អាល្លឺម៉ង់រាយការណ៍ពីការបន្តធ្លាក់ចុះករណីជំងឺកូវីដ១៩ថ្មី

រូបឯកសារ៖ ជាងកាត់សក់ម្នាក់កាត់សក់ឲ្យអតិថិជន ដែលមានពាក់ម៉ាស់ដូចគ្នា នៅហាងកាត់សក់មួយក្នុងក្រុង Dortmund ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០។

នាយកវិទ្យាស្ថានត្រួតត្រាជំងឺឆ្លងរបស់ប្រទេសអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា អត្រានៃការឆ្លងជំងឺកូវីដ១៩ថ្មីនៅក្នុងប្រទេសអាល្លឺម៉ង់បន្តធ្លាក់ចុះ ក៏ប៉ុន្តែបាននិយាយទៀតថា ទំនងនឹងមានការផ្ទុះឡើងនូវការឆ្លងលើកទី២ ឬអាចលើកទី៣។

លោក Lothar Wieler នាយកវិទ្យាស្ថាន Robert Koch បាននិយាយជាមួយពួកអ្នកយកព័ត៌មាននៅក្នុងសន្និសីទកាសែតវីដេអូក្នុងទីក្រុងប៊ែរឡាំងថា ក្នុងរយៈពេល៣ឬ៤ថ្ងៃចុងក្រោយនេះមានតែពី៧រយទៅ១ពាន់៦រយករណីថ្មីក្នុងមួយថ្ងៃត្រូវបានរាយការណ៍ ដែលបានបង្ហាញថា អត្រានៃការឆ្លងបន្តធ្លាក់ចុះដែលលោក បានហៅថា «ជាព័ត៌មានដ៏ល្អបំផុតមួយ»។

លោក Wieler បាននិយាយទៀតថា ចំនួនមនុស្សដែលបានឆ្លងដោយមនុស្សម្នាក់មានមេរោគកូរ៉ូណាគឺ ០,៧១។

ក៏ប៉ុន្តែលោកបានព្រមានថា វាជាលក្ខណៈនៃមេរោគរាតត្បាតដែលមានសកម្មភាពដែលឆ្លងមនុស្សពី៦០ទៅ៧០ភាគរយ។ ដោយហេតុដូច្នេះហើយបានជាលោក និយាយថា «មានភាពប្រាកដប្រជាយ៉ាងខ្លាំងក្នុងចំណោមពួកអ្នកវិទ្យាសាស្រ្តថា នឹងមានការផ្ទុះឡើងលើកទី២។ ហើយអ្នកវិទ្យាសាស្រ្តជាច្រើនក៏បានសន្មតជាមុនថា នឹងមានការផ្ទុះឡើងលើកទី៣ដែរ»។

លោក Wieler បាននិយាយទៀតថា អាល្លឺម៉ង់នឹងត្រូវប្រុងប្រៀបទុកជាមុនឲ្យកាន់តែប្រសើរសម្រាប់ការផ្ទុះឡើងនូវជំងឺរាតត្បាតកូវីដ១៩លើកទី២ ដោយអាស្រ័យថាតើចាត់វិធានការបានខ្លាំងប៉ុន្មាន។ លោកបាននិយាយបន្តទៀតថា ពួកគេ កំពុងបង្កើតការអនុវត្តតាមទូរស័ព្ទស្មាតហ្វូនដើម្បីតាមដានមនុស្សណាដែលបានទាក់ទងជាមួយមនុស្សដែលបានធ្វើតេស្តមានមេរោគកូរ៉ូណាវិជ្ជមាន ការណ៍នេះ នឹងជួយនៅក្នុងការត្រួតត្រាការរាលដាលនៃមេរោគនេះ។

ប្រទេសអាល្លឺម៉ង់កំពុងបន្ធូបន្ថយការរឹតត្បិតឲ្យនៅឃ្លាតពីគ្នានិងសេដ្ឋកិច្ចខ្លះដែលខ្លួនបានធ្វើកាលពីខែមីនាដើម្បីត្រួតត្រាការរាលដាលនៃមេរោគកូរ៉ូណានេះ៕