រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងតំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានលើកឡើងថា អំពើហិង្សាលើស្រ្តីកើនឡើង ក្នុងពេលកម្ពុជាប្រឈមនឹងវិបត្តិជំងឺកូវីដ១៩ ដោយសារមូលហេតុនៃការបាត់បង់ការងារ ដែលនាំឲ្យមានភាពតានតឹងជាច្រើននៅក្នុងគ្រួសារ។
ពួកគេថ្លែងបែបនេះនៅក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី» ឆ្នាំ២០១៩-២០២៣ នៅព្រឹកថ្ងៃអង្គារនេះ។
រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី មានប្រសាសន៍ថា មូលហេតុនៃការកើននៃអំពើហិង្សាក្នុងគ្រួសារ ឬហិង្សាទាក់ទងនឹងយេនឌ័រ ដោយសារការធ្លាក់ចុះនៃការអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងការផ្តល់កិច្ចការពារ និងដោយសារការចំណាយពេលនៅជាមួយគ្នាកាន់តែច្រើន ក្នុងពេលវិបត្តិជំងឺកូវីដ១៩ ខណៈស្រ្តីបានបាត់បង់ការងារ។
លោកស្រីថ្លែងថា៖ «ការចំណាយពេលនៅជាមួយគ្នា ខណៈដែលបញ្ហាផ្លូវចិត្ត និងភាពតានតឹងក្នុងអារម្មណ៍បានកើនឡើងដោយសារតែបាត់បង់ប្រាក់ចំណូលគ្រួសារការបិទសាលារៀន ធ្វើឲ្យបន្ទុកការងារក្នុងគ្រួសារ និងការថែទាំកើនឡើងជាដើម»។
លោកស្រីរដ្ឋមន្រ្តីឲ្យដឹងថា ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី គឺជាឯកសារមូលដ្ឋានសម្រាប់រៀបចំគម្រោង ឬកម្មវិធីដើម្បីកាត់បន្ថយហិង្សាលើស្រ្តីឲ្យដល់កម្រិតអប្បបរមា។
លោកស្រីបានបញ្ជាក់ថា អំពើហិង្សាលើស្រ្តី គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរដែលរឹតត្បិតសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ស្រ្តី។
លោកស្រីបន្តថា សកម្មភាពទាំងនោះ រួមមានការប្រើប្រាស់ហិង្សា ការគំរាមកំហែងនិងការបង្ខិតបង្ខំ ឬការដកហូតសិទ្ធិសេរីភាព ដែលអាចកើតឡើងក្នុងទីសាធារណៈ ឬក្នុងជីវិតឯកជន។ ចំណែកការមាក់ងាយនិងការរើសអើងក្នុងសហគមន៍ ក៏នៅជាបញ្ហានៅឡើយ។ នេះបើតាមរដ្ឋមន្រ្តីក្រសួងកិច្ចការនារីរូបនេះ។
លោកស្រីជំរុញឲ្យបន្តចាត់វិធានការលើជនដែលជាមុខសញ្ញាទទួលខុសត្រូវលើការប្រើប្រាស់ហិង្សាលើស្រ្តី។
អំពើហិង្សាទាក់ទងនឹងយេនឌ័រ សំដៅលើសកម្មភាពឬពាក្យសម្តីហិង្សាទៅលើបុគ្គលណាម្នាក់ដោយសារតែយេនឌ័ររបស់ពួកគេ។ អំពើហិង្សាទាក់ទងនឹងយេនឌ័រមានឬសគល់ជាមួយនឹងវិសមភាពយេនឌ័រ និងការរំលោភបំពានអំណាច និងបទដ្ឋានសង្គមដែលមានលក្ខណៈមិនអំណោច។
លោកស្រី ប៉ូលីន ថាម៉េស៊ីស (Pauline Tamesis) អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា មានប្រសាសន៍នៅក្នុងពិធីនោះដែរថាការឆ្លងជាសាកលនៃជំងឺកូវីដបានបង្កផលប៉ះពាល់លើសលប់លើស្រ្តីនិងក្មេងស្រី។
លោកស្រីបញ្ជាក់ថា៖ «ក្មេងស្រីកាន់តែច្រើននាក់បានបោះបង់ការសិក្សាព្រោះតែកូវីដ១៩ ជាពិសេសការបិទទ្វារសាលារៀន។ ក្មេងស្រីត្រូវធ្វើការងារផ្ទះកាន់តែច្រើនជាងមុន ដែលធ្វើឲ្យខើចពេលសម្រាប់ការរៀនសូត្ររបស់ពួកគេ»។
លោកស្រីបន្តថា ការទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ មិនអាចធ្វើបានឡើយ ប្រសិនបើមិនមានការផ្តល់ថវិកាគាំទ្រ។
ពិភពលោក ក៏ដូចជាប្រទេសកម្ពុជាបានដាក់គោលដៅក្នុងការសម្រេចសមភាពយេនឌ័រដែលជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ នៅឆ្នាំ២០៣០។ ប៉ុន្តែវិបត្តិជំងឺកូវីដ១៩ អាចធ្វើឲ្យពិភពលោក ក៏ដូចជាប្រទេសកម្ពុជាមិនអាចសម្រេចគោលដៅមួយនេះក្នុងរយៈពេល៩ឆ្នាំទៀត។
នៅក្នុងពិធីនោះ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថាការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើស្រ្តី និងក្មេងស្រី និងហិង្សាក្នុងគ្រួសារ ស្ថិតក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ហើយគោលនយោបាយនេះ នឹងត្រូវដាក់ឲ្យនៅក្រោមក្រសួងស្ថាប័នរដ្ឋទាំងអស់ មិនមែនតែស្ថិតនៅក្រោមក្រសួងមហាផ្ទៃនោះទេ។
លោកមានប្រសាសន៍ថា៖ «រដ្ឋបាលមូលដ្ឋានហ្នឹង ក៏មានភារកិច្ចទទួលខុសត្រូវក្នុងការលុបបំបាត់ ឬក៏យ៉ាងហោចណាស់កាត់បន្ថយឲ្យបានជាអតិបរមានូវអំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាលើស្រ្តីនិងកុមារ»។
លោក ស ខេង ក៏បានស្នើឲ្យក្រសួងនិងស្ថាប័ននានាបញ្ចូលផែនការបង្ការ ទប់ស្កាត់ និងឆ្លើយតបនឹងអំពើហិង្សាលើស្រ្តីទៅក្នុងផែនការរបស់ខ្លួនដើម្បីសុំថវិកាពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
កញ្ញាប៊ុន រចនា នាយិកាអង្គការក្លាហានដែលធ្វើការលើស្រ្តី មានប្រសាសន៍ថាកន្លងទៅ គម្រោងជំនួយទាក់ទងនឹងហិង្សាលើស្រ្តីនេះ ត្រូវបានជួយពីដៃគូអភិវឌ្ឍន៍អន្តរជាតិ។
កញ្ញាជំរុញឲ្យរដ្ឋាភិបាលបង្កើនថវិកាជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តផែនការសកម្មភាពជាតិ ឆ្នាំ២០១៩-២០២៣។
កញ្ញាប្រាប់ VOA ថា៖ «យើងមានតែផែនការ បើសិនជាអត់មានកញ្ចប់ថវិកាជាតិគ្រប់គ្រាន់ ហើយអត់មានធនធានមនុស្សគ្រប់គ្រាន់ក្នុងការអនុវត្តសកម្មភាពទាំងអស់ហ្នឹងទេ ផែនការ វានៅតែផែនការអញ្ចឹង»។
កញ្ញាបន្ថែមថា ស្រ្តីត្រូវទទួលរងបន្ទុកក្នុងគ្រួសារច្រើន ពេលមានវិបត្តិជំងឺកូវីដ១៩ ដែលនាំឲ្យមានភាពតានតឹងច្រើនក្នុងគ្រួសារ។
កញ្ញាបញ្ជាក់ថា៖ «ពេលដែលយើងបាត់បង់ប្រាក់ចំណូលហើយការងារផ្ទះក៏កាន់តែកើនច្រើន ខណៈដែលគ្មានចំណែកទទួលខុសត្រូវពីដៃគូជាបុរសផងហ្នឹង ធ្វើឲ្យមានភាពតានតឹងខាងផ្លូវចិត្ត បន្ទុកធ្ងន់ធ្ងរទាំងផ្នែកសេដ្ឋកិច្ច។ អញ្ចឹងវាអាចនឹងមានការកើនឡើងនូវអំពើហិង្សាផ្លូវចិត្ត និងផ្លូវអារម្មណ៍ និងផ្លូវកាយអីហ្នឹងឯង»។
ការស្ទង់មតិមួយរបស់ក្រសួងកិច្ចការនារី សហការជាមួយបណ្តាញអង្គការសហប្រជាជាតិដែលធ្វើឡើងនៅចន្លោះ ឆ្នាំ២០១៤និង២០១៥ បង្ហាញថាស្ត្រី២១% ឬយ៉ាងហោចណាស់ម្នាក់ក្នុងចំណោម ៥នាក់ ត្រូវបានរាយការណ៍ថា ពួកគេធ្លាប់បានរងអំពើហិង្សាលើរូបរាងកាយ ឬផ្លូវភេទពីដៃគូ។
ចំណែក៣២% ឬម្នាក់ក្នុងចំណោម ៣នាក់ លើកឡើងថា ពួកគេធ្លាប់បានរងគ្រោះពីហិង្សាផ្លូវអារម្មណ៍ពីដៃគូរបស់ពួកគេ។ ការស្ទង់មតិនេះធ្វើឡើងក្នុងចំណោមស្រ្តី ៣.៥៧៤នាក់ ដែលមានអាយុចន្លោះពី ១៥ដល់៦៤ឆ្នាំ៕