អាល្លឺម៉ង់​បន្ត​វិធានការ​រក្សា​គម្លាត​ពី​គ្នា​ក្នុង​សង្គម​ដល់​ថ្ងៃ​ទី​១០​ ខែ​ឧសភា

  • ​Reuters

រូបឯកសារ៖ មនុស្សជាច្រើនានាក់ សម្រាកលំហែកាយនៅមុខទន្លេក្នុងទីក្រុង Cologne ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បើទោះបីជាមានបញ្ជាឲ្យពលរដ្ឋរក្សាគម្លាតពីគ្នាដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាក្តី។

វិធានការ​ដាក់​ឲ្យ​ពលរដ្ឋ​រក្សា​គម្លាត​ពី​គ្នា​ក្នុង​សង្គមត្រូវ​អាជ្ញាធរ​ប្រទេស​អាល្លឺម៉ង់​ពន្យារ​ដល់​ថ្ងៃ​ទី​ ១០​ ខែ​ឧសភា នេះ​បើ​តាមនាយក​ខុទ្ទកាល័យ​របស់​អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel ដែល​បាន​ថ្លែង​នៅ​មុន​កិច្ច​ប្រជុំ​រដ្ឋាភិបាល​មួយ ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដើម្បី​ពិនិត្យ​វិធានការ​នេះ​ឡើង​វិញ។

លោក​ស្រី​ Merkel និង​មេដឹកនាំ​រដ្ឋ​នានា​របស់​អាល្លឺម៉ង់​ ក៏​នឹង​ពិភាក្សា​អំពី​សំណើ​បើក​សាលារៀន​ និងកន្លែង​មើល​កូន​ក្មេង និង​ការ​បើក​ព្រឹត្តិការណ៍​កីឡា​ឡើង​វិញ ប៉ុន្តែ​ពួក​គេ​នៅ​រង់​ចាំ​ទិន្នន័យ​នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា ​ខាង​មុខ ដែល​នឹង​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​បន្ធូរបន្ថយ​កន្លង​មក​ មាន​ផលប៉ះពាល់​យ៉ាង​ណា​មុន​នឹង​សម្រេច​តទៀត។

ប្រទេស​អាល្លឺម៉ង់​ កាល​ពី​សប្តាហ៍​មុន​ បាន​ចាប់​ផ្តើម​បន្ធូរ​បន្ថយ​ការ​បិទ​សកម្មភាព​ក្នុងប្រទេស​ នៅ​ពេល​ហាង​មួយ​ចំនួន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​បើក​ឡើង​វិញ​ ដរាប​ណា​ពួក​គេ​ធានា​ការ​អនុវត្ត​ការ​រក្សា​គម្លាត​ពី​គ្នា​ ប៉ុន្តែ​លោកស្រី Merkel និង​ទី​ប្រឹក្សា​បារម្ភ​ថា​ ការ​ឆ្លង​វីរុស​អាច​កើន​ឡើង​វិញ​ជា​លទ្ធផល។

វិទ្យាស្ថាន​ Robert Koch សម្រាប់​ជំងឺ​ឆ្លង​របស់​អាល្លឺម៉ង់​ និយាយ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា អត្រា​ការ​ចម្លង​របស់​វីរុស​កូរ៉ូណា​មាន​ការ​ថយ​ចុះ​ដោយ​មាន​អត្រា​មធ្យម ០,៧៦។

រដ្ឋ​ទាំង​ ១៦​ របស់​អាល្លឺម៉ង់​បាន​យល់​ព្រម​ កាល​ពី​ថ្ងៃ​អង្គារ​ ថា​ សាលារៀននឹង​បើក​គ្រប់​ថ្នាក់​ឡើង​វិញ​ត្រឹម​វិសមកាល​ពាក់​កណ្តាល​ឆ្នាំ​នេះ ប៉ន្តែ​កូនសិស្ស​ត្រូវ​រៀន​ជា​ក្រុម​តូចៗ។ ហាង​ដែល​មាន​ទំហំ​រហូត​ដល់​៨០០​ម៉ែត្រ​ការ៉េ​ អាច​ឲ្យ​បើក​ឡើង​វិញ ប៉ុន្តែ​ត្រូវ​អនុវត្ត​ការ​រក្សា​គម្លាតពី​គ្នា។

មក​ទល់​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រទេស​អាល្លឺម៉ង់​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណាប្រភេទ​ថ្មី​កើន​ឡើង​ដល់​ជាង​ ១៦១.០០០​ ករណី​ ដោយ​មាន​អ្នក​ស្លាប់​សរុប​ពី​ជំងឺ​កូវីដ១៩ ចំនួន ​៦.៤៦៧​ នាក់៕