យោងតាមការស្ទង់មតិថ្មីរបស់អង្គការ Gallup មានតែពលរដ្ឋអាមេរិកាំងម្នាក់ក្នុងចំណោម៣នាក់ ដែលបានគាំទ្រចំណាត់ការរបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ចំពោះកិច្ចព្រមព្រៀងអន្តរជាតិដើម្បីទប់ស្កាត់កម្មវិធីនុយក្លែអ៊ែរបស់អ៊ីរ៉ង់។
អ្នកស្ទង់មតិបានសាកសួរមនុស្សជាង១០០០នាក់ក្នុងរយៈពេល ៣ទៅ៤ថ្ងៃកន្លងមកនេះ ហើយបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា មានការមិនយល់ស្របចំនួន៥៥ភាគរយនៃចំណាត់ការរបស់ប្រធានាធិបតីអូបាម៉ាចំពោះគោលនយោបាយអ៊ីរ៉ង់ ហើយ៣៣ភាគរយបានគាំទ្រគោលនយោបាយនេះ។
ការរកឃើញនេះស្រដៀងគ្នាទៅនឹងការស្ទង់មតិរបស់សាកលវិទ្យាល័យ Quinnipiac ដែលបានបង្ហាញកាលពីពេលថ្មីៗនេះថា ពលរដ្ឋអាមេរិកាំងបានជំទាស់ប្រឆាំងកិច្ចព្រមព្រៀងអ៊ីរ៉ង់ដែលបានសម្រុះសម្រួលដោយអន្តរជាតិនោះដោយមានគម្លាត២ទល់នឹង១។ សភាសហរដ្ឋអាមេរិក ឥឡូវនេះកំពុងឈប់សម្រាកវិសមកាល ក៏ប៉ុន្តែ មានផែនការបោះឆ្នោតនៅខែក្រោយថាតើផ្តល់ការយល់ព្រម ឬច្រានចោលកិច្ចព្រមព្រៀងដែលនឹងរារាំងអ៊ីរ៉ង់មិនឲ្យស្ថាបនាអាវុធនុយក្លែអ៊ែ ជាការដោះដូរដើម្បីលុបចោលការដាក់ទណ្ឌកម្មដែលបានធ្វើឲ្យមានការលំបាកខាងសេដ្ឋកិច្ចរបស់អ៊ីរ៉ង់។
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានទទួលពិន្ទុខ្ពស់ៗ ចំពោះបញ្ហាផ្សេងទៀតដែលអង្គការ Gallup បានសាកសួរ រួមមានទំនាក់ទំនងខាងជាតិសាសន៍ ការអប់រំ សេដ្ឋកិច្ច ភេរវកម្ម និងកិច្ចការបរទេស។ ទោះជាយ៉ាងណាក៏ដោយ លោកមិនទទួលបានការគាំទ្រខ្លាំងលើបញ្ហាណាមួយទេ។
អង្គការ Gallup បានប្រាប់ឲ្យដឹងថា អត្រាគាំទ្រលោកប្រធានាធិបតីទាំងអស់មានតែ៤៧ភាគរយតែប៉ុណ្ណោះ៕