អាជ្ញាធរក្នុងប្រទេសអាល្លឺម៉ង់ និងហូឡង់ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះអំពីការចាប់ខ្លួនមនុស្សចំនួន៩នាក់មកពីតំបន់អាស៊ីកណ្តាល ដែលត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការវាយប្រហារទីតាំងសំខាន់ៗ។
រដ្ឋអាជ្ញាអាល្លឺម៉ង់ និយាយថាមនុស្សចំនួន៧នាក់ក្នុងចំណោមនោះ ត្រូវបានចាប់ខ្លួននៅរដ្ឋ North Rhine-Westphalia ប៉ែកខាងលិចអាល្លឺម៉ង់ ជាប់ព្រំដែនជាមួយហូឡង់។ ពួកគេមកពីប្រទេសតួកម៉េនីស្ថាន តាហ្ស៊ីគីស្ថាន និងកៀហ្ស៊ីស៊ីស្ថាន។
ក្រុមនេះចូលទៅអាល្លឺម៉ង់ តាមប្រទេសអ៊ុយក្រែន មិនយូរប៉ុន្មានក្រោយពីរុស្ស៊ី បានបើកការឈ្លានពាន។ ក្រុមរដ្ឋអាជ្ញានិយាយថា ពេលក្រុមនេះមិនទាន់មានផែនការច្បាស់លាស់សម្រាប់វាយប្រហារទេដោយពួកគេបានពិនិត្យគោលដៅដែលមានសក្តានុពលហើយព្យាយាមរកអាវុធ។
ជនសង្ស័យទាំងអស់លើកលែងតែម្នាក់ដែលត្រូវបានចាប់ខ្លួននៅអាល្លឺម៉ង់ ក៏បានប្រមូលលុយឲ្យក្រុមរដ្ឋឥស្លាមនិងវេរប្រាក់ឲ្យក្រុមសកម្មប្រយុទ្ធនៅបរទេសផងដែរ។ នេះបើយោងតាមរដ្ឋអាជ្ញា។
អាជ្ញាធរហូឡង់ និយាយថាមនុស្សពីរនាក់ដែលត្រូវចាប់ខ្លួននៅហូឡង់ មានទំនាក់ទំនងជាមួយក្រុមនៅអាល្លឺម៉ង់នេះដែរ ហើយថាម្នាក់ក្នុងចំណោមអ្នកទាំងពីរត្រូវបានសង្ស័យថាជាសមាជិកក្រុមរដ្ឋឥស្លាមនិងទទួលបញ្ជាឲ្យរៀបចំផែនការវាយប្រហារ៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះ មានប្រភពពីទីភ្នាក់ងារសារព័ត៌មាន The Associated Press និង Reuters។