ប្រទេសហ្គាណាបានប្រយុទ្ធប្រឆាំងអំពើពុករលួយជាយូរយារណាស់មកហើយ ដោយមានរឿងអាស្រូវនៅក្រោមរដ្ឋាភិបាលជាច្រើនហើយអំពើពុករលួយត្រូវបានគេមើលឃើញថាបានចាក់ឫសនៅទូទាំងសង្គម។ នៅក្នុងសន្ទស្សន៍ទស្សនរបស់អង្គការតម្លាភាពអន្តរជាតិឆ្នាំ២០១៩ បានឲ្យចំណាត់ថ្នាក់ប្រទេសហ្គាណា ស្ថិតនៅលំដាប់ទី៤១នៃបណ្តាប្រទេសទាំងអស់ចំនួន១០០ដែលស្ថិតនៅក្នុងចំណោមប្រទេស ស្អាតស្អំបំផុត។
ជាផ្នែកមួយនៃការសន្យាក្នុងយុទ្ធនាការឆ្នាំ២០១៦ ការិយាល័យរដ្ឋអាជ្ញាពិសេស បានត្រូវបង្កើតឡើងនៅឆ្នាំ២០១៨ ដោយរដ្ឋាភិបាលរបស់គណបក្សស្នេហារជាតិថ្មីនៅពេលបច្ចុប្បន្ននេះ។ ក្នុងចំណាត់ការមួយដែលត្រូវបានសរសើរយ៉ាងខ្លាំង ដែលរដ្ឋាភិបាលបានផ្តល់តួនាទីនេះដល់លោក Martin Amidu ដែលជាសមាជិកគណបក្សប្រឆាំង ក្រៅពីលោកត្រូវបានគេស្គាល់នៅក្នុងប្រទេសហ្គាណាថា ជាអ្នកធ្វើយុទ្ធនាការដ៏ខ្លាំងប្រឆាំងអំពើពុករលួយផងនោះ។
ក៏ប៉ុន្តែ នៅសប្តាហ៍នេះ លោក Amidu បានលាចេញពីតំណែង បន្ទាប់ពីបានបញ្ជូនរបាយការណ៍មួយអំពីផែនការរបស់រដ្ឋាភិបាលលក់សិទ្ធិគ្រប់គ្រងប្រាក់ចំណូលពីអាជីវកម្មរ៉ែមាសរបស់ជាតិស្ទើរតែទាំងស្រុងទៅឲ្យក្រុមហ៊ុនAgyapa Royalties Limited ជាក្រុមហ៊ុនពិសេសផ្នែកហិរញ្ញវត្ថុដែលបានចុះបញ្ជីនៅដែនកោះស្វ័យភាព Jersey របស់អង់គ្លេស។
ភាគហ៊ុនចំនួន៤៩ភាគរយរបស់ក្រុមហ៊ុន Agyapa Royalties បានត្រូវលក់ទៅឲ្យផ្សារភាគ ហ៊ុនក្រុងឡុងដ៍។ គំនិតនៃកិច្ចព្រមព្រៀងនោះគឺថា ប្រទេសហ្គាណា នឹងទទួលបានសាច់ប្រាក់សុទ្ធនៅពេលឥឡូវនេះ គឺមិនមែនប្រាក់ចំណូល ចេញពីការធ្វើអាជីវកម្មនៅថ្ងៃអនាគតទេ។
ក៏ប៉ុន្តែ ពលរដ្ឋហ្គាណាជាច្រើន បានរិះគន់កិច្ចព្រមព្រៀងនោះនិងពីរបៀបដែលកិច្ចព្រមព្រៀងត្រូវបានបង្កើត ដោយបានចោទប្រកាន់ចំពោះរឿងបក្ខពួកនិយម ទំនាស់ផលប្រយោជន៍និងគ្មានតម្លាភាព។
របាយការណ៍របស់លោក Amidu បានលើកឡើងពីលទ្ធភាពនៃ«ការដេញថ្លៃមិនសុចរិត»និងលំហូរហិរញ្ញវត្ថុខុសច្បាប់»។ លោក Amidu បាននិយាយថា លោកបានលាចេញពីតំណែងពីព្រោះតែ លោកប្រធានាធិបតី Nana Akufo-Addo បានព្យាយាមជ្រៀតជ្រែកនៅក្នុងរបាយ ការណ៍នេះ ដែលជាបញ្ហាត្រូវប្រធានាធិបតីបានបដិសេធ។ លោក Amidu ក៏បាននិយាយដែរថា ការិយាល័យរបស់លោក មិនត្រូវបានគេផ្តល់ធនធានគ្រប់គ្រាន់ដល់លោកដើម្បីធ្វើការស៊ើបអង្កេតទេ។ ការចោទប្រកាន់នេះ ក៏ត្រូវបានច្រានចោលដែរ។
លោក Patrick Stephensonជាអ្នកជំនាញខាងអភិបាលកិច្ច បាននិយាយថា ការលាចេញពីតំណែងនេះ បានឆ្លុះបញ្ចាំងឃើញថាសមត្ថភាពរដ្ឋាភិបាលនិងទស្សនក្តីមានភាពទន់ខ្សោយ ចំពោះឆន្ទៈដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
ថ្វីបើមានក្តីសង្ឃឹមខ្ពស់ភ្ជាប់ទៅនឹងការិយាល័យថ្មីនេះនៅឆ្នាំ២០១៨ក៏ដោយ លោក Stephenson បាននិយាយថា ការិយាល័យនេះឥឡូវនេះ បានចូលរួមក្នុងចំណាត់ថ្នាក់បរាជ័យ ដូចស្ថាប័នផ្សេងទៀតរបស់ហ្គាណាក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយដ៏សំខាន់នោះផងដែរ។
លោក Patrick Stephenson បានថ្លែងថា៖
«ការណ៍នេះ បង្ហាញថាហ្គាណាតាំងចិត្តតិចតួចដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយទោះជាមានការបង្កើតស្ថាប័នបន្ថែមមែនក្តី។ វាបង្ហាញថា ហ្គាណាកំពុងធ្វើឲ្យអន្តរាយច្បាប់និងបទបញ្ញតិ្ត ក្នុងពេលដែលបុគ្គលទាំងឡាយនិងឥស្សរជនជាក់លាក់ទាំងនេះ នៅតែពាក់ព័ន្ធ ហើយការណ៍នេះឆ្លុះបញ្ចាំង ពីការមិនគិតគូរចំពោះពលរដ្ឋហ្គាណា ទាក់ទងនឹងការតាំងចិត្តប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលនេះមិនត្រឹមតែរដ្ឋាភិបាលនេះទេ ក៏ប៉ុន្តែរដ្ឋាភិបាលផ្សេងទៀតដែរ»។
លោកស្រី Beauty Emefa Narteh លេខាធិការប្រតិបត្តិនៃអង្គការសម្ព័ន្ធប្រឆាំងអំពើពុករលួយរបស់ហ្គាណា ក៏មានការព្រួយបារម្ភអំពីការលាលែងពីតំណែងដែលនឹងសំដៅទៅលើឆន្ទៈរបស់សង្គមដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនេះដែរ។ លោកស្រី បានថ្លែងថា៖
«ពលរដ្ឋនៅពេលនេះ បានធ្វើការសន្និដ្ឋានថា ប្រសិនបើ លោក Martin Amidu ជារដ្ឋអាជ្ញាពិសេសមិនអាចប្រយុទ្ធប្រឆាំងអំពើពុករលួយ បន្ទាប់មកថាតើអ្វីនឹងក្លាយជាគ្រឿងលើកទឹកចិត្តឬការជំរុញលើកទឹកចិត្តសម្រាប់ពលរដ្ឋដែលចង់ចូលរួមនៅក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនោះឬទេ? ពួកគេ នឹងយល់ថា បញ្ហានេះមានភាពស្មុគ្រស្មាញ ពួកគេ នឹងមើលឃើញបញ្ហានេះថាជាការគ្រោះថ្នាក់»។
នៅក្នុងការបោះឆ្នោតឆ្នាំ២០១៦ អំពើពុករលួយជាប្រធានបទដ៏សំខាន់នៃយុទ្ធនាការឃោសនាបោះឆ្នោត ដោយគណបក្សNPP បានចង្អុលបង្ហាញដល់រឿងអាស្រូវនិងការចោទប្រកាន់ជាច្រើននៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី John Mahama។ នៅឆ្នាំនេះ លោក Mahama និងគណបក្សប្រជាធិបតេយ្យជាតិរបស់លោក កំពុងព្យាយាមឲ្យបានអំណាចមកវិញ។ លោក Kobi Annan មកពីក្រុមផ្តល់យោបល់ស្តីពីហានិភ័យ Songhai Advisory បាននិយាយថា ពួកអ្នកបោះឆ្នោតត្រូវតែប្រើឱកាសនេះដើម្បីឆ្លុះបញ្ចាំងប្រវត្តិត្រឹមត្រូវរបស់គណបក្សទាំង២។
«ជាការពិតគឺថា ពួកគេ ពិនិត្យមើលរដ្ឋបាលមុនៗហើយមើលឃើញអ្វីដែលរដ្ឋបាលទាំងនោះបានធ្វើ និងសម្រេចថាតើបញ្ហានេះនឹងមានភាពប្រសើរឡើងដែរឬទេ។ យើងកំពុងស្ថិតនៅក្នុងជំហរពិសេសមួយ ដែលយើងអាចធ្វើការប្រៀបធៀបអំពីភាពផ្ទុយគ្នាសឹងតែដោយផ្ទាល់ គឺមានន័យថាយើងកំពុងប្រៀបធៀបការដឹកនាំនៅឆ្នាំ២០១២ ដល់ឆ្នាំ២០១៦ និងឆ្នាំ២០១៦ ដល់ ឆ្នាំ២០២០»។
លោក Annanរំពឹងថា ពួកអ្នកបោះឆ្នោត នឹងសឹងតែប្រាកដថានឹងបោះឆ្នោតលើបញ្ហានានាដែលពួកគេមើលឃើញថាបានប៉ះពាល់ពួកគេផ្ទាល់ៗ ដូចជាការសិក្សាអប់រំនិងការឆ្លើយតបចំពោះជំងឺកូវីដ១៩៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន