ក្រុម​ប្រទេស ​G-7 ​នឹង​ផ្តល់​វ៉ាក់សាំង​​ជំងឺ​​កូវីដ១៩​ចំនួន​១.០០០​លាន​ដូស​ដល់​ពិភពលោក​

នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson ពិភាក្សា​ជាមួយ​លោក Joe Biden ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ នៅ​រមណីយដ្ឋាន​ឆ្នេរ​សមុទ្រ Carbis Bay នៅ​ចក្រភព​អង់គ្លេស​កាល​ពី​​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០២១។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​មុន​បើក​សន្និសីទ​កំពូល ​G-7 ​នៅ​ថ្ងៃ​សុក្រ​នេះ​នៅ​ក្នុង​ចក្រភព​អង់គ្លេសលោក​ Boris Johnson ​នាយករដ្ឋមន្ត្រី​អង់គ្លេស​បាន​ប្រកាស​ថា​ក្រុម​ប្រទេស​ G-7​មាន​គម្រោង​ផ្តល់​វ៉ាក់សាំង​កូវីដ១៩​ចំនួន​១​ពាន់​លាន​ដូស​ដល់​បណ្តា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម។​

ការ​ប្រកាស​របស់​លោក ​Johnson ធ្វើឡើង​បន្ទាប់​ពីប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​Joe Biden ​បាន​និយាយ​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថារដ្ឋបាល​របស់​លោក​នឹង​ផ្តល់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​Pfizer​ចំនួន​៥០០​លាន​ដូសដែល​មាន​ចំនួន​ពាក់​កណ្តាល​នៃវ៉ាក់សាំង​របស់​ក្រុម​ប្រទេស​G-7​បាន​សន្យា។​

លោក​ប្រធានាធិបតី​ Biden​ បាន​បញ្ជាក់​ថា៖​ «យើង​នឹង​ជួយ​ដឹកនាំ​ពិភពលោក​ចេញ​ពី​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​ដោយ​ធ្វើការ​ជាមួយ​ដៃគូ​របស់​យើង​ក្នុង​សាកលលោក»។​

ចក្រភព​អង់គ្លេស​នឹង​ផ្តល់​វ៉ាក់សាំង​ចំនួន​១០០​លាន​ដូស។​

លោក​ប្រធានាធិបតី​Biden​បាន​ថ្លែង​នៅ​ក្នុង​ស្រុក​Cornwall​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​វ៉ាក់សាំង​របស់​សហ​រដ្ឋ​អាមេរិក​នឹង​ចាប់ផ្តើម​ដឹក​ជញ្ជូន​ចេញ​នៅ​ក្នុង​ខែសីហា។​លោក​បាន​បញ្ជាក់​ទៀត​ថា​វ៉ាក់សាំង​ចំនួន​២០០​លាន​ដូស​នឹង​ត្រូវ​ផ្គត់ផ្គង់​នៅ​ចុង​ឆ្នាំ​នេះ​ហើយ​៣០០​លាន​ដូស​ទៀត​នឹង​ផ្តល់នៅ​អំឡុង​ពាក់​កណ្តាល​ឆ្នាំ​២០២២។​

លោក​ប្រធានាធិបតី​Biden​មាន​ប្រសាសន៍​ទៀត​ថា​ការ​បរិច្ចាគ​វ៉ាក់សាំង​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​គ្មាន​ចំណង​ទេ។​

លោក​Albert Bourla ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Pfizer​បាន​ចូលរួម​ជាមួយ​លោក​ប្រធានាធិបតី​Biden​នៅ​ក្នុង​ការ​ប្រកាស​នេះ។​

លោក​Bourla​បាន​និយាយ​ថា៖​«យើង​កំពុង​សាកល្បង​វ៉ាក់សាំង​របស់​យើង​ជា​មួយវីរុស​បំប្លែង​ថ្មី​ដែល​កំពុង​កើន​ឡើង»។​លោក​បាន​កត់​សម្គាល់​ថា​រហូត​មកទល់​ពេល​នេះ​មិន​មាន​វីរុស​បំប្លែងថ្មី​ណាមួយ​បាន​គេច​ផុត​ពី​ការ​ការពារ​របស់​វ៉ាក់សាំង​ទេ៕