បន្ទាប់ពីមានការលើកឡើងតាមបណ្តាញសង្គមថាសាច់បង្កកប្រមាណ៣៧០តោន«នាំចូលគ្មានច្បាប់» អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចអះអាងថាសាច់បង្កកទាំងនោះ នាំចូលមក ដោយបង់ពន្ធត្រឹមត្រូវតាមច្បាប់។
ការបកស្រាយនេះ បន្ទាប់ពីក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងកសិកម្ម បានរកឃើញសាច់បង្កកប្រមាណ៣៧ម៉ឺនគីឡូក្រាម ឬស្មើ៣៧០តោន កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ និងត្រូវបានសារព័ត៌មានជាច្រើនផ្សព្វផ្សាយថា ការនាំចូលសាច់បង្កកនោះ«ខុសច្បាប់» ដោយសារព័ត៌មានយោងប្រភពតាមលោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល។
នៅក្នុងសេចក្តីប្រកាសមួយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បញ្ជាក់ថាបន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មាននិងមានបុគ្គលមួយចំនួនលើកឡើងថាសាច់បង្កកប្រមាណ៣៧០តោននោះ«នាំចូលគ្មានច្បាប់» អគ្គនាយកដ្ឋានគយបានចាត់មន្ត្រីគយនិងរដ្ឋាករ ចុះទៅទីតាំងឃ្លាំងនោះ ដើម្បីស្រាវជ្រាវ និងសាកសួរម្ចាស់ឃ្លាំងអំពីអនុលោមភាព ច្បាប់ពាក់ព័ន្ធនឹងការនាំចូល និងស្តុកទុកសាច់បង្កកទាំងនោះ ដោយមន្ត្រីបានរកឃើញថាការនាំចូលសាច់បង្កកទាំងនោះបានបង់ពន្ធ និងអាករត្រឹមត្រូវតាមច្បាប់។
អគ្គនាយកដ្ឋានគយបញ្ជាក់ថា៖ «ជាលទ្ធផល អគរ [អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា] បានពិនិត្យឃើញថាសាច់បង្កកចម្រុះដែលមានប្រភពមកពីប្រទេសអ៊ីតាលី ប្រេស៊ីល អាល្លឺម៉ង់ រុស្ស៊ី ឥណ្ឌាជាដើម ដែលមានទម្ងន់សរុបប្រមាណ៣៧០តោន ត្រូវបាននាំចូលដោយបំពេញកាតព្វកិច្ចពន្ធ និងអាករត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន និងមានភ្ជាប់មកជាមួយនូវវិញ្ញាបនបត្របញ្ជាក់អនាម័យសាច់ពីប្រទេសនាំចេញ ហើយនៅមានសុពលភាពប្រើប្រាស់ ពោលគឺពុំទាន់ហួសកាលបរិច្ឆេទប្រើប្រាស់ដូចបានលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ដោយបុគ្គលមួយចំនួនឡើយ»។
វីអូអេបានទាក់ទងទៅលោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល ដែលចុះទៅប្រតិបត្តិការពិនិត្យសាច់បង្កក ប៉ុន្តែលោកស្នើឱ្យអ្នកសារព័ត៌មានសួរទៅអ្នកនាំពាក្យក្រសួងកសិកម្មវិញ។
ប៉ុន្តែលោក ហ៊ុន សារ៉ាត់ ប្រាប់វីអូអេកាលពីថ្ងៃពុធថាការរកឃើញសាច់បង្កកទាំងនោះ អាជ្ញាធរគ្រាន់តែឃាត់ទុកសាច់ជាបណ្តោះអាសន្ន ដើម្បីស៊ើបអង្កេត និងពិនិត្យមើលឯកសារ។
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាក្រសួងកសិកម្ម និងអគ្គនាយកដ្ឋានគយនឹងធ្វើការជិតស្និទ្ធជាមួយលើកិច្ចការទាំងនេះបន្តទៀត។
អ្នកនាំពាក្យក្រសួងកសិកម្មរូបនេះបដិសេធមិនអត្ថាធិប្បាយអ្វីបន្ថែមពីលើព័ត៌មានដែលប្រកាសដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
កញ្ញា អ៊ឹម រចនា ថ្លែងថា៖ «ការបំភ្លឺរបស់អគ្គនាយកដ្ឋានគយ ជុំវិញករណីសាច់បង្កកនេះ វាគ្រាប់គ្រាន់ ហើយអាចទទួលយកបានហើយ។ ហើយបងមិនមានការបំភ្លឺណាមួយថែមពីលើហ្នឹងទៀតទេ ដោយគ្រាន់តែបញ្ជាក់ថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយករដ្ឋគយនៅក្នុងរឿងនេះជាបន្តទៀត»។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC)យល់ថាករណីនេះត្រូវបានពលរដ្ឋ វាយតម្លៃអំពីភាពខ្វះចន្លោះនៃការធ្វើការងាររបស់នាយកដ្ឋានសុខភាពសត្វ នៃក្រសួងកសិកម្ម និងនាយកដ្ឋានគយនិងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច ដែលជាស្ថាប័នមានសមត្ថកិច្ច ត្រួតពិនិត្យទំនិញនាំចូលពីក្រៅប្រទេស។
លោកថ្លែងថា៖ «អ៊ីចឹងធ្វើឱ្យមានការរអា និងបាត់ទំនុកចិត្តពីសំណាក់មហាជន ឬការបង្ហោះផ្សាយផ្សេងៗទាក់ទងទៅនឹងសាច់បង្កក ដែលជាហេតុ ឱ្យមានការវាយតម្លៃថាភាពខ្វះចន្លោះ ក៏ដូចជារបៀបនៃការធ្វើការរបស់នាយកដ្ឋានបសុសត្វ និងគយរដ្ឋាករនេះ នៅមិនទាន់ទទួលបានការទុកចិត្តពីសំណាក់ប្រជាពលរដ្ឋនៅឡើយទេ»។
ជុំវិញការនាំចូលសាច់បង្កកនេះ អ្នកតាមដាន ក៏បានជំរុញឱ្យមន្ត្រីតាមព្រំដែនត្រួតពិនិត្យសាច់នាំចូលពីប្រទេសជិតខាងឱ្យបានដិតដល់ ដើម្បីកុំឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ និងអ្នកចិញ្ចឹមសត្វក្នុងស្រុក៕