ខណៈតម្លៃប្រេងសាំងលើកឡើង៤០០រៀលបន្ថែមទៀត គិតត្រឹមថ្ងៃពុធនេះ ពលរដ្ឋមួយចំនួនក្នុងរាជធានីភ្នំពេញ បានត្អូញត្អែរពីការលំបាកថា ជាការដាក់បន្ទុកបន្ថែមទៀតក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេ។
កំពុងអង្គុយចាំម៉ូយលោក ញ៉ែម សុគាសា អាយុ៣២ឆ្នាំ ជាអ្នករត់ម៉ូតូកង់បី ក្នុងរាជធានីភ្នំពេញ ប្រាប់វីអូអេថា លោកពិបាកក្នុងការទទួលយកការហក់ឡើងនៃតម្លៃសាំងខ្ពស់បែបនេះ ដោយលោកថាវាមានភាពពិបាកខ្លាំងសម្រាប់ការចំណាយលើជីវភាពប្រចាំថ្ងៃរបស់លោក។
លោកថ្លែងថា៖ «ពេលកំពុងរត់រាល់ថ្ងៃហ្នឹងគឺវាពិបាកណាស់ទៅហើយ គឺរកអត់បានទេមួយថ្ងៃកាត់មួយថ្ងៃកោរ ឥឡូវដល់ពេលឡើងថ្លៃសាំងទៀតកាន់តែបន្ទុកខ្លាំងទៀត»។
លោកបន្ដថា ខណៈចំណូលរបស់លោកមានការធ្លាក់ចុះ ដោយរកបានត្រឹម៣ម៉ឺនរៀល ឬតិចជាងនេះក្នុងមួយថ្ងៃ លោកចង់ឲ្យតម្លៃសាំងមកត្រឹមតម្លៃសមរម្យអាចទទួលយកបាន។
លោកថ្លែងថា៖ «ចង់បានត្រឹម៣៥០០រៀល ក្នុងមួយលីត្រសាំងធម្មតា»។
អ្នករត់ម៉ូតូកង់បីរូបនេះ ក៏ស្នើឲ្យរដ្ឋាភិបាលថ្មីដែលនឹងឡើងកាន់តំណែងនាចុងខែសីហានេះ ទប់ស្កាត់ និងសម្រួលដល់តម្លៃប្រេងសាំង ក៏ដូចជាទំនិញផ្សេងៗដែលកំពុងកើនឡើងនេះ ដើម្បីជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ការត្អូញត្អែររបស់ពលរដ្ឋរូបនេះ ធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្មកម្ពុជាបានជូនដំណឹងកាលពីដើមសប្តាហ៍នេះថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ១០ ខែសីហានេះ ប្រេងសាំងធម្មតាមានតម្លៃ ៤,៥៥០ រៀលក្នុងមួយលីត្រ ដែលកើនឡើងចំនួន៤០០រៀល បើធៀបនឹងសប្ដាហ៍មុន។
ក្រសួងពាណិជ្ជកម្មបានជូនជាដំណឹងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយបញ្ជាក់នៅរាល់ពេលប្រកាសពីតម្លៃសាំងទាំងនេះថា គឺជាតម្លៃដែលបានចុះថ្លៃពីតម្លៃពិតប្រាកដដោយសារមានការសម្រួលពីរដ្ឋាភិបាល និងក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈក្នុងប្រទេសកម្ពុជាដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន។
ស្រដៀងនឹងលោក ញ៉ែម សុគាសា ដែរ កញ្ញា មឿន ឡា អាយុ២២ឆ្នាំ និស្សិតផ្នែកអក្សរសាស្រ្ដខ្មែរឆ្នាំទី២ យល់ថា ការឡើងថ្លៃសាំងហាក់ជាសម្ពាធដែលត្រូវការចំណាយច្រើនជាងមុន ដោយហេតុថា កញ្ញាមកពីបណ្ដាខេត្ត និងមិនទាន់មានការងារ។
កញ្ញាថ្លែងថា៖ «កាលសាំងអត់ទាន់ឡើងថ្លៃ យើងមកពីស្រុក យើងចំណាយលុយក្នុងមួយអាទិត្យ យើងអត់ដល់១០ម៉ឺនអីទេ ដល់ពេលចាប់ផ្ដើមសាំងឡើងថ្លៃអ៊ីចឹង មួយអាទិត្យឡើងដល់១០ម៉ឺនជាង ជិត២០ម៉ឺន ព្រោះត្រូវការជិះ[ម៉ូតូ]ទៅមក ជិះទៅសាលាទៅផ្ទះជួលអ៊ីចឹង»។
កញ្ញាបន្ថែមថា ការឡើងថ្លៃនេះអាចធ្វើឱ្យប៉ះពាល់ដល់ការចំណាយលើការសិក្សារបស់កញ្ញា ខណៈកញ្ញាក៏ត្រូវបង់ថ្លៃការស្នាក់នៅ និងការប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗ។
កញ្ញាប្រាប់វីអូអេថា៖ «ពេលខ្លះយើងគិតថា លុយនេះចង់ទិញសៀវភៅអញ្ចឹង ប៉ុន្ដែយើងឃើញថាសាំងម៉ូតូអស់ហើយ ហើយវាឡើងថ្លៃទៀត យើងត្រូវចំណាយលុយដែលយើងចង់ទិញសៀវភៅយកទៅចាក់សាំងអ៊ីចឹងវិញ»។
និសិ្សតរូបនេះចង់ឃើញអ្នកដឹកនាំថ្នាក់លើយកចិត្តទុកដាក់ជួយបន្ធូបន្ថយការលំបាកនៃការឡើងថ្លៃសាំងឲ្យបានឆាប់ៗ។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ លើកឡើងថា ការឡើងថ្លៃតម្លៃសាំង គឺដោយសារតែមានការឡើងថ្លៃនៃតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិមានការកើនឡើងខ្ពស់ ដែលជាហេតុធ្វើឱ្យតម្លៃប្រេងសាំងកើនឡើងជាសកល។
លោកថ្លែងថា៖ «ចំពោះការឡើងថ្លៃប្រេងសាំងនេះ តាមអ្វីដែលខ្ញុំតាមដានមើលគឺយើងឃើញថា ការឡើងថ្លៃនៃតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិហ្នឹង មានការកើនឡើងខ្ពស់។ កើនឡើងរហូតតាមតែខ្ញុំបានតាមដានហ្នឹង ប្រហែលបីសប្តាហ៍ហើយគឺកើនជារៀងរាល់ពេល»។
លោកបន្ថែមថា រដ្ឋាភិបាលកម្ពុជាក៏បានព្យាយាមជួយសម្រួលការឡើងថ្លៃសាំងនេះនៅក្នុងប្រទេសកម្ពុជាផងដែរ ប៉ុន្តែលោកថា អន្តរាគមន៍របស់រដ្ឋាភិបាលអាចធ្វើបានក្នុងមួយរយៈពេលខ្លីប៉ុណ្ណោះ។
លោកបន្ថែមថា ការឡើងថ្លៃប្រេងសាំងនេះបានធ្វើឱ្យប្រជាពលរដ្ឋមានការចំណាយច្រើនជាងមុនទៅលើជីវភាពរបស់គាត់។ លោកថា ប្រជាជនកម្ពុជាគួរតែផ្លាស់ប្តូរឥរិយាបថនៃការប្រើប្រាស់ថាមពលប្រេងឥន្ធនៈ ដោយងាកមកប្រើថាមពលផ្សេងៗជំនួសវិញ។
លោកថ្លែងថា៖ «មធ្យោបាយដែលសម្រាប់ទប់ការឡើងថ្លៃប្រេងទៅខាងមុខ គឺការផ្លាស់ប្តូរផ្នត់គំនិតអ្នកប្រើប្រាស់យាន្ត ឱ្យដូរមកប្រើប្រាស់អគ្គិសនីជាជាងយាន្តដែលប្រើប្រាស់ដោយសារប្រេង។ ដូច្នេះហើយគឺកាត់បន្ថយការប្រើប្រាស់ តម្រូវការប្រេងមានការថមថយ ថ្លៃប្រេងមិនអាចហក់ឡើងខ្ពស់បានទេ»។
លោក គី សេរីវឌ្ឍន៍ បន្ថែមថា តម្លៃប្រេងសាំងនឹងបន្តឡើងថ្លៃ ហើយថា តម្លៃប្រេងអាចនឹងថយចុះលុះត្រាតែសហរដ្ឋអាមេរិកបញ្ចេញការផ្គត់ផ្គង់ប្រេងដូចកាលពីមុន។
គួរបញ្ជាក់ថា នៅដើមឆ្នាំ២០២២ តម្លៃប្រេងសាំងតាមស្ថានីយប្រេងឥន្ធនៈ នីមួយៗឡើងថ្លៃជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ ខណៈកម្ពុជាបាន និងកំពុងទទួលរងផលប៉ះពាល់ពីអតិផរណា ឬការឡើងថ្លៃទំនិញដោយសារតែការរាតត្បាតជំងឺកូវីដ១៩ ធ្វើឲ្យប៉ះពាល់ដល់ចរន្តផ្គត់ផ្គង់ទំនិញសាកលលោក និងការកើនឡើងតម្លៃទំនិញ ជាពិសេសតម្លៃប្រេងសាំង ដែលបណ្តាលមកពីវិបត្តិជម្លោះរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន៕