង់ឱ្យរដ្ឋាភិបាលផ្តោតបន្ថែមទៀតលើការបង្ការកុំឱ្យមានការបាត់បង់ប្រាក់នៅក្នុងប្រព័ន្ធ។
លោកAmartey បានថ្លែងថា៖ «អ្វីដែលអាចធ្វើបានប្រសើរពាក់ព័ន្ធនឹងការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលគឺការដោះស្រាយអំពើពុករលួយនៅក្នុងប្រព័ន្ធនិងការដោះស្រាយអំពើទុច្ចរិតផ្នែកហិរញ្ញវត្ថុ។ ដូច្នេះយើងគួរមានវិធីដោះស្រាយអំពើពុករលួយនិងបទល្មើសពាក់ព័ន្ធ។ រដ្ឋាភិបាលអាចនឹងបានត្រៀមខ្លួនរួចហើយក្នុងកាត់បន្ថយចំណាយ ប្រសិនបើបានផ្តល់អំណាចដល់ការិយាល័យរដ្ឋអាជ្ញាពិសេសក្នុងការដោះស្រាយបញ្ហាអំពើពុករលួយនិងបទល្មើសពាក់ព័ន្ធនោះ»។
ស្របពេលនេះដែរ លោកអនុប្រធានាធិបតី Mahamudu Bawumia បានប្រកាសតាម Facebook ថា ប្រទេសហ្គាណាកំពុងតាក់តែងគោលនយោបាយថ្មីដែលនឹងចូលជាធរមាននៅឆ្នាំក្រោយក្នុងការទិញប្រេងឥន្ធនៈដោយប្រើមាសជាជាងប្រាក់បម្រុងដុល្លារអាមេរិក ដែលនេះជាផ្នែកមួយនៃវិធានការរបស់រដ្ឋាភិបាលនៅក្នុងការពង្រឹងតម្លៃប្រាក់ cedi។
លោក Gideon Boako អ្នកនាំពាក្យរបស់លោកអនុប្រធានាធិបតី Bawumia បានពន្យល់អំពីដំណើរការនៃគោលនយោបាយនេះនៅក្នុងសារមួយផ្ញើមកកាន់ VOA ដោយបញ្ជាក់ថា «វាជាប្រតិបត្តិការរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល។ ផលប៉ះពាល់ខ្លាំងបំផុតលើទីផ្សារទិញលក់រូបិយបណ្ណបរទេសគឺបណ្ដាលមកពីការនាំចូលប្រេងឥន្ធនៈ។ នៅពេលអ្នកដោះស្រាយបញ្ហានេះ ស្ថានភាពនៃការទិញលក់រូបិយបណ្ណបរទេសនឹងមានភាពល្អប្រសើរ»។
លោកបានបន្ថែមទៀតថា៖ «រដ្ឋាភិបាលហ្គាណានឹងទិញមាសក្នុងស្រុកដោយប្រើប្រាក់ cedi តាមរយៈធនាគារហ្គាណា និងក្រោយមកយកមាសនោះទៅទិញប្រេងឥន្ធនៈពីប្រទេសអេមីរ៉ាតអារ៉ាប់រួម»។
លោក Amartey បានហៅគោលនយោបាយនេះថាមានលក្ខណៈច្នៃប្រឌិត។
លោក Amartey បញ្ជាក់ដូច្នេះថា៖ «វាជាការវិវឌ្ឍដ៏ល្អមួយ ហើយក្នុងរយៈពេលខ្លីបំផុត វាអាចនឹងជួយយើងដោះស្រាយបញ្ហាធ្លាក់ចុះនៃតម្លៃប្រាក់ cedi បាន។ ដូច្នេះយើងនឹងប្រើប្រាក់ដុល្លារអាមេរិកកាន់តែតិចសម្រាប់ការនាំចេញរបស់យើង»៕