បទ​ឈប់បាញ់​កាហ្សា​បរាជ័យ ទាហាន​អ៊ីស្រាអែល​ម្នាក់​​ត្រូវ​ចាប់​​ខ្លួន

ស្ត្រី​បាឡេស្ទីន​មួយ​រូប​ប្រតិកម្ម​​ក្រោយ​​ពេល​​ឃើញ​ផ្ទះ​របស់​គាត់​​​នៅ​ទី​ក្រុង​ Beit Hanoun នៅ​ដែនដី​ Gaza Strip ត្រូវ​បាន​បំផ្លាញ ដែល​សាក្សី​ថា​ត្រូវ​បំផ្លាញ​ដោយ​វាយប្រហារ​តាមអាកាស​និង​ការ​​បាញ់​ផ្លោង​របស់​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​សុក្រ​​ទី​១ ខែ​សីហា ឆ្នាំ​២០១៤។

បទ​ឈប់​បាញ់​គ្នា​ជា​បណ្តោះអាសន្ន​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​របស់​បាឡេស្ទីន​ហាក់​ដូច​ជា​បរាជ័យ​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​សុក្រ​នេះ។ ​ការ​បរាជ័យ​នេះ​កើត​ឡើង​នៅ​ពេល​ដែល​កង​រថក្រោះ​របស់​អ៊ីស្រាអែល​បាន​បាញ់​គ្រាប់​ផ្លោង​ដាក់​តំបន់​កាហ្សា​ភាគ​ខាង​ត្បូង​ ហើយ​ក្រុម​ជីវពល​បាឡេស្ទីន​បាន​វាយប្រហារ​គ្រាប់​រ៉ុកកែត​ដាក់​អ៊ីស្រាអែល​វិញ។

ក្រុម​មន្ត្រី​ក្នុង​តំបន់​កាហ្សា​បាន​និយាយ​ថា​ យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​ប៉ាឡេស្ទីន​៣០​នាក់​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​ដ៏​សាហាវ​ចុង​ក្រោយ​នោះ​ ក្នុង​ទីក្រុង​រ៉ាហ្វា (Rafah) ក្រោយ​ពេល​តែ​ពីរ​ម៉ោង​ដែល​កិច្ច​ឈប់​បាញ់​គ្នា​ចូល​ជា​ធរមាន។ មាន​សំឡេង​ស៊ីរ៉ែន​រោទ៍​នៅ​ភាគ​ខាង​ត្បូង​អ៊ីស្រាអែល​ក្នុង​ក្រុង​ការឹម ស្សាឡំ​ (Karem Shalom) ដែល​គេ​សន្មត​ថា ជា​លទ្ធផល​នៃ​ការ​វាយប្រហារ​គ្រាប់​ រ៉ុកកែត​របស់​កង​ជីវពល​ហាម៉ាស់​របស់​ប៉ាឡេស្ទីន។

ការិយាល័យ​លោក នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេនយ៉ាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ស្តី​បន្ទោស​កង​ជីវពលហាម៉ាស់​ពី​ការ​រំលោភ​លើ​បទ​ឈប់​បាញ់​គ្នា​រយៈពេល​បី​ថ្ងៃ​នោះ។

ព័ត៌មាន​ចុងក្រោយ​ពី​យោធា​អ៊ីស្រាអែល​ឲ្យ​ដឹង​ថា មាន​ទាហាន​ខ្លួន​មួយ​រូប​ឈ្មោះ ​ Hadar Goldin អាយុ​២៣​ឆ្នាំ​ត្រូវ​គេ​ចាប់​ខ្លួននៅក្រុង Rafah៕

ទាហាន​អ៊ីស្រាអែល​នៅ​ជិត​តំបន់​ហ្គាហ្សា