ល្បែង​កម្សាន្ត​បន្ថែម​ភាព​សប្បាយ​រីករាយ​ទៅ​ក្នុង​សិក្ខាសាលា​ប្រឆាំង​នឹង​ការជួញដូរ​ខុស​ច្បាប់​នៅ​វៀតណាម

កម្មករ​ធ្វើ​ការ​នៅ​រោងចក្រ​វាយនភ័ណ្ឌ TAL នៅ​ក្នុង​ខេត្ត Vinh Phuc ប្រទេស​វៀតណាម កាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧។

ល្បែង​បែប​សួរ​សំណួរ​និង​ល្បែង​បោះ​កង​ដែល​ត្រូវ​បាន​គេ​លេង​កម្សាន្ត​នៅ​តាម​រោង​ចក្រ​នៅ​ទូទាំង​ប្រទេស​វៀតណាម​គឺ​មិន​មែន​ធ្វើ​ឡើង​ដើម្បី​តែ​ការ​កម្សាន្ត​នោះ​ទេ។​បុគ្គលិក​សប្បុរសធម៌​ប្រើប្រាស់​ល្បែង​កម្សាន្ត​ទាំង​អស់​នោះ​ដើម្បី​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ ជាមួយ​នឹង​ជំនួយ​ដែល​បាន​ពី​រដ្ឋាភិបាល​និង​ស្ថាប័ន​បរទេស។​

កម្មករ​រោងចក្រ​លេង​ល្បែង​កម្សាន្ត​ទាំង​នេះ ដើម្បី​ជា​ផ្នែក​មួយ​នៃ​សិក្ខាសាលា​បណ្តុះបណ្តាល​ក្នុង​ការ​លើក​កម្ពស់​ការយល់​ដឹង​អំពី​ការ​ជួញដូរ​មនុស្ស ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​មិន​ស្វែង​រក​ប្រាក់​កម្រៃ​មួយ ឈ្មោះ​ថា​ មូលនិធិ​ Pacific Links។ អង្គការ​នេះ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​បរទេស​ជាច្រើន​ដែល​ទិញ​ទំនិញ​ពី​សហគ្រាស​នៅ​ក្នុង​ប្រទេស​វៀតណាម។​ ក្រុមហ៊ុន​បរទេស​ទាំង​នោះ​មាន​ដូច​ជា​ ក្រុមហ៊ុន Walmart​ ក្រុមហ៊ុនAbercrombie & Fitch​ ក្រុមហ៊ុនExpress​ និង​ក្រុមហ៊ុន Victoria's Secret ជាដើម។

នៅ​ក្នុង​សិក្ខា​សាលា​ទាំង​នោះ​ ពលរដ្ឋ​វៀតណាម​អាច​រៀន​សូត្រ​អំពី​ល្បិចកល​ដែល​ឈ្មួញ​ជួញដូរ​មនុស្ស​ប្រើ​ ដើម្បី​ចាប់​ពួកគេ​នៅ​តាម​តំបន់​ឧស្សាហកម្ម​នានា។ នេះ​ជា​ប្រធានបទ​ដ៏​សំខាន់​មួយ​ បើ​ទោះ​ជា​អ្នក​ណែ​នាំ​អំពី​ប្រធានបទ​នេះ​បាន​បន្ថែម​ល្បែង​កម្សាន្ត​សប្បាយ​ខ្លះ​ ដែល​មាន​ដូចជា​ការ​ផ្តល់​រង្វាន់​សម្រាប់​អ្នក​ចូលរួម​ឆ្លើយ​សំណួរ​ក៏​ដោយ។

អ្នក​ស្រី​ Diep Vuong​ ដែល​ជា​សហ​ស្ថាបនិក​នៃ​មូលនិធិ​ Pacific Links​ បាន​ពន្យល់​ពី​ចំណុច​សំខាន់​ដែល​មូលនិធិ​នេះ​ផ្តោត​ទៅ​លើ​ក្មេងៗ​និង​កម្មករ​រោងចក្រ​ ដែល​ងាយ​នឹង​ចាញ់​ល្បិច​ពួក​ឈ្មួញ ដែល​សន្យា​ផ្តល់​ការងារ​មិន​ច្បាស់​លាស់​នៅ​ប្រទេស​ក្រៅ។ អ្នក​ស្រី​បាន​ថ្លែង​ថា «តាម​រយៈ​ការងារ​របស់​យើង​ជា​មួយ​នឹង​អ្នក​ដែល​នៅ​រស់រាន​មាន​ជីវិត​ យើង​បាន​ឃើញ​ពី​និន្នាការ​មួយ​កំពុង​កើន​ឡើង​ ដែល​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​យក​ពី​តំបន់​ឧស្សាហកម្ម»។

អ្នកស្រី​បាន​បន្តថា​ ការ​ជួញ​ដូរ​មនុស្ស​គឺ​កំពុង​ «ឆក់​យក​អនាគត​របស់​យុវជន​និង​កម្មករ​របស់​យើង»។

ជន​រងគ្រោះ​អាច​ត្រូវ​បាន​គេ​បញ្ឆោត​ដោយ​សារ​ការ​សន្យា​ទទួល​បាន​ការងារ​ល្អ​នៅ​ប្រទេស​ក្រៅ​ ប៉ុន្តែ​នៅ​ពេល​ពួក​គេ​បាន​ទៅ​ដល់​ទើប​ដឹងថា​ ប្រាក់​កម្រៃ​ដែល​ទទួល​បាន​គឺ​តិច​ជាង​អ្វី​ដែល​បាន​ផ្សព្វ​ផ្សាយ​ ហើយ​លិខិត​ឆ្លង​ដែន​របស់​ពួក​គេ​ក៏​ត្រូវ​បាន​រឹប​អូស​ទុក​ ឬ​ពួក​គេ​ត្រូវធ្លាក់​ខ្លួន​ជំពាក់​បំណុល​គេ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ដោយ​សារ​តែ​ថ្លៃ​ឈ្នួល​ធ្វើ​ដំណើរ​និង​ថ្លៃ​ឈ្នួល​របស់​ភ្នាក់​ងារ​រកការងារ​ឲ្យ​ធ្វើ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​សកម្មជន​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស។

សម្រាប់​បណ្តា​ក្រុមហ៊ុន​វិញ​ ការ​ចូល​រួម​ក្នុង​យុទ្ធនាការ​បែប​នេះ​បាន​ក្លាយ​ទៅ​ជា​វិធី​មួយ​ដើម្បី​សម្រេច​គោល​បំណង​ទទួល​ខុស​ត្រូវ​សាជីវកម្ម​សង្គម​របស់​ពួកគេ។

លោក​ Scott Price​ អនុ​ប្រធាន​ប្រតិបត្តិ​ខាង​ឥទ្ធិពល​សកលលោក​របស់​ក្រុមហ៊ុន Walmart បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយជាមួយ​នឹង​មូលនិធិ Pacific Links ​ កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ​ថា «ប្រទេស​វៀតណាម​គឺ​ជា​ប្រភព​ទីផ្សារ​ដ៏​សំខាន់​មួយ។ គោលដៅ​យូរអង្វែង​របស់​យើង គឺ​យើង​ចង់​ធ្វើ​ការ​នៅ​កន្លែង​ណា ដែល​យើង​អាច​ទប់ស្កាត់​ការ​បង្ខំ​កម្លាំង​ពលកម្ម​ចាប់​តាំង​ពី​ដំបូង​ឡើយ»។ ​

ក្រុមហ៊ុន Walmart​ គាំទ្រ​សិក្ខាសាលា​នានា​របស់​មូលនិធិ​ Pacific Links​ ដែល​ត្រូវ​គេ​ស្គាល់​ជា​រួម​ថា​ កម្មវិធី​ "FACT"​ ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ខែ​មីនា​មក។ ក្រៅ​ពី​បាន​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​និង​រក​អ្នក​ស្ម័គ្រ​ចិត្ត​ ក្រុមហ៊ុន​នេះ​ក៏​បាន​ជួយ​ឧបត្ថម្ភ​ដល់​គម្រោង​ដែល​ពាក់ព័ន្ធ​នានា ​ដូច​ជា​បង់ថ្លៃ​សាលា​និង​ផ្តល់​កង់​ដល់​ក្មេងស្រី​វៀតណាម​ ក្នុង​គោល​បំណង​ជួយ​ឲ្យ​ពួក​គេ​បាន​បន្ត​ការ​សិក្សា ជា​ពិសេស​ជួយ​ដល់​គ្រួសារ​នៅ​តាម​ទីជនបទ​ ដែល​ពេល​ខ្លះ​ពួកគេ​ផ្តល់​អាទិភាព​លើ​ក្មេង​ប្រុស​ជាង​ នៅ​ពេល​ដែល​ពួក​គេ​មិន​មាន​លទ្ធភាព​សម្រាប់​ផ្គត់​ផ្គង់​កូនៗទាំង​អស់​ឲ្យ​ទៅ​សាលារៀន​បាន។

នាង Nguyen Le Anh Thu​ គឺ​ជា​អ្នក​ទទួល​បាន​អាហារូបករណ៍​ម្នាក់​ពី​កម្មវិធី​នេះ។ នាង​បាន​រៀប​រាប់​ពី​ភាព​លំបាក​លំបិន​របស់​នាង​កាល​ពី​មុន​ថា​ ការ​ព្រួយ​បារម្ភ​ធំ​ជាង​គេ​នៅ​ក្នុង​គ្រួសារ​របស់​នាង​គឺ​ការ​ហូប​ចុក​គ្រប់គ្រាន់ មិនមែន​ការ​ដែល​បាន​ទៅ​រៀន​សូត្រ​នោះ​ទេ។ ដើម្បី​បាន​ប្រាក់​មួយ​ឬ​ពីរ​ដុល្លារ​ក្នុង​មួយថ្ងៃ​ នាង​ត្រូវ​ជួយ​ម្តាយ​របស់​នាង​បក​សំបក​ផ្លែ​ឈើ​ដើម្បី​លក់​ និង​ត្រូវ​សន្សំ​លុយ​ទាំងនោះ​ដើម្បី​ទិញ​ថ្នាំ​ឲ្យ​ជីដូន​របស់​នាង​ទៀត​ផង។

នាង Anh Thu​ ធ្វើ​ឲ្យ​អ្នក​មិន​ស្គាល់​នាង​ចូលចិត្ត​ តាម​រយៈ​ការនិយាយ​បែប​អៀនៗ​ជាមួយ​និង​ស្នាម​ញញឹម​ជា​ញឹកញាប់​របស់​នាង​ ដោយសារ​តែ​នាង​កំពុង​ហ្វឹកហាត់​និយាយ​ភាសា​អង់គ្លេស​ ដែល​នាង​ទើប​តែ​បាន​រៀន។ នាង​បាន​និយាយ​ថា «ខ្ញុំ​គិត​ថា​ មាន​តែ​ការ​អប់រំ​ទេ ដែល​ជា​មធ្យោបាយ​តែមួយ​គត់​ដែល​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ចេញ​ផុត​ពី​ភាព​ក្រី​ក្រ​បាន»។

គោល​គំនិត​នៃ​កម្មវិធី​នេះ​គឺ​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ងាយរងគ្រោះ មុន​ពេល​ដែល​ឈ្មួញ​ជួញដូរ​មនុស្ស​ធ្វើ​បាប​ពួកគេ​ ហើយ​និង​សហការ​ជាមួយ​នឹង​ពួកគេ​ដើម្បី​សម្រេចនូវ​ស្ថិរភាព​សេដ្ឋកិច្ច​ឲ្យ​បាន​កាន់​តែ​ច្រើន​ ដូច្នេះ​ពួក​គេ​មាន​ការ​លើក​ទឹក​ចិត្ត​រឹត​តែ​តិច​ចំពោះ​ការទៅ​ធ្វើ​ការ​ខុស​ច្បាប់​នៅ​ក្រៅ​ប្រទេស។

អ្នកស្រី​ Mary Tarnowka​ អគ្គ​កុងស៊ុល​អាមេរិក​ ដែល​មាន​ការិយាល័យ​នៅ​ទីក្រុង​ហូជីមិញ បាន​រៀប​ចំ​សន្និសីទ​នេះ។ អ្នកស្រី Tarnowka​ បាន​មាន​ប្រសាសន៍​ថា​ «វិធានការ​បង្ការ​ទុកជាមុន ដូចជា​ការ​តាម​ដានកម្មវិធី​ជ្រើសរើស​ពលករ​ ការ​តស៊ូ​របស់​សហគមន៍​និង​ការ​ជំរុញ​សេដ្ឋកិច្ច​ ហើយ​និង​យុទ្ធនាការ​លើក​កម្ពស់​ការ​យល់ដឹង​ សុទ្ធ​តែជា​វិធានការ​សំខាន់ៗ​ក្នុង​ការ​ជួយ​អប់រំ​សហគមន៍​ដែល​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ និង​ជួយ​ពង្រឹង​ដល់​ការ​ការពារ​ពួកគេ ​កុំ​ឲ្យ​មាន​ករណីជួញដូរ​កើត​ឡើង​ទៀត​នា​ពេល​អនាគត»។

មូលនិធិ​ Pacific Links​ បាន​ឲ្យ​ដឹង​ថា​ ពួក​គេ​ធ្វើ​ការ​លើ​វិធានការ​បង្ការ​ដូចជា​ ការ​បង្កើន​ចំណេះ​ដឹង​ខាង​ហិរញ្ញវត្ថុ​ ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​នីមួយៗ​ចេះ​គ្រប់គ្រង​ថវិកា​របស់​ខ្លួន​ ហើយ​មូលនិធិ​នេះ​ក៏​ធ្វើ​ការ​ទៅ​លើ​វិធានការ​ប្រតិកម្ម​ផង​ដែរ​ ដូចជា​ការ​ផ្តល់​ជម្រក​និង​បញ្ចូលជន​រង​គ្រោះ​ដែល​បាន​ត្រឡប់​មក​ប្រទេស​វៀតណាម​វិញ​ទៅ​ក្នុង​សហគមន៍​របស់​ពួកគេ​ជាថ្មី​ផង​ដែរ។ ​យោង​តាម​មូលនិធិ​នេះ​ បញ្ហា​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​គឺ​ ថា ឈ្មួញ​ជួញដូរ​មនុស្ស​ជា​ច្រើន​នាក់​ក៏​ធ្លាប់​ជា​ជន​រង​គ្រោះដែរ។ នេះ​មាន​ន័យ​ថា​ពួក​គេបន្ត​នាំ​ឲ្យ​មនុស្ស​កាន់​តែ​ច្រើន​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​ការងារ​ដែល​ពួក​គេ​ធ្លាប់​ជួប​ប្រទះ៕

ប្រែសម្រួលដោយ លឹម ហ្គេចហៀង