នៅថ្ងៃច័ន្ទនេះ បណ្តារដ្ឋមន្រ្តីការបរទេសនៃប្រទេសអភិវឌ្ឍន៍ លទ្ធិប្រជាធិបតេយ្យដែលជាសមាជិកក្រុម G7 បានចេញសេចក្តីប្រកាសរួមមួយនៅក្នុងប្រទេសជប៉ុន ដោយបានអំពាវនាវមិនឲ្យមានអាវុធនុយក្លេអ៊ែរនៅក្នុងពិភពលោក។ សេចក្តីប្រកាសដែលត្រូវបានគេហៅថា សេចក្តីប្រកាស Hiroshima ដកស្រង់ស្ថានភាពសន្តិសុខនៅក្នុងប្រទេសស៊ីរីនិងប្រទេសអ៊ុយក្រែន ក៏ដូចជា ការហាមឃាត់ទៅលើការសាកល្បងនុយក្លេអ៊ែរនិងគ្រាប់មីស៊ីលដែលកូរ៉េខាងជើងបានបំពានម្តងហើយម្តងទៀត ដែលជាឧបសគ្គនៃចក្ខុវិស័យនេះ។
លោក John Kerry រដ្ឋមន្រ្តីការបរទេសអាមេរិក នៅថ្ងៃច័ន្ទនេះ បានក្លាយទៅជាមន្រ្តីកំពូលមួយរូបរបស់អាមេរិក ជាមួយនឹងដៃគូរបស់លោកមកពីប្រទេសអាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស ជប៉ុន កាណាដា និងបារាំង បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Hiroshima ដែលសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូលើកដំបូងបង្អស់ ដើម្បីបញ្ចប់សង្គ្រាមលោកលើកទី២កាលពី៧១ឆ្នាំមុន។ គេរំពឹងថាលោកប្រធានាធិបតីអាមេរិក Barack Obama នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងនោះដូចគ្នានៅពេលដែលក្រុមមេដឹកនាំ G-7 ជួបប្រជុំគ្នា នៅខែឧសភាខាងមុខនេះ។
មុនពេលធ្វើដំណើរទៅកាន់កន្លែងគោរពវិញ្ញាណក្ខន្ធនិងសារមន្ទីរនៅក្នុងទីក្រុង Hiroshima និងកន្លែងទម្លាក់គ្រាប់បែកបរមាណូនោះ លោក Kerry បានថ្លែងអំពីសារៈសំខាន់នៃវត្តមានរបស់លោកថា ដំណើរទស្សនកិច្ចរបស់លោកគឺមិនមែនដើម្បីអតីតកាលនោះទេ ប៉ុន្តែវាគឺដើម្បីបច្ចុប្បន្ននិងអនាគតនិងចំណងរឹងមាំរវាងសហរដ្ឋអាមេរិកនិងជប៉ុន ក៏ដូចជាដើម្បីសន្តិភាពពិភពលោកផងដែរ។
កាលពីថ្ងៃអាទិត្យ រដ្ឋមន្រ្តីទាំង៧រូបបានពិភាក្សាអំពីបញ្ហានានានៅក្នុងពិភពលោកផងដែរ ដោយរួមមានទាំងការគំរាមកំហែងថ្នាក់តំបន់ដែលកើតឡើងដោយសារការពង្រីកវត្តមានរបស់ចិននៅសមុទ្រចិនខាងត្បូង និងកម្មវិធីនុយក្លេអ៊ែរនិងគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង៕