ក្រសួងយុត្តិធម៌និងមន្ត្រីពន្ធនាគារនឹងស៊ើបអង្កេតទៅលើសេចក្តីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ ដែលថា ទារកអាយុ៥ខែម្នាក់ដែលរស់នៅជាមួយម្តាយក្នុងពន្ធនាគារ បានស្លាប់កាលពីចុងខែមករាកន្លងទៅ។
យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូដែលបានចេញផ្សាយកាលពីព្រឹកថ្ងៃអង្គារនេះ ទារកអាយុ៥ខែម្នាក់ដែលរស់នៅជាមួយម្តាយដែលកំពុងជាប់ឃុំនៅក្នុងមណ្ឌលអប់រំកែប្រែទីពីរ បានស្លាប់នៅមន្ទីរខែ្មរសូវៀតកាលពីថ្ងៃទី២៦ មករា ដោយសារជំងឺរលាកសួតនិងកង្វះអាហារូបត្ថម្ភ។
អង្គការសិទ្ធិមនុស្សលីកាដូ បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍នោះថា៖
«ការស្លាប់ដ៏ខ្លោចផ្សារនេះបង្ហាញពីតម្រូវការចាំបាច់សម្រាប់អាជ្ញាធរក្នុងការផ្ដល់អាទិភាពសិទ្ធិនៅក្រៅឃុំបណ្ដោះអាសន្នសម្រាប់ស្ត្រីដែលមានកូនតូចនៅជាមួយ»។
ទារកដែលមានអាយុ៥ខែនោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខ្មែរសូវៀត កាលពីថ្ងៃទី១៨ ខែមករា ហើយត្រូវបានរកឃើញថា បាក់ឆ្អឹងភ្លៅ ដោយមិនដឹងមូលហេតុនឹងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកុមារជាតិ បន្ទាប់ពីមន្ទីរពេទ្យខ្មែរសូវៀតបដិសេធមិនទទួលព្យាបាល។ ប៉ុន្តែមន្ទីរពេទ្យកុមារជាតិមិនអនុញ្ញាតឲ្យទារកនេះស្នាក់នៅមួយយប់នោះទេ ដោយអះអាងគ្មានបន្ទប់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ។
អង្គការសិទ្ធិមនុស្សនេះបន្តថា ទារកនេះនៅតែមានអាការៈក្តៅខ្លួននិងក្អកជាប្រចាំ ហើយបានត្រឡប់មកពិនិត្យនៅមន្ទីរពេទ្យកុមារជាតិម្តងទៀត ប៉ុន្តែវេជ្ជបណ្ឌិតបានជួបពិនិត្យក្នុងរយៈពេលខ្លីនិងមិនបានផ្តល់ថ្នាំបន្ថែម។ ទារកនេះបានបាត់បង់ជីវិតនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីស្ថានភាពជំងឺមិនធូរស្បើយ នៅមន្ទីរពេទ្យខ្មែរសូវៀត។
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានប្រាប់វីអូអេថា លោកមានការសោកស្តាយចំពោះករណីនេះ។ ទោះយ៉ាងណាលោកបដិសេធចំពោះការសន្និដ្ឋានដែលថា ទារកនោះបានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ។
«វាបញ្ហាខ្ញុំគិតថាប្រហែលម្តាយគាត់ហ្នឹងខ្វះការយកចិត្តទុកដាក់ហ្មង ពីព្រោះកូនបាក់ភ្លៅហើយអត់ដឹងទៀត។ ទាល់តែមន្ត្រីពេទ្យគាត់ឃើញ គាត់សង្ស័យ យកទៅពិនិត្យហ្នឹង បានដឹងថាបាក់ភ្លៅ ម្តាយខ្លួនឯងហ្នឹង សួរអត់ដឹងខ្យល់អី»។
លោកបានបន្ថែមថា លោកនឹងបន្តការស្រាវជ្រាវបន្ថែមទៀត ដើម្បីស្វែងរកមូលហេតុពិតប្រាកដ។
លោក អំ សំអាត នាយករងកម្មវិធីឃ្លាំមើលសិទ្ធិមនុស្សលីកាដូ ប្រាប់វីអូអេថា នេះជាករណីទី១ដែលលីកាដូបានជួប លោកស្នើឲ្យអាជ្ញាធរស្រាវជ្រាវរកមូលហេតុច្បាស់លាស់ និងការសហការពីមន្ទីរពេទ្យដើម្បីការពារកុំឲ្យមានករណីបែបនេះកើតឡើងទៀត។
«ក្រោយការបញ្ជូនមកមន្ទីរពេទ្យហើយត្រឡប់ទៅត្រឡប់មក រហូតដល់កុមារស្លាប់ហ្នឹងវាជារឿងមួយដ៏ខ្លោចផ្សារ ហើយចង់ឲ្យមានយន្តការយ៉ាងណាធានាអំពីការបញ្ជូនកុមារក្នុងពន្ធនាគារដែលមានជំងឺហ្នឹងទៅមន្ទីរពេទ្យដែលមានសហប្រតិបត្តិការ ជាពិសេសយើងសំដៅទៅមន្ទីរពេទ្យកុមារជាតិឲ្យមានសហប្រតិបត្តិការបាទ»។
ទោះយ៉ាងណាលោក អំ សំអាត បានធ្វើការស្នើឲ្យអ្នកជាប់ឃុំទាំងអស់ ជាពិសេសស្ត្រីនិងកុមារដែលងាយរងគ្រោះ ទទួលបានការការពារផ្នែកច្បាប់និងទទួលបានអាទិភាពក្នុងការស្នើឲ្យនៅក្រៅឃុំបណ្តោះអាសន្នជាដើម ពេលពួកគេកំពុងរង់ចាំសវនាការ។
វីអូអេបានទាក់ទងទៅលោក ញឹប អង្គារបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ ទាក់ទិននឹងករណីនេះប៉ុន្តែលោកថា មិនបានដឹងពីករណីនេះទេ។
«ប្រធានមន្ទីរពេទ្យខ្ញុំម៉េចបានចាំអស់ អ្នកជំងឺម្ងៃៗចូលជិត៨០នាក់ ចាំម៉េចអស់»។
ស្ត្រីជាម្តាយរបស់ទារកត្រូវបានចាប់ខ្លួនក្រោមបទចោទប្រកាន់ថា មានកាន់កញ្ចប់ថ្នាំញៀនមេតាហ្វេតាមីនដែលមានតម្លៃ១ម៉ឺនរៀល។ ស្ត្រីជាម្តាយត្រូវបានបញ្ជូនទៅមន្ទីរឃុំឃាំងដើម្បីរង់ចាំសវនាការតាំងពីពាក់កណ្តាលឆ្នាំ២០១៩ ដែលពេលនោះអ្នកស្រីមានផ្ទៃពោះ៨ខែ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដដែលរបស់អង្គការសិទ្ធិមនុស្សលីកាដូ។
លោក ជីន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់វីអូអេនៅរសៀលថ្ងៃអង្គារនេះថា ក្រសួងនឹងធ្វើការស្រាវជ្រាវពីអង្គហេតុបន្ថែមទៀត។
«រឿងនេះយើងមិនអាចគ្រាន់តែមើលរបាយការណ៍ហើយអាចឆ្លើយបានទេ ទាល់តែយើងដឹងពីអង្គហេតុនៃសំណុំរឿងហ្នឹងណា ថាហេតុអ្វីបានគេឃុំ វាពាក់ព័ន្ធនឹងបទល្មើសអីហើយស្ថានទម្ងន់ទោសវាប៉ុណ្ណាដែរ»។
ទោះយ៉ាងណាអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានប្រាប់វីអូអេនៅរសៀលនេះដែរថា ការឃុំខ្លួនជនល្មើសគឺធ្វើតាមបទបញ្ជារបស់តុលាការនិងប្រព័ន្ធច្បាប់។
«ការលើកលែងដូចអត់មានគិតថាស្រីប្រុសទេ បើច្បាប់អ៊ីចឹងទៅហើយ។ អ្វីដែល ឧទាហរណ៍ថា ការឃុំខ្លួននេះ ឃុំខ្លួនទៅតាមអំណាចដីការបស់ស្ថាប័នតុលាការ។ បើតុលាការបញ្ជាឲ្យឃុំខ្លួន សមត្ថកិច្ចគ្មានអីជំទាស់ទេ»។
យោងតាមទិន្នន័យរបស់អង្គការលីកាដូ បច្ចុប្បន្នមានកុមារចំនួន១០៣នាក់និងស្ត្រីមានផ្ទៃពោះ៤៣នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារចំនួន១៨ដែលលីកាដូកំពុងឃ្លាំមើល។ មជ្ឈមណ្ឌលអប់រំកែប្រែទីពីរអាចផ្ទុកស្ត្រីនិងកុមារបានតែ៣៥០នាក់ប៉ុណ្ណោះប៉ុន្តែ សព្វថ្ងៃនេះមានអ្នកជាប់ឃុំក្នុងពន្ធនាគារនេះប្រហែល១៨៥០នាក់៕