ជាទូទៅ នៅយប់ថ្ងៃសុក្រ ក្នុងទីក្រុង Abidjan អ្នកទៅទស្សនាខែ្សភាពយន្តជាញឹកញាប់ត្រូវជ្រើសរើសរវាងខ្សែភាពយន្តខ្នាតធំរបស់អាមេរិក ឬរឿងកំប្លែងបារាំង ដែលចាក់បញ្ជាំងក្នុងរោងកុនមួយក្នុងចំណោមរោងភាពយន្ដទាំងបីនៅក្នុងក្រុង។
ប៉ុន្តែយប់នេះខ្សែភាពយន្ដអាហ្វ្រិកខាងត្បូងដែលបានទទួលពានរង្វាន់រឿង «យុវជនក្រវ៉ាត់ក» (Necktie Youth) ក៏ត្រូវបានចាក់បញ្ចាំងផងដែរ។
ខ្សែភាពយន្ត ស-ខ្មៅនេះគឺជារឿងនិទានដើមនិយាយអំពីយុវជនអាហ្វ្រិកខាងត្បូងដែលបានទទួលរងការធ្វើបាប។
លោក Bienvenu ដែលជាទស្សនិកជនមួយរូប បាននិយាយថា លោកចូលចិត្តខ្សែភាពយន្ដនេះ។
លោកបាននិយាយថា «ខ្ញុំចូលចិត្តមិត្ដភាពដែលខុសជាតិសាសន៍នៅក្នុងរឿងនេះ វាជាការចាប់ផ្តើមដ៏ល្អមួយសម្រាប់អាហ្រ្វិកខាងត្បូង។»
លោក Bienvenu ធំឡើងនៅក្នុងទីក្រុង Kinshasa ដោយមើលភាពយន្តអាមេរិកនិងបារាំងជាច្រើន។ លោកនិយាយថា មិនមានខ្សែភាពយន្តក្នុងស្រុកច្រើនទេ។
«ខ្ញុំអាចរាប់នឹងម្រាមដៃខ្ញុំបានដើម្បីបង្ហាញពីចំនួនខ្សែភាពយន្ដកុងហ្គោដែលខ្ញុំបានមើលទេ។ ខ្ញុំចង់ឱ្យយើងបើកទូលាយនៅក្នុងពិភពលោក ប៉ុន្តែ ខ្ញុំចង់លើកកម្ពស់ភាពយន្តអាហ្វ្រិកផងដែរ។ យើងមានតារាសម្ដែងច្រើន មានខ្សែភាពយន្ដច្រើន ប៉ុន្តែមានធនធានតិចតួច គ្មានទីផ្សារ ហើយមិនមានអ្នកស្គាល់»។
ដើម្បីដោះស្រាយបញ្ហានេះ លោក Steven Markovitz ផលិតករអាហ្រ្វិកខាងត្បូង បានបង្កើតបណ្តាញចាក់ផ្សាយរឿងអាហ្វ្រិក ឬ ASN នៅដើមឆ្នាំនេះដោយមានជំនួយផ្នែកហិរញ្ញវត្ថុពីវិទ្យាស្ថាន Goethe របស់ប្រទេសអាល្លឺម៉ង់។ បណ្តាញនេះ មានគោលបំណងដើម្បីលើកកម្ពស់ខ្សែភាពយន្តអាហ្វ្រិកទៅទស្សនិកជនអាហ្រ្វិក និងចែកចាយរឿងក្នុងស្រុកកាន់តែច្រើននៅទូទាំងទ្វីបនេះ។
អ្នកគ្រប់គ្រង ASN លោក Khanyo Mjamba បានពន្យល់ថា៖
«ផលិតករមួយចំនួន ប្រហែលជាមិនមានថវិកាដើម្បីចែកចាយខ្សែភាពយន្តដោយខ្លួនឯងទេ ព្រោះប្រសិនបើអ្នកជាអ្នកចែកចាយនៅអាហ្វ្រិកខាងត្បូង អ្នកប្រហែលជាមិនស៊ាំជាមួយស្ថានភាពនៅប្រទេសនីហ្សេរីយ៉ានិងការដែលអាចបញ្ជូលខ្សែភាពយន្តរបស់អ្នក ទៅក្នុងទីផ្សារនោះរបៀបណាទេ»។
លោក Mjamba បានពន្យល់ថា បច្ចុប្បន្ននេះ ការជ្រើសរើសខ្សែភាពយន្ដដែលឈ្នះពានរង្វាន់ចំនួនប្រាំមួយ ពីប្រទេសកេនយ៉ា ស៊ូដង់ កូតឌីវ័រ និងអាហ្រ្វិកខាងត្បូង ត្រូវបានបញ្ជាំងក្នុងរោងកុនដែលបង់លុយសម្រាប់ការចាក់បញ្ជាក់ ហើយដែលត្រូវចែកជាពីរចំណែក រវាងក្រុមហ៊ុនផលិតកម្ម និងASN។
«ការយកថ្លៃបញ្ចាំងនេះ អាចជាបញ្ហាប្រឈមមួយ ដោយមានកន្លែងមួយចំនួន ជាពិសេស កន្លែងតូចៗមិនសូវមានរឿងបញ្ចាំងច្រើន»។
ប៉ុន្តែ លោក Mjamba បាននិយាយថា កន្លែងបញ្ជាំងភាគច្រើនយល់ពីតម្រូវការក្នុងការដាក់បញ្ចាំងរឿងអាហ្រ្វិក ទោះបីជាពួកគេទទួលបានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុតិចតួចនៅដំណាក់កាលដំបូងនេះក៏ដោយ។
លោក Mjamba និយាយថា ពួកគេមានគោលបំណងបង្ហាញរឿងល្អបំផុតនៃវិស័យភាពយន្តអាហ្វ្រិក។
«ខ្សែភាពយន្តដែលអ្នកផលិតភាពយន្តបានមើលហើយបានជំរុញលើកទឹកចិត្តឲ្យពួកគេនិយាយថា អ្ហេ! ខ្ញុំក៏អាចផលិតខ្សែភាពយន្ដដូច្នេះបានដែរ ខ្ញុំហ៊ានធ្វើខ្សែភាពយន្ដមួយដែលមិនទាន់បានផលិតនៅឡើយ។»
រហូតមកដល់ពេលនេះ មានការបញ្ជាំងប្រហែល២០ដង ក្នុងប្រទេសចំនួន១៦ ត្រូវបានរៀបចំចាក់បញ្ចាំង។ ASN សង្ឃឹមថានឹងឈានដល់៣០ នៅចុងឆ្នាំនេះ៕
ប្រែសម្រួលដោយ៖ ឆាយ គីមហ៊ង