ជំនួបរបស់មេដឹកនាំក្រុមប្រទេសដែលមានឧស្សាហកម្មជឿនលឿនជាងគេទាំង ៧ ប្រទេស ឬ G7 នៅក្នុងប្រទេសអ៊ីតាលី កាលពីថ្ងៃសុក្រ បានរិះគន់យ៉ាងខ្លាំងចំពោះប្រទេសចិន ដោយបានព្រមានឱ្យរដ្ឋាភិបាលក្រុងប៉េកាំងបញ្ឈប់ការបញ្ជូនគ្រឿងបម្លាស់អាវុធទៅប្រទេសរុស្ស៊ី ហើយនឹងធ្វើទៅតាមច្បាប់ពាណិជ្ជកម្ម។ នេះបើតាមសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍របស់ជំនួបកំពូលនោះ ហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ចិនបានក្លាយជាការយកចិត្តទុកដាក់ដ៏សំខាន់មួយរបស់ការពិភាក្សារបស់ក្រុមប្រទេស G7 នៅក្នុងទីក្រុង Puglia នៅពេលកំពុងមានទំនាក់ទំនងពាណិជ្ជកម្មល្វីងជូរចត់រវាងរដ្ឋាភិបាលក្រុងប៉េកាំងនិងប្រទេសលោកខាងលិច ហើយនឹងការព្រួយកង្វល់ថា ការផ្គត់ផ្គង់ឧបករណ៍របស់ចិនដល់រដ្ឋាភិបាលក្រុងមូស្គូកំពុងបញ្ឆេះសង្គ្រាមរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។
សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍ដែលទីភ្នាក់ងារសារព័ត៌មាន AFP បានឃើញគឺថា៖ «យើងអំពាវនាវដល់ប្រទេសចិនឱ្យបញ្ឈប់ការផ្ទេរសំភារៈ ដែលប្រើសម្រាប់ពីរយ៉ាង រួមមានគ្រឿងបម្លាស់អាវុធនិងឧបករណ៍ ដែលដាក់បញ្ចូលសម្រាប់ផ្នែកការពារប្រទេសរបស់រុស្ស៊ី»។
ក្រុមប្រទេស G7 ក៏បានរិះគន់អ្វីដែលខ្លួនបានហៅថា ការលុកលុយ«ប្រកបដោយគ្រោះថ្នាក់» ដោយប្រទេសចិននៅក្នុងសមុទ្រចិនខាងត្បូង ដែលមានការប្រកួតប្រជែងគ្នា ជាទីកន្លែងដែលការព្រួយបារម្ភពីការរីករាលដាលខាងយោធារវាងរដ្ឋាភិបាលក្រុងប៉េកាំងនិងប្រទេសជិតខាងរបស់ខ្លួនកំពុងកើនឡើង។
សេចក្តីថ្លែងការណ៍ដែលប្រើភាសាធ្ងន់ៗជាងជំនួបកំពូលកាលពីឆ្នាំទៅក្នុងប្រទេសជប៉ុនថា៖ «យើងជំទាស់សកម្មភាពយោធា ការបង្ខិតបង្ខំនិងការបំភិតបំភ័យរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង»។
បន្ទាប់ពីជំនួបថ្ងៃទី ១ ដែលគ្របដណ្តប់ដោយបញ្ហាប្រទេសអ៊ុយក្រែនមក ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងមេដឹកនាំប្រទេសជប៉ុន បារាំង អាល្លឺម៉ង់ កាណាដា ចក្រភពអង់គ្លេសនិងអ៊ីតាលី ដែលប្រទេសម្ចាស់ផ្ទះបានបង្វែរការយកចិត្តទុកដាក់របស់ខ្លួនលើប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទី ២ របស់ពិភពលោកជាមហាអំណាចដែលមានឥទ្ធិពលរបស់ខ្លួនលើភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្មសាកលលោកដែលមិនអាចមើលស្រាលបាន។
ប្រភពរដ្ឋាភិបាលជប៉ុនបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា៖ «ក្រុមប្រទេស G7 បានត្រូវរ៉ូវគ្នាចំពោះការប្រឈមជាមួយចិន»៕