តំណាង​អ្នក​ផលិត​ក្នុង​ឧស្សាហ​កម្មកាត់​ដេរ ស្វាគមន៍​ការព្រមាន​របស់​លោក ហ៊ុន សែន លើ​ក្រុម​អ្នក​តវ៉ា​សុំ​ប្រាក់​បំណាច់

រូបឯកសារ៖ លោក ខេន លូ អគ្គលេខាធិការ​របស់​តំណាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា ​GMAC នៅ​ក្នុង​រោងចក្រ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ ឆ្នាំ​២០១៦។ (VOA)

តំណាង​អ្នក​ផលិត​សម្លៀក​បំពាក់​នៅ​កម្ពុជា​បាន​អរគុណ​មេដឹកនាំ​កម្ពុជា​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​​ចំពោះសារ​ព្រមាន​ធ្ងន់ៗ​របស់​លោក​​ថា ​រោង​ចក្រ​កាត់​ដេរ​រាប់​រយ​នឹង​ប្រឈម​ការ​ក្ស័យ​ធន​ ប្រសិន​បើ​កម្មករ​ចង់​បាន​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​សរុប​ពី​ឆ្នាំ​មុនៗ​ មុន​ឆ្នាំ​២០១៩។

តំណាង​អ្នក​ផលិត​ក្នុង​ឧស្សាហ​កម្មកាត់​ដេរ​នៅ​ប្រទេស​កម្ពុជា​ ​ឬ​ GMAC​ ​បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ខ្លួន​នឹង​ធ្វើ​ទៅ​តាម​ប្រកាស​ថ្មី​របស់​រដ្ឋាភិបាល​ ដែល​បាន​តម្រូវ​ឲ្យ​ម្ចាស់​រោងចក្រ​ និង​សហគា្រស​ផ្សេង​ទៀត​ ​បើក​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ប្រចាំ​ឆ្នាំ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​ ដោយ​ចាប់​ផ្តើមពី​ឆ្នាំ​២០១៩​នេះ។​

ការ​អធិប្បាយ​របស់​តំណាង​អ្នក​ផលិត​ក្នុង​ឧស្សាហ​កម្ម​កាត់​ដេរ​នេះ​បាន​ធ្វើឡើង​ នៅ​ក្រោយ​ពេលកម្មករ​រាប់ពាន់​នាក់​នៅតាម​រោងចក្រ​កាត់​ដេរ​មួយ​ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ​ និង​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​ ក្នុង​នោះមាន​ទាំង​ខេត្ត​តាកែវ ​បាន​នាំ​គ្នា​តវ៉ា​ទាម​ទារប្រាក់​អតីត​ភាព​ការងារ​ប្រចាំ​ឆ្នាំ​សរុប​ពោល​គឺ​ពួក​គេ​ទាមទារបើក​ផ្តាច់​រាល់​ប្រាក់​អតីត​ភាព​ការងារ​មុន​ឆ្នាំ​២០១៩។​

ក្រុម​កម្មករ​បាន​ធ្វើ​ការ​ទាម​ទារ​យ៉ាង​ដូច្នេះ​ ​ដោយ​ពួកគេ​មាន​ការ​ភ័យ​ខ្លាច​ថា​ ថៅ​កែ​រោងច្រក​មិន​ទូទាត់ប្រាក់​អតីត​ភាព​ការងារប្រចាំ​ឆ្នាំ​មុន​ឆ្នាំ​២០១៩។​ ​តែទាំង​ថៅកែ​រោងចក្រ និង​មេ​ដឹកនាំ​កម្ពុជាបាន​អះអាង​ថា​ ការ​ត​វ៉ា​របស់​កម្មករ​គឺ​ផ្ទុយ​នឹង​ច្បាប់។​

លោក ខេន លូ​ ​(Ken Loo)​ ​អគ្គលេខាធិការ​សមាគម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា ​ហៅ​កាត់​ថា​ GMAC​ ​បាន​ប្រាប់​ VOA ​នៅថ្ងៃ​ព្រហស្បតិ៍​នេះថា​ ម្ចាស់​រោងចក្រ​មិន​អាច​ធ្វើ​ទៅ​តាម​ការ​ចង់​បាន​របស់​កម្មករ​នោះ​ទេ​ ​តែ​ម្ចាស់​រោងចក្រ​នឹង​គោរព​ទៅ​តាម​ច្បាប់​របស់​កម្ពុជា។​

«រឿង​ រឿង​អតីត​ភាព​ចាស់ៗ យើង​បង់​តាម​ច្បាប់​តើ! ​យើង​...​បង់​តាម​ច្បាប់​មាន​ន័យថា​ ៦​ខែ​បង់​ម្តង ​៦​ខែ​បង់​ម្តង។​ ឥឡូវ​កម្មករ​ទាមទារ​បង់មួយ​កញ្ចប់​ អាហ្នឹង​ខុស​ច្បាប់​ទេ។​ ​ហើយ​សម្តេច​ហ៊ុន សែន ម្សិល​ម្ង៉ៃបាន​ ម្សិលមិញតើ ​បានបញ្ជាក់​ច្បាស់​លាស់​ហើយ»។​

ក្នុង​ជំនួប​ជាមួយ​កម្មករ​នៅ​ឯខេត្ត​តាកែវ​កាលពីថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ ​លោក​ហ៊ុន សែនបាន​ហៅ​ការ​តវ៉ា​របស់​កម្មករ​ឲ្យ​បើក​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ទាំង​អស់​ មុន​ឆ្នាំ​២០១៩ថា ​ខុស​ពី​ច្បាប់​ថ្មី​របស់​រដ្ឋាភិបាល។​

លោក​ក៏​ព្រមាន​ថា​ ​រោងចក្រ​រាប់រយ​នឹង​ត្រូវ​បិទទ្វារ​ បើ​ក្រុម​កម្មករ​នៅ​បន្ត​ទាម​ទារ​នូវ​អ្វីដែល​លោក​យល់​ថា ​មិន​អាច​ទៅរួច​នោះ។​

«សុំ​ក្មួយៗ​មេត្តា​យោគយល់!​ មិន​អាច​ធ្វើ​ទៅ​រួច​ទេៗ​ ហើយ​បើ​ចង់​ចាប់​បង្ខំ​ធ្វើ​ ថៅ​កែ​ហ្នឹង​មាន​តែ​បិទ​ទ្វារ​រោង​ចក្រ​ ហើយ​ទី​ចុង​បំផុត​ក្មួយៗ​ មាន​តែ​អស់​ការងារ​ធ្វើ​តែ​ប៉ុណ្ណឹង​ អស់​ការងារ​ធ្វើ»។​

លោក​ហ៊ុន សែន​អះអាង​ថា​ ការ​បើក​ប្រាក់​អតីត​ភាព​ការងារ​ប្រចាំ​ឆ្នាំ​ពីឆ្នាំ​ចាស់​ពីរ​ដង​ក្នុង​មួយ​ឆ្នាំគឺ​ប្រៀបដូច​ជា​ការ​សន្សំ ​ហើយ​បើសិន​ជា​ក្នុង​ករណី​ថៅកែ​រោង​ចក្រ​ណាមួយ​មិន​អាច​បំពេញ​កាតព្វកិច្ច​នេះបាន​ទេ​ ហើយបង់​ប្រាក់​អតីតភាព​ការងារ​ប្រចាំ​ឆ្នាំ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​នេះ​ ​នោះ​រដ្ឋាភិបាល​របស់​លោក​ជា​អ្នក​ទទួល​ខុស​ត្រូវ។​

«ឥឡូវ​នេះ​ ប្រាក់​ហ្នឹង​វា​អត់​ទៅ​ណា​ទេ​ តែ​គ្រាន់​តែ​សុំ​៦​ខែ​ បើក​យក​ម្តង ៦ខែ​បើក​យក​ម្តង។ ​នែ​នៅ​ទីចុង​បំផុត​ វា​ក៏នៅតែ​ជាប្រាក់​សន្សំ​របស់​យើងដដែល​ទេៗ ហើយ​ប្រសិន​បើ​កំពុង​តែ​ដំណើរ​ការ​ ម្ចាស់​រោងចក្រ​នោះ​រត់​ចោល​ទៅ​ទៀត​ បន្ទុក​នោះ​វាក៏គង់​តែ​ធ្លាក់​មក​លើ​រដ្ឋាភិបាលដដែល​ មិន​ដែល​ឲ្យ​ក្មួយៗ​ណា​ខាតទេ​ បាត់​បង់​ទេ​ បាត់​បង់​ទេ»។​

ភ្លាមៗ​ក្រោយ​ការ​ប្រកាស​របស់​លោក​ហ៊ុន សែន​នោះ សមាគម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ឬ​ហៅ​ថា​ GMAC​ បាន​ចេញ​សេចក្តី​ថ្លែង​អំណរគុណ​លោក​ហ៊ុន សែន​ ​និង​បាន​ចាត់​ទុក​ថា​ ការ​អធិប្បាយ​របស់​លោក​ហ៊ុន សែន​បាន​ឆ្លុះ​បញ្ចាំង​ពី​ស្ថាន​ភាព​ហិរញ្ញ​វត្ថុ​របស់​រោងចក្រ។​

លិខិត​ថ្លែង​អំណរ​គុណ​របស់​ GMAC​ ចុះ​ថ្ងៃទី​៩ខែ​មករា​ឆ្នាំ​២០១៩​ ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​អង្គភាព​ព័ត៌មាន​ក្នុង​ស្រុក បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ប្រសាសន៍​ពន្យល់​ណែនាំ​ដ៏មាន​សារៈសំខាន់​នេះបាន​ធ្វើ​ឲ្យ​បងប្អូន​កម្មករ​និយោជិត​របស់​យើង​បាន​យល់​ច្បាស់​អំពី​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​របស់​រោង​ចក្រ​ និង​បាន​យល់​ច្បាស់​ពី​គោល​ការណ៍​ច្បាប់​ដែល​ត្រូវ​អនុវត្ត​ ដែល​នាំ​ឲ្យ​ចៀស​វាង​បាន​នូវ​ការ​ទាម​ទារ​មិន​សម​ស្រប​នានា​ក្រោម​ការ​ញុះញង់​របស់​សហជីព​ និង​សកម្ម​ជន​ទុច្ចរិត​មួយចំ​នួន​តូច»។

GMAC​ ​បាន​បន្ត​ក្នុង​ន័យ​ដើម​ថា៖​

«សមាគម​សូម​គាំទ្រ​រាជ​រដ្ឋាភិបាល​ និង​ខិត​ខំ​បន្ត​នូវ​កិច្ច​សហការ​ផ្នែក​វិនិយោគ​ឲ្យ​កាន់​តែ​រឹង​មាំ​បន្ថែម​ទៀត​ សំដៅ​ធានា​ឲ្យ​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ជាតិ​ និង​ការ​លើក​កម្ពស់​សុខុមាល​ភាព​របស់​ប្រជា​ពលរដ្ឋ​កម្ពុជាទូទៅ»។​

យ៉ាង​ណាក៏ដោយ​ ក្នុង​កូដកម្មតវ៉ា​ទាមទារ​ប្រាក់​អតីត​ភាព​ការងារ​ប្រចាំ​ឆ្នាំដែល​បាន​ផ្ទុះ​ឡើង​នៅ​តាម​ក្រុមហ៊ុន​យ៉ាងហោច​ណាស់​៦​ក្រុមហ៊ុន​នោះ​ មាន​ការ​បញ្ឈប់​កម្មករ​ប្រមាណ​១៦០០​នាក់​នៅ​រោងចក្រ​W&D Cambodia Co., LTD​ ដែល​ជា​សមាជិក​របស់​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ ឬ​ហៅ​ថា​ GMAC។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុម​សហជីព​ដែល​បម្រើ​ប្រយោជន៍​កម្មករ។​

លោកអាត់ ធន់​ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ មាន​ប្រសាសន៍​ប្រាប់​ VOA​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ ក្រុម​កម្មករ​នៅ​រោងចក្រ​ W&D Cambodia Co., LTD​ បាន​ស្វះ​ស្វែង​មក​រកការ​ជួយ​ពី​សហ​ជីព​លោក​ ដោយសារ​ពួក​គេ​ត្រូវបាន​ក្រុមហ៊ុន​បណ្តេញ​ចេញ​តាម​អំណាច​ស្រាល​ក្រម​របស់​តុលាការ។​

លោក​បន្តថា​ នៅ​ពេលនេះ​ ខាង​ភាគី​ក្រសួង​ការងារ ​និង​ថៅកែ​រោង​ចក្រ​ W&D Cambodia Co., LTD​ ​កំពុង​ធ្វើការ​ចរចា​គ្នាដើម្បី​បើក​ផ្លូវឲ្យកម្មករ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​នោះ​ បាន​ត្រឡប់​ចូល​មក​ធ្វើការ​ដូច​ដើម​វិញ។​

«យើង​គ្រាន់​តែដឹង​ក្រៅ​ផ្លូវ​ការ​ថា​ ក្រុមហ៊ុន​ និង​ក្រសួង​ហ្នឹង​កំពុងតែ​សម្រួល​ដើម្បី​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​វិញ​ បន្ទាប់​ពី​ដាក់​ពាក្យ​បណ្តឹង​មក​យើង​រយៈពេល​មួយ​ថ្ងៃ​ ​ ហើយ​យើង​កំពុង​តែធ្វើការ​រឿង​ហ្នឹង។​ ឥឡូវ​យើង​ដាក់​បណ្តឹង​ទៅ​ក្រុម​ហ៊ុន ​ដាក់​ទៅ​ក្រសួង​ហ្នឹង​ ហើយ​ចង់​មាន​កិច្ច​ព្រមព្រៀង​មួយ​ច្បាស់​លាស់ជាមួយ​ក្រុម​ហ៊ុន​ ដើម្បី​កុំ​ឲ្យ​គេ​ដាក់​កម្មករ​ចូល​ទៅ​កិច្ច​សន្យា​ថ្មី​ ឬក៏​គ្មាន​កិច្ច​សន្យា​ច្បាស់​លាស់​ ដែល​អាច​បញ្ឈប់​គាត់​ថ្ងៃណា​មួយ​ រយៈ​ពេល​ខ្លី​ហ្នឹង​ ហើយ​កម្មករ​ហ្នឹងគឺកំពុង​តែ​នៅ​រង់​ចាំ​ការ​ដោះស្រាយ​របស់​យើង​ ដើម្បី​មាន​កិច្ច​ព្រម​ព្រៀង​ច្បាស់លាស់​ដែរ​បាទ»។​

លោក​ ​អាត់ ធន់​ ​អះអាង​ថា​ ការ​តវ៉ា​របស់​កម្មករ​ដើម្បី​ទាមទារ​ប្រាក់​អតីតភាព​ការងារ​ប្រចាំ​ឆ្នាំ​នេះគឺ​មិន​ផ្ទុយ​នឹង​ច្បាប់ស្តីពី​ការងារ​នោះ​ទេ។ ​លោក​ថា​ បើកម្មករទាមទារ​បាន​ពីថៅ​កែក៏មិន​ខុសឆ្គង ​ តែបើ​ថៅកែ​មិន​ឲ្យ​គឺ​ភាគីខាង​ថៅកែ​ជា​អ្នក​ខុស។​

មេ​ដឹកនាំ​សហជីព​រូបនេះ​បន្ថែម​ថា​ ​កម្មករ​មិន​សូវយល់​ពី​នីតិវិធី​នៃ​ការ​ទទួល​បាន​ប្រាក់​អតីត​ភាព​ការងារ​ប្រចាំ​ឆ្នាំ​ ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​ ដែល​នឹង​ត្រូវ​អនុវត្ត​ពី​ឆ្នាំ​២០១៩​ ទើប​បណ្តាល​ឲ្យ​ពួក​គេ​ក្រោក​តវ៉ា។​ លោក​បញ្ជាក់​ទៀត​ថា​ ដើម្បី​បញ្ចប់​វិវាទ​នេះ ក្រសួង​ការងារ​ត្រូវផ្តើម​ពន្យល់​ក្រុម​កម្មករ​ឲ្យច្បាស់​អំពី​ប្រភេទ​កិ​ច្ច​សន្យា​ការងារ​ និង​ភាគី​និយោជក​ត្រូវពន្យល់​កម្មករ​ឲ្យ​បាន​ច្បាស់​ពីការ​ទូទាត់​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ប្រចាំ​ឆ្នាំ​នេះ។​

VOA ​មិនទាន់​អាច​សុំការ​អធិប្បាយ​ពី​លោក​ហេង សួរ​ អ្នក​នាំ​ពាក្យក្រសួង​ការងារបាន​ទេ​ នៅថ្ងៃ​ព្រហស្បតិ៍​នេះ។

លោកខេន លូ​ ​អគ្គ​លេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ បាន​ប្រាប់​ VOA ​ថា ​ រោង​ចក្រ​ W&D Cambodia Co., LTD​ បាន​ធ្វើតាម​ច្បាប់​ក្នុង​ការ​បញ្ឈប់​កម្មករ​ តែ​លោក​ថា​ ​ខាង​សមាគម​កំពុង​សម្រប​សម្រួល​ឲ្យ​រោងចក្រ​នេះ​ ពិចារណា​ទទួល​យក​កម្មករ​វិញ​ ព្រោះ​រោង​ចក្រ​ក៏​ត្រូវ​ការ​កម្លាំង​កម្មករ​ផង​ដែរ។​

«ទទូល​ ឬ​មិន​ទទួល​កម្មករ​ចូលធ្វើការ​វិញ​ អាហ្នឹង​ស្ថិត​នៅ​លើ​រោងចក្រ​ទេ។​ យើង​គ្រាន់​តែ​បានប្រាប់​រោង​ចក្រថា​ ​ពិចារណា ព្រោះ​រោងចក្រ​ត្រូវ​ការ​កម្មករ​ដែរ។ ​ រោងចក្រ​អត់​មាន​កម្មករ ក៏​ដំណើ​រការ​អត់​កើត​ទេ»។​

VOA ព្យាយាម​សុំ​ការ​អធិប្បាយពី​ភាគី​រោងចក្រ​ W&D Cambodia Co., LTD​ តាម​លេខទូរស័ព្ទ​ដែល​មាន​នៅលើ​គេហទំព័រ​របស់​ GMAC ​ ​តែមិន​ទាន់​អាច​ទាក់​ទងបាន​ទេ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

ឧស្សាហ​កម្ម​កាត់​ដេរ​ ដែល​ជា​ឆ្អឹង​ខ្នង​សំខាន់​មួយ​សម្រាប់​ទ្រទ្រង់​កំណើន​សេដ្ឋ​កិច្ច​នៅ​ប្រទេស​កម្ពុជាបាន​ផ្តល់ការ​ងារ​ដល់​កម្មករ​ជាង​៧០​ម៉ឺន​នាក់​ដែល​ភាគ​ច្រើន​ជា​ស្ត្រី។ ​ឧស្សាហ​កម្ម​នេះត្រូវ​ក្រុម​អ្នក​វិភាគ​មើល​ឃើញ​ថា​ ​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដ​ប្រជា​ ដោយសារ​តែ​ការ​គំរាម​ដក​ការ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​មក​លើ​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ចូលទីផ្សារអឺរ៉ុប។​ សហភាព​អឺរ៉ុប​គឺ​ជា​ទីផ្សារ​ដ៏បំផុត​ បន្ទាប់​ពីសហ​រដ្ឋ​អាមេរិក​សម្រាប់​ទំនិញ​កាត់​ដេរ​កម្ពុជា។​

ធនាគារ​ពិភពលោក​ក៏​បាន​ព្រមាន​កាល​ពី​ពេល​កន្លង​មក​ថា​ ​សេដ្ឋកិច្ច​កម្ពុជា​ក៏​នឹង​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ធំ​មួយ​ផង​ដែរ​ ក្នុង​ករណី​មាន​ការ​សើរើ​ឡើង​វិញ​នៃ​ការ​អនុគ្រោះ​ពន្ធ​ដល់​ទំនិញ​កម្ពុជា​ និង​ការ​ធ្លាក់​ស្រុត​ចុះ​របស់​សេដ្ឋ​កិច្ច​ប្រទេស​ចិន។​

សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ធ្លាប់បាន​លើក​ឡើង​ថា​ ​ការ​ផ្អាក​បណ្តោះ​អាសន្ន​នូវ​កម្ម​វិធី​អនុគ្រោះ​ពន្ធ​លើ​«គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើក​លែង​តែ​សព្វាវុធ»​ ឬ​ហៅ​ថា​ ​EBA​ ​ឬ​ក៏​ការ​ដាក់​ទណ្ឌ​កម្ម​ឯកតោ​ភាគី​រយៈ​ពេល​ខ្លី​ណា​មួយ​ អាច​នឹង​មាន​ផល​ប៉ះ​ពាល់​រយៈពេល​វែង​លើ​ជីវិត​កម្មករ​ ​និង​គ្រួសារ​របស់​ពួក​គេ។

ដោយ​ឡែក​ លោក​អាត់ ធន់បាន​ឲ្យដឹង​ថា​ ចលនា​នៃ​ការ​តវ៉ា​មិន​បង់​ប្រាក់​អតីត​ភាព​ការងារ​ប្រចាំ​ឆ្នាំ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​នេះ​ កំពុងតែ​កើត​ឡើង​នៅ​ក្នុង​វិស័យ​ផ្សេង​ទៀត​ ក្រៅពី​វិស័យ​កាត់​ដេរ​នេះ៕