មេដឹកនាំនៅកិច្ចប្រជុំកំពូល G7 នៅប្រទេសអាល្លឺម៉ង់កំពុងពិភាក្សាគ្នា ចូលដល់ថ្ងៃទី២និងជាថ្ងៃចុងក្រោយនៅថ្ងៃច័ន្ទនេះ ដោយផ្តោតការចាប់អារម្មណ៍លើបញ្ហាអាកាសធាតុនិងថាមពល ហើយនិងការពិភាក្សាជាមួយសមភាគីរបស់គេមកពីបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក។
នៅមុនពេលកិច្ចប្រជុំកំពូលនេះចាប់ផ្តើមកាលពីថ្ងៃអាទិត្យ លោកបារ៉ាក់អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិកនិងលោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់បានជួបពិភាក្សាគ្នា។ ភាគីសេតវិមានបានឲ្យដឹងថា មានការព្រមព្រៀងគ្នាអំពី រយៈពេលនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងប្រទេសរុស្ស៊ីគឺអាស្រ័យលើការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់របស់រុស្ស៊ីក្នុងប្រទេស អ៊ុយក្រែន។
លោកស្រីអធិការបតី Merkel បានប្រាប់សាធារណជនអាល្លឺម៉ង់ក្នុងការផ្សាយតាមទូរទស្សន៍អាល្លឺម៉ង់ ARD ថា រដ្ឋាភិបាលក្រុងមូស្គូគួរតែនៅក្រៅសហគមន៍ G7 ដោយសារតែសកម្មភាពរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។
លោកស្រីនិយាយថា នៅពេលនេះមានឧបសគ្គច្រើន ហើយលោកស្រីមិនអាចមើលឃើញថា បញ្ហានេះនឹងចប់ឆាប់ៗនោះទេ។
លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីមិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំនេះពីរឆ្នាំជាប់ៗគ្នា៕