មនុស្សជំនាន់ Z ដែលកើតចន្លោះឆ្នាំ ១៩៩៧ និងឆ្នាំ ២០១២ គឺជាមនុស្សជំនាន់ដំបូងគេបង្អស់ដែលកើតចំសម័យបច្ចេកវិទ្យា។ មនុស្សជំនាន់នេះក៏មានបញ្ហាសុខភាពផ្លូវចិត្តពិសេសខុសពីជំនាន់មុនៗផងដែរ ក៏ដូចជាមានភាពចម្រុះជាតិសាសន៍ជាងជំនាន់មុនៗ និងហាក់មានទំនោរទៅរកជំនឿនយោបាយឆ្វេងនិយម។ នេះបើយោងតាមរបាយការណ៍នានារបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew។
ខុសពីមនុស្សជំនាន់មុនៗ ដែលកើតក្នុងសម័យគ្មានបច្ចេកវិទ្យាជឿនលឿន ឬក៏ពេញវ័យក្នុងសម័យដែលមានការកើតឡើងនូវប្រព័ន្ធទំនាក់ទំនងសង្គមតាមអ៊ីនធឺណិត ទូរស័ព្ទ smartphone និងសម័យដែលមានលទ្ធភាពទូលំទូលាយក្នុងការប្រើប្រាស់ព័ត៌មាននានា មនុស្សជំនាន់ Z គឺកើតក្នុងសម័យបច្ចេកវិទ្យាថ្មី ហើយត្រូវគេកំណត់ដូច្នេះជាងមនុស្សជំនាន់ៗណាៗទាំងអស់។
លោក Michael Dimock ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ Pew បានសរសេរនៅក្នុងអត្ថបទមួយអំពីការកំណត់ជំនាន់មនុស្សយ៉ាងដូច្នេះថា៖ «អ្វីដែលពិសេសសម្រាប់មនុស្សជំនាន់ Z គឺថា អ្វីៗទាំងអស់ដែលបានរៀបរាប់ខាងលើនេះ គឺជាផ្នែកមួយនៃជីវិតរបស់ពួកគេតាំងពីពួកគេកើតមកម្ល៉េះ»។
លោក Dimock បានសរសេរបន្តដូច្នេះថា៖ «ទូរស័ព្ទ iPhone បានដាក់ឲ្យប្រើប្រាស់ដំបូងនៅក្នុងឆ្នាំ ២០០៧ នៅពេលដែលមនុស្សជំនាន់ Z នេះអាយុច្រើនជាងគេបំផុតគឺត្រឹម ១០ ឆ្នាំ។ មកទល់នឹងពេលដែលពួកគេឈានចូលវ័យជំទង់ មធ្យោបាយចម្បងបំផុតដែលពលរដ្ឋអាមេរិកាំងវ័យក្មេងប្រើដើម្បីអាចចូលទៅមើលវិបសាយនានាបាន គឺឧបករណ៍អេឡិចត្រូនិកចល័តនានា WiFi និងសេវាភ្ជាប់បណ្ដាញអ៊ីនធឺណិតរលកខ្ពស់នានា។ ប្រព័ន្ធទំនាក់ទំនងសង្គមតាមអ៊ីនធឺណិត ការណ៍ដែលអាចភ្ជាប់ទំនាក់ទំនងទាន់ចិត្តភ្លាមៗតាមអ៊ីនធឺណិត និងការទស្សនាកម្សាន្ត និងការទាក់ទងទាន់ចិត្តតាមតម្រូវការគឺជារបៀបថ្មីៗ ដែលមនុស្សជំនាន់សហស្សវត្សថ្មី [ដែលជាអ្នកកើតចន្លោះឆ្នាំ ១៩៨១ និងឆ្នាំ ១៩៩៦] សម្របខ្លួនតាមនៅពេលពួកគេឈានដល់ដំណាក់កាលពេញវ័យ»។
ភាពចម្រុះជាតិសាសន៍គឺជាផ្នែកសំខាន់មួយទៀតនៃមនុស្សជំនាន់ Z។ ជំនាន់ Z នេះ គឺជាជំនាន់ដែលមានភាពចម្រុះជាតិសាសន៍ច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដោយមនុស្សជំនាន់ Z នេះចំនួន ៤៨ ភាគរយ នៅក្នុងឆ្នាំ ២០១៨ គឺមិនមែនជាជាតិសាសន៍ស្បែកស។ នេះបើយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Pew។
ការប្រែប្រួលប្រជាសាស្ត្រនេះអាចបង្ហាញឲ្យឃើញពីការប្រែប្រួលសង្គម និងនយោបាយ ដោយមានទំនោរទៅរកទស្សនៈសេរីនិយមនៅក្នុងរយៈពេលប៉ុន្មានទសវត្សខាងមុខនេះ ដូចដែលការស្ទង់មតិបានបង្ហាញអំពីមនុស្សជំនាន់សហស្សវត្សថ្មីដូច្នេះដែរ។
ទិដ្ឋភាពមួយទៀតដែលធ្វើឲ្យមនុស្សជំនាន់ Z ខុសពីមនុស្សជំនាន់មុនៗគឺបញ្ហាសុខភាពផ្លូវចិត្ត។ ការបាក់ទឹកចិត្ត និងអត្រាធ្វើអត្តឃាតសម្រាប់យុវជនគឺបន្តកើនឡើង ដោយឈានដល់កម្រិតខ្ពស់បំផុតតាំងពីសម័យសង្គ្រាមលោកលើកទី ២ មក គឺនៅក្នុងឆ្នាំ ២០១៧។ នេះបើយោងតាមការស្រាវជ្រាវប្រចាំឆ្នាំដែលចេញផ្សាយដោយមជ្ឈមណ្ឌលជាតិស្ថិតិសុខភាពនៃមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក។
កត្តាដែលនាំឲ្យមានការកើនឡើងនូវការបាក់ទឹកចិត្ត និងអត្រាធ្វើអត្តឃាតសម្រាប់មនុស្សជំនាន់ Z មានដូចជាការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមតាមអ៊ីនធឺណិត បញ្ហាដែលជះផលអវិជ្ជមាននៅក្នុងព័ត៌មានដូចជាការប្រែប្រួលអាកាសធាតុ អន្តោប្រវេសន៍ និងការបាញ់ប្រហារទ្រង់ទ្រាយធំ ក៏ដូចជាការណ៍ដែលក្រុមគ្រួសារ និងអាជ្ញាធរទទួលស្គាល់ថាការធ្វើអត្តឃាតគឺជាមូលហេតុនៃការស្លាប់។ នេះបើយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Pew។
មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានបញ្ជាក់ថា មនុស្សជំនាន់ Z មានចំនួន ៦១ លាននាក់នៅក្នុងសហរដ្ឋអាមេរិក ហើយពួកគេត្រូវគេរំពឹងថានឹងមានចំនួនប្រហែល ១០ ភាគរយនៃអ្នកមានសិទ្ធិបោះឆ្នោតនៅឆ្នាំ ២០២០ ខាងមុខនេះ។ បន្ថែមទៅនឹងមនុស្សជំនាន់សហស្សវត្សថ្មីចំនួន ៧៣ លាននាក់ ដែលកើតចន្លោះឆ្នាំ ១៩៨១ និងឆ្នាំ ១៩៩៦ សរុបទាំងអស់ត្រូវគេរំពឹងថានឹងមានចំនួន ៣៧ ភាគរយនៃពលរដ្ឋអាមេរិកាំងដែលមានសិទ្ធិបោះឆ្នោតនៅក្នុងឆ្នាំ ២០២០។
រីឯក្រុមមនុស្សកើតមុនឆ្នាំ ១៩៦៤ ដែលជាឪពុកម្ដាយ ឬក៏ជីដូនជីតារបស់មនុស្សជំនាន់ Z នេះ វិញ នឹងមានចំនួន ២៨ ភាគរយនៃអ្នកមានសិទ្ធិបោះឆ្នោតនៅឆ្នាំ ២០២០។ នេះបើយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Pew។
មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានបន្ថែមថា មនុស្សជំនាន់ Z ត្រូវបានគេយល់ឃើញថា ភាគច្រើនជាអ្នកប្រជាធិបតេយ្យសេរីនិយម ដែលដូចទៅនឹងមនុស្សវ័យក្មេងៗនៅក្នុងជំនាន់មុនៗ។ ប៉ុន្តែផ្ទុយពីមនុស្សជំនាន់មុនៗ មនុស្សជំនាន់ Z ដែលចាត់ទុកខ្លួនឯងថាជាអ្នកសាធារណរដ្ឋនិយម មានទំនោរកាន់តែជិតទៅរកទស្សនៈកណ្ដាលនិយម ឬក៏ទស្សនៈឆ្វេងនិយមជាងមនុស្សក្មេងៗជំនាន់មុនៗដែលគាំទ្រគណបក្សសាធារណរដ្ឋ។
លោក William Frey ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់ និងជាអ្នកសិក្សាពីប្រជាសាស្ត្រនៃវិទ្យាស្ថាន Brookings បាននិយាយដូច្នេះថា៖ «ជាទម្លាប់មក យើងឃើញថា នៅពេលដែលមនុស្សជំនាន់ណាមួយឈានចូលវ័យកាន់តែច្រើន ពួកគេកាន់តែមានទំនោរទៅរកទស្សនៈអភិរក្សនិយម។ ប៉ុន្តែ មនុស្សជំនាន់ Z គឺផ្ទុយពីនេះ ដែលប្រសិនបើទោះបីជាពួកគេកាន់តែមានទស្សនៈអភិរក្សនិយមជាងមុនក៏ដោយ ក៏ពួកគេប្រហែលជានឹងផ្លាស់ប្ដូរនយោបាយរបស់សហរដ្ឋអាមេរិក និងវិធីដែលយើងរស់នៅជាសង្គមមួយ»។
៣៨ ភាគរយនៃមនុស្សជំនាន់ Z ដែលមានទស្សនៈសាធារណរដ្ឋនិយម បាននិយាយថា ពួកគេជឿថា ការប្រែប្រួលអាកាសធាតុគឺបណ្ដាលមកពីសកម្មភាពរបស់មនុស្ស។ ចំណែកឯមនុស្សជំនាន់សហស្សវត្សថ្មីតិចជាងមួយភាគបីដែលគិតដូច្នេះ។ នេះបើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew។
មនុស្សជំនាន់ Z មានលក្ខណៈស្រដៀងគ្នាខ្លាំងនឹងមនុស្សជំនាន់សហស្សវត្សថ្មីទាក់ទិននឹងរឿងប្រែប្រួលអាកាសធាតុ អន្តោប្រវេសន៍ និងភាពចម្រុះជាតិសាសន៍។
មនុស្សជំនាន់ Z ចំនួន ៦២ ភាគរយ និយាយថា ភាពចម្រុះជាតិសាសន៍គឺជាចំណុចសំខាន់នៅក្នុងនយោបាយ។ ចំណែកឯមនុស្សជំនាន់ X ដែលជាអ្នកកើតចន្លោះឆ្នាំ ១៩៦៥ និងឆ្នាំ ១៩៨០ ចំនួន ៥២ ភាគរយ ហើយមនុស្សជំនាន់ក្រោយសម័យសង្គ្រាមលោកលើកទីពីរ ដែលហៅថាជំនាន់ baby boomers ដែលកើតចន្លោះឆ្នាំ ១៩៤៦ និងឆ្នាំ ១៩៦៤ ចំនួន ៤៨ ភាគរយ គឺយល់ឃើញដូច្នេះ។
ទិន្នន័យរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានបង្ហាញថា មនុស្សជំនាន់ Z ដែលមានទស្សនៈសាធារណរដ្ឋនិយមចំនួន ៥២ ភាគរយ និយាយថា ពួកគេគិតថា រដ្ឋាភិបាលគួរតែធ្វើបន្ថែមទៀតដើម្បីដោះស្រាយបញ្ហា។ នេះបើប្រៀបធៀបជាមួយនឹងអ្នកមានទស្សនៈសាធារណរដ្ឋនិយមនៃមនុស្សជំនាន់សហស្សវត្សថ្មីចំនួន ៣៨ ភាគរយ នៃមនុស្សជំនាន់ X ចំនួន ២៩ ភាគរយ នៃមនុស្សជំនាន់ baby boomers ចំនួន ២៣ ភាគរយ និងនៃមនុស្សជំនាន់ស្ងាត់ស្ងៀម ដែលកើតរវាងឆ្នាំ ១៩២៥ និងឆ្នាំ ១៩៤៥ ចំនួន ១២ ភាគរយប៉ុណ្ណោះ ដែលយល់ឃើញដូច្នេះ។
មនុស្សជំនាន់ Z ដែលមានអាយុច្រើនជាងគេ នាពេលបច្ចុប្បន្ននេះកំពុងសិក្សាថ្នាក់សាកលវិទ្យាល័យ និងកំពុងធ្វើការ។ ដោយមនុស្សជំនាន់ Z នេះជាកម្លាំងទិញទំនិញចំនួន ៤៤ពាន់លានដុល្លារ ពួកគេមានឥទ្ធិពលនៅក្នុងការផ្លាស់ប្ដូរពិភពលោកច្រើនជាងមនុស្សជំនាន់មុនៗទៅទៀត៕
ប្រែសម្រួលដោយ ភី សុភាដា