មហាគណៈវិនិច្ឆ័យពិសេសនៅក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក ដែលបានស៊ើបអង្កេតថា តើអតីតប្រធានាធិបតីលោក Donald Trump និងសម្ពន្ធមិត្តរបស់លោក ពិតជាបានប្រព្រឹត្តបទឧក្រិដ្ឋណាមួយដែរឬអត់ នៅពេលដែលលោកបានព្យាយាមប្តូរលទ្ធផលឆ្នោតដែលលោកបានចាញ់ក្នុងរដ្ឋ Georgia កាលពីឆ្នាំ២០២០ បានបញ្ចប់កិច្ចការរបស់ខ្លួនហើយ។
ចៅក្រមសាលាដំបូងក្នុងស្រុក Fulton លោក Robert McBurney ដែលមើលការខុសត្រូវលើមហាគណៈវិនិច្ឆ័យនេះ បានចេញសេចក្តីសម្រេចមួយកាលពីថ្ងៃចន្ទដោយរំលាយមហាគណៈវិនិច្ឆ័យពិសេសនេះ។ សេចក្តីសម្រេច២ទំព័រ សរសេរថា មហាគណៈវិនិច្ឆ័យបានបញ្ចប់របាយការណ៍ចុងក្រោយរួចហើយ ហើយថា ចៅក្រមភាគច្រើននៃសាលាដំបូងក្នុងស្រុកនេះ បានបោះឆ្នោតសម្រេចរំលាយមហាគណៈវិនិច្ឆ័យពិសេសនេះ។
ការបញ្ចប់កិច្ចការរបស់មហាគណៈវិនិច្ឆ័យពិសេសនេះ បានរុញការស៊ើបអង្កេតមួយជំហានទៀតទៅកាន់តែកៀកនឹងការចោទប្រកាន់ពីបទល្មើលព្រហ្មទណ្ឌដែលអាចទៅរួច ទៅលើលោក Trump និងអ្នកផ្សេងទៀត។ សេចក្តីសម្រេចថាតើនឹងមានការចោទប្រកាន់ផ្លូវការពីគណៈវិនិច្ឆ័យទូទៅដែរឬអត់នោះ នឹងអាស្រ័យទៅលើរដ្ឋអាជ្ញាស្រុក Fulton អ្នកស្រី Fani Willis។
ក្នុងពេលប្រហែល៦ខែ មហាគណៈវិនិច្ឆ័យពិសេស បានបើកសវនាការស្តាប់កសិណសាក្សីរាប់សិបនាក់រួមទាំងមនុស្សស្និទ្ធនឹងជំនួយការលោក Trump និងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀតនៅរដ្ឋ Georgia ផងដែរ។
សំណុំរឿងនេះស្ថិតក្នុងចំណោមសំណុំរឿងជាច្រើនទៀតនៅទូទាំងប្រទេសដែលគំរាមកំហែងផ្លូវច្បាប់ទៅលើអតីតប្រធានាធិបតីលោក Donald Trump ពេលដែលលោកស្វះស្វែងរកកាន់តំណែងអាណត្តិទី២នៅឆ្នាំ២០២៤។
មហាគណៈវិនិច្ឆ័យពិសេសនៅរដ្ឋ Georgia មិនអាចចោទប្រកាន់ផ្លូវការបានទេ តែអាចចេញរបាយការណ៍ចុងក្រោយដែលផ្តល់អនុសាសន៍អំពីចំណាត់ការដែលត្រូវធ្វើបាន៕
ក្រុង Atlanta សហរដ្ឋអាមេរិក —