ប្រទេស G-20 ប្រឈមនឹង​វិសមភាព​វ៉ាក់សាំង

រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden ថ្លែង​អំពី​ការសន្យា​របស់​រដ្ឋបាល​របស់​លោក​ក្នុង​ការបរិច្ចាគ​វ៉ាក់សាំង Pfizer ចំនួន ៥០០ លានដូស ដល់​ប្រទេស​ក្រីក្រ​បំផុត​ក្នុង​ពិភពលោក ក្នុង​អំឡុងពេល​ទស្សនកិច្ច​នៅ​ចក្រភព​អង់គ្លេស កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។

នៅ​ពេល​ការ​រាតត្បាត​របស់​វីរុស​កូរ៉ូណា​ បន្តធ្វើ​ឱ្យ​ពិភពលោក​មាន​អ្នក​ចាក់​វ៉ាក់សាំង​និង​អ្នកមិន​ចាក់​វ៉ាក់សាំង​នោះ មេដឹកនាំ​ប្រទេស​អ្នក​មាន​បំផុត​ចំនួន​២០​ក្នុង​ពិភពលោក នឹង​ជួបប្រជុំ​គ្នា​នៅ​ចុង​សប្តាហ៍​នេះ​ ដើម្បី​ពិភាក្សា​អំពី​វិធី​ដោះស្រាយអំពី​ការបែងចែង​ដ៏​ខ្លាំង​នេះ។

កង្វល់​អំពី​ជំងឺ​រាតត្បាត​នេះ​ ទំនងជា​ប្រធានបទ​ដ៏ធំ​សម្រាប់​កិច្ច​ប្រជុំ​ដោយ​ផ្ទាល់​ជាលើក​ដំបូង​របស់​មេដឹក​នាំ G-20 ចាប់តាំង​ពី​ឆ្នាំ ​២០១៩​ ហើយ​សមភាព​វ៉ាក់សាំង​ គឺជា​បញ្ហា​កំពូល។ កិច្ច​ប្រជុំ​កំពូល​ចាប់​ផ្តើម​នៅ​ថ្ងៃ​សៅរ៍ ​នៅ​ទីក្រុង​រ៉ូម​នៃ​ប្រទេស​អ៊ីតាលី។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden អះអាង​ថា សហ​រដ្ឋ​អាមេរិក​ ​ជាប្រទេស​មាន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក ហើយ​ក៏​ជា«ប្រទេស​មាន​វ៉ាក់សាំង​ច្រើន​បំផុត​ក្នុង​ពិភពលោក» ​ផង​ដែរ។ ចំនួន​វ៉ាក់សាំង​បរិច្ចាគដ៏​ច្រើន​ដែល​សហ​រដ្ឋ​អាមេរិក​បាន​សន្យាបរិច្ចាគ​មាន​ ១.១ ពាន់​លាន​ដូស​ គឺ​ច្រើនជាង​ការបរិច្ចាគ​របស់​ប្រទេស​ផ្សេង។

ទោះ​យ៉ាង​ណា ពួក​អ្នក​តស៊ូ​មតិ​ផ្នែក​សុខភាព​និយាយ​ថា វា​មិន​ទាន់​គ្រប់​គ្រាន់​ទេ។ វ៉ាក់សាំង​ដែល​បាន​សន្យា​ទាំង​នោះ​មាន​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ​ដែល​ត្រូវបាន​ចែកចាយ​ពិតប្រាកដ​ ហើយ​ការសិក្សា​ថ្មី​មួយ​ដោយ​ក្រុមហ៊ុន​វិភាគ​វិទ្យាសាស្ត្រ ​ឈ្មោះ Airfinity បាន​រកឃើញ​ថា ប្រទេស​ G-20 បាន​ទទួល​វ៉ាក់សាំង​កូវីដ១៩​ ចំនួន​១៥​ ដង​ច្រើន​ជាងបណ្តា​ប្រទេស​នៅ​តំបន់​សាហារ៉ា​ភាគ​ខាង​ត្បូងនៃ​ទ្វីប​អាហ្រ្វិក។

ពួក​មេដឹកនាំ​ពិភពលោក​បាន​និយាយ​ថា ពួកគេ​មាន​ឆន្ទៈ​ប្រឹងប្រែង​រួមគ្នា​បន្ថែម​ទៀត។ កាលពី​ខែ​កញ្ញា រដ្ឋមន្ត្រី​ប្រទេស G-20 បាន​ចុះ​ហត្ថលេខា​ជា​ឯកច្ឆ័ន្ទ​លើ​កិច្ច​ព្រមព្រៀង​ទីក្រុង​រ៉ូម​ ដែល​បាន​បញ្ជាក់​ជា​ថ្មី​អំពី​គោល​បំណង​របស់​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន ​៤០%​ នៃ​ចំនួន​ប្រជាជន​ក្នុង​ពិភពលោក​ត្រឹម​ឆ្នាំ​២០២១។

អ្នក​រិះគន់​ចង្អុល​ភ្លាមៗ​ថា ឯកសារ​នោះ​ មិន​មានការ​សន្យា​ជាក់លាក់​ទេ។ សកម្មជន​និង​ក្រុម​ផ្តល់​ជំនួយ​ កំពុង​ជំរុញ​ឱ្យ​ប្រទេស G-20 ធ្វើការ​សន្យា​ជាក់លាក់​ដើម្បី​ពន្លឿន​គម្រោង​ចែកចាយ​វ៉ាក់សាំង​ និង​មាន​សប្បុរសធម៌​បន្ថែម​ទៀត ហើយ​មិនមែន​ត្រឹមតែ​ផ្តល់​វ៉ាក់សាំង​ពិត​ប្រាកដ​ទេ ​ប៉ុន្តែត្រូវ​ជួយ​ខាង​បច្ចេកវិទ្យា ​និង​ឧបករណ៍​ចាក់​វ៉ាក់សាំង​ផង​ដែរ។

អ្នក​តស៊ូ​មតិ​អះអាង​ថា នេះ​មិន​មែន​គ្រាន់​តែ​ជា​បញ្ហា​សម្រាប់​អ្នក​មិន​ចាក់​វ៉ាក់សាំង​ទេ​ តែវា​ជា​បញ្ហា​ទាំងអស់​គ្នា៕