ក្រុមគ្រួសារ និងមិត្តភក្តិមានគម្រោងគោរពវិញ្ញាណក្ខន្ធលោក George Floyd ក្នុងពិធីបុណ្យឯកជននៅថ្ងៃអង្គារនេះនៅក្នុងទីក្រុង Houston សហរដ្ឋអាមេរិក ២សប្តាហ៍បន្ទាប់ពីការស្លាប់របស់លោកនៅក្នុងការឃុំឃាំងរបស់ប៉ូលិសបានជំរុញឲ្យមានការបន្តប្រឆាំងតវ៉ាអំពើព្រៃផ្សៃរបស់ប៉ូលិសនៅក្នុងទីក្រុងជាច្រើនទូទាំងប្រទេស។
បន្ទាប់ពីពិធីបុណ្យសពមក ប៉ូលិសក្រុង Houston នឹងដង្ហែពិធីបុណ្យសពនោះទៅកាន់ទីក្រុង Pearland នៅក្បែរនោះជាទីកន្លែងដែលលោក Floyd នឹងត្រូវបញ្ចុះនៅជាប់នឹងផ្នូរម្តាយរបស់គាត់។
សាលាក្រុង Houston បានបំភ្លឺភ្លើងពណ៌ក្រហម និងមាសនៅយប់ថ្ងៃចន្ទ ដែលជាពណ៌របស់វិទ្យាល័យដែលលោក Floyd បានចូលរៀននៅក្នុងការរំឭកអនុស្សាវរីយ៍ពីជីវិតរបស់លោក។ ទីក្រុងផ្សេងទៀតបានចូលរួមការខំប្រឹងប្រែងនេះដែរ ដោយភ្លើងពណ៌ក្រហម និងពណ៌មាសបានបំភ្លឺនៅសាលាក្រុងក្នុងទីក្រុង Los Angeles ទីក្រុង Boston ទីក្រុង Oakland ទីក្រុង Las Vegas ទីក្រុងញូវយ៉ក និងទីកន្លែងផ្សេងទៀត។
សាធារណជនបានមានឱកាសគោរពវិញ្ញាណក្ខន្ធលោកកាលពីថ្ងៃចន្ទ នៅពេលដែលមនុស្សរាប់ពាន់នាក់បានឆ្លងកាត់ដើម្បីមើលក្តារមឈូសបើកគម្របដាក់សពលោក Floyd នៅព្រះវិហារ Fountain of Praise។ ពិធីបុណ្យក៏ត្រូវបានធ្វើនៅសប្តាហ៍មុននៅក្នុងទីក្រុងមីនីអាប់ប៉ូលីស និងទីក្រុង Raeford រដ្ឋ North Carolina នៅជិតទីកន្លែងដែលលោក Floyd បានកើត។
លោក Greg Abbott អភិបាលរដ្ឋតិចសាសខាងគណបក្សសាធារណរដ្ឋបានស្ថិតនៅក្នុងចំណោមអ្នកដែលគោរពវិញ្ញាណក្ខន្ធលោក Floyd កាលពីថ្ងៃចន្ទដែរ។ លោកអភិបាលរដ្ឋបានប្រាប់ពួកអ្នកយកព័ត៌មាននៅខាងក្រៅវិហារគ្រិស្តសាសនាថា លោក នឹងដាក់បញ្ចូលបញ្ហាគ្រួសាររបស់លោក Floyd ក្នុងការពិភាក្សាការធ្វើកំណែទម្រង់របស់ប៉ូលិស៕