រដ្ឋមន្ត្រី​ការពារ​ជាតិ​អាល្លឺម៉ង់​សន្យា​គាំទ្រ​អ៊ុយក្រែន​បន្ថែម​ទៀត

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាល្លឺម៉ង់​លោក Boris Pistorius (ស្តាំ) និង​លោក​វរសេនីយ៍ឯក Hennadiy Kovalenko បន្ទាប់ពី​លោក​បាន​ដាក់​ផ្កា​នៅ​កន្លែង​​រំឭក​វិញ្ញាណក្ខន្ធ​«វីរបុរស Maidan‍» នៅ​ទីលាន Maidan ក្នុង​ទីក្រុងកៀវ នៅ​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

មន្ត្រី​មួយ​រូប​មកពី​ប្រទេស​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​មួយ​ទៀត​បាន​ធ្វើ​ទស្សនកិច្ច​ដ៏​ភ្ញាក់ផ្អើល​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​អង្គារ​នេះ ​ក្នុង​ពេល​ដែលកងទ័ព​រុស្ស៊ី​បាន​បន្ត​វាយ​ប្រហារ​ដោយ​មីស៊ីល​និង​ដ្រូន​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​របស់​អ៊ុយក្រែន។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាល្លឺម៉ង់​លោក Boris Pistorius បាន​ធ្វើ​ដំណើរ​ទៅ​ដល់​រដ្ឋធានី​កៀវ​មួយ​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ទី​នោះ។

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ទាំង​ពីរ​បាន​និយាយ​ថា ប្រទេស​ទាំងពីរនឹង​ជួយ​អ៊ុយក្រែន​ក្នុង​អំឡុង​រដូវ​រងា​ខាង​មុខ​នេះ​ដែល​អាច​ប្រែប្រួល​និង​ត្រូវ​គេ​រំពឹង​ថា​មាន​រយៈពេល​វែង​និង​ត្រជាក់។

ប្រទេស​អាល្លឺម៉ង់​គឺ​ជា​ប្រទេស​ផ្គត់ផ្គង់​ជំនួយ​យោធា​ធំ​បំផុត​ទី​ពីរ​ឱ្យ​ប្រទេស​អ៊ុយក្រែន​បន្ទាប់ពី​សហរដ្ឋ​អាមេរិក។

ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ​របស់​លោក Pistorius ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​នេះ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​អ៊ុយក្រែន​ប្រារព្ធ​ទិវា​បះបោរ​គាំទ្រ​ប្រជាធិបតេយ្យ​ខែ​វិច្ឆិកា​ឆ្នាំ ២០១៣ របស់​ខ្លួន។

លោក Pistorius បាន​និយាយ​នៅ​ពេល​លោក​ដាក់​ផ្កា​នៅ​ទីលាន Maidan នៅ​កណ្ដាល​ទីក្រុង​កៀវ​ថា៖ «ខ្ញុំ​មក​ទី​នេះ​ម្ដង​ទៀត​ហើយ ដោយ​ដំបូង​សន្យា​ផ្ដល់​ការ​គាំទ្រ​បន្ថែម​ទៀត ប៉ុន្តែ​ក៏​ចង់​បង្ហាញ​នូវ​សាមគ្គីភាព​និង​ទំនាក់ទំនង​ជ្រាលជ្រៅ​របស់​យើង​ក៏​ដូចជា​ការ​គោរព​របស់​យើង​ចំពោះ​ការ​ប្រយុទ្ធ​ដ៏​អង់អាច​ក្លាហាន​និង​ខាតបង់​យ៉ាង​ច្រើន​ដែល​កំពុង​កើត​ឡើង​នៅ​ទីនេះ​ផង​ដែរ»។

ប្រធានាធិបតី​អ៊ុយក្រែន​បាន​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃ​អង្គារ​នេះ​ដោយ​ភ្ជាប់​បាតុកម្ម​ឆ្នាំ ២០១៣ ដែល​ជា​បាតុកម្ម​មាន​រយៈពេល​រាប់​ខែ ជាមួយ​នឹង​សង្គ្រាម​របស់​អ៊ុយក្រែន​ជាមួយ​នឹង​រុស្ស៊ី​នៅ​ពេល​នេះ។

ស្រប​ពេល​នេះ​ដែរ រុស្ស៊ី​នៅ​បន្ត​ធ្វើ​ការ​វាយ​ប្រហារ​ខ្លាំងក្លា​លើ​អ៊ុយក្រែន​ដោយ​ប្រើ​ដ្រូន​និង​មីស៊ីល ដោយ​បាន​បំផ្លាញ​មន្ទីរពេទ្យ​មួយ​កន្លែង អគារ​មួយ​ខ្នង​នៅ​អណ្ដូង​រ៉ែ​មួយ​កន្លែង និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ផ្សេង​ទៀត៕