នៅថ្ងៃទី២៣ ខែមីនា នៅពេលដែលសាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមកាត់ទោសជនដៃដល់ «ជួប សម្លាប់» ឲ្យជាប់ពន្ធនាគារអស់មួយជីវិតនោះ ក្រុមអ្នកជំនាញខាងសិទ្ធិមនុស្សជាតិ និងអន្តរជាតិមកពីជាង ៦០ស្ថាប័ន បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ពង្រីកវិសាលភាពនៃការស៊ើបអង្កេតរបស់ខ្លួនលើករណីឃាតកម្មលោក កែម ឡី ដោយសារតែការស៊ើបអង្កេតដែលបានធ្វើឡើងដោយប៉ូលិសមានសមត្ថកិច្ច នៅមានចន្លោះប្រហោងច្រើន។
ទោះជាយ៉ាងណាក្តី លោក គឿត ចាន់ថារិទ្ធិ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានអះអាងប្រាប់ VOA នាពេលថ្មីៗនេះថា ប៉ូលិសកំពុងតែបន្តការស៊ើបអង្កេតលើករណីឃាតកម្មលោក កែម ឡី។
លោកបានលើកឡើងថា៖ «យើងមិនមានបិទសំណុំរឿងទេ»។
ឆ្លើយតបនឹងសំណួរពាក់ព័ន្ធនឹងលទ្ធផលជាបឋមនៃការស៊ើបអង្កេតបន្តទៀតនេះ លោក គឿត ចាន់ថារិទ្ធិ បាននិយាយថា៖ «នៅតែបន្តអ៊ីចឹង នៅពេលណាមានឱកាសទៀត។ ក៏ប៉ុន្តែ ដោយសារតែហេតុផលកន្លងមកនេះ អត់ទាន់មានដាន ឬតម្រុយអីដើម្បីរកឲ្យឃើញពន្លឺអ្នកនៅពីក្រោយ»។
អឿត អាង ដែលអះអាងថាខ្លួនមានឈ្មោះ ជួប សម្លាប់ បានសារភាពថា ខ្លួនពិតជាបានសម្លាប់លោក កែម ឡី ដោយសារតែរឿងរ៉ាវជំពាក់លុយមិនសង។ អ្នកតាមដានស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងសាធារណជនទូទៅ មិនជឿលើការអះអាងនេះទេ។
Your browser doesn’t support HTML5
លោក Kingsley Abbott អ្នកប្រឹក្សាជាន់ខ្ពស់ខាងច្បាប់ឲ្យអង្គការនៃគណៈកម្មការអ្នកច្បាប់អន្តរជាតិ (International Commission of Jurists) បានប្រាប់អ្នកសារព័ត៌មាននាពេលកន្លងទៅនេះថា ការរៀបរាប់ហេតុការណ៍ ដែលជនដៃដល់បានអះអាងនៅមុខចៅក្រម ក្នុងអំឡុងពេលសវនាការ មិនអាចបញ្ជាក់ពីការពិត ឬក៏បកស្រាយដោយមានភស្តុតាងច្បាស់លាស់អំពីការពិត ដែលបានកើតឡើងនោះទេ។
លោក កែម ឡី បានស្លាប់ក្នុងថ្លុកឈាមដោយគ្រាប់កាំភ្លើងខ្លីម៉ាក Glock ដ៏ថ្លៃ នៅស្ថានីយ៍ប្រេងឥន្ធនៈ Caltex នៅកណ្តាលទីក្រុងភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦។
អឿត អាង បានអះអាងថា បុរសម្នាក់ឈ្មោះ «លីស» បានណែនាំខ្លួន ឲ្យស្គាល់លោក កែម ឡី ហើយបុរសម្នាក់ទៀតឈ្មោះ «ចក់» ជាអ្នកលក់កាំភ្លើងខ្លីនោះឲ្យខ្លួន។
ការស៊ើបអង្កេតដោយសារព័ត៌មាន Al Jazeera ក្រោយករណីឃាតកម្មនេះ បានរកឃើញថា អឿត អាង បានជួបមន្ត្រីយោធាប៉ុន្មានសប្តាហ៍ មុនពេលដែលជនដៃដល់បានបាញ់សម្លាប់លោក កែម ឡី ហើយស្របពេលជាមួយគ្នានោះ មិត្តភ័ក្តម្នាក់របស់ អឿត អាង បានបញ្ជាក់ប្រាប់សារព័ត៌មាន Al Jazeera ថា អឿត អាង ត្រូវបានជួលឲ្យធ្វើការដោយមន្ត្រីយោធា។
លោក យុង ផានិត មេធាវីការពារក្តីឲ្យ អឿត អាង បានឲ្យដឹងថា ដំបូងឡើយ មន្ត្រីប៉ូលិសស៊ើបអង្កេតបានតាមដានស៊ើបអង្កេតអំពីសាវតារបស់បុរសឈ្មោះ លីស និង ចក់ នេះ ក៏ប៉ុន្តែការស៊ើបអង្កេតនេះមិនទទួលបានពន្លឺអ្វីនោះទេ។ នេះមានន័យថា អត្តសញ្ញាណរបស់បុរសទាំងពីរនេះ អាចនឹងត្រូវបានប្រឌិតឡើងដោយជនដៃដល់។
លោកបានលើកឡើងថា៖ «តាមពិត ខាងប៉ូលិស ឬក៏ព្រះរាជអជ្ញាក៏បើកការស៊ើបអង្កេតលើឈ្មោះ លីស នេះដែរ តែ លីស ហ្នឹងមិនមានសាវតាជាតិច្បាស់លាស់។ គាត់នៅប្រទេសថៃ ដែល អឿត អាង ឬ ជួប សម្លាប់ បានលើកឡើង។ ហើយគាត់ស្គាល់គ្នាហ្នឹង នៅប្រទេសថៃ»។
លោក យុង ផានិត បានបន្ថែមថា ដោយសារការស៊ើបអង្កេតរបស់ប៉ូលិសមានសមត្ថកិច្ចនៅមានកម្រិត នោះព្រះរាជអជ្ញាបានស្នើឲ្យបែកសំណុំរឿងឃាតកម្មលោក កែម ឡី នេះជាពីរ៖ សំណុំរឿង អឿត អាង និងសំណុំរឿងបុរសឈ្មោះ លីស ជាមួយនឹងបុរសឈ្មោះ ចក់។
លោកបានប្រាប់ VOA បន្តទៀតថា៖ «ត្រង់ថា តើនរគបាល ឬក៏ព្រះរាជអជ្ញាស៊ើបអង្កេតឈ្មោះ លីស ចក់ បន្តទៀត ខ្ញុំក៏មិនបានដឹងដែរ ព្រោះខ្ញុំកាន់សំណុំរឿងតែឈ្មោះ ជួប សម្លាប់»។
អ្នកតាមដានដំណើរការសវនាការរបស់តុលាការ បានលើកឡើងថា ភស្តុតាងជាវីដេអូ ដែលត្រូវបានបង្ហាញនៅចំពោះមុខចៅក្រម មិនអាចបញ្ជាក់ដោយឥតប្រកែកបាន អំពីហេតុការណ៍ជាក់ស្តែង ដែលបានកើតឡើងមុន និងក្រោយពេលជនដៃដល់បានប្រព្រឹត្តសកម្មភាពបាញ់សម្លាប់លោក កែម ឡី នោះទេ។ បន្ថែមលើនេះ ភស្តុតាងជាវីដេអូក្នុងហាង Starmart ដែលតុលាការទទួលបាននោះ មិនមានខ្លឹមសារពេញលេញនោះទេ។
នៅក្នុងរបាយការណ៍របស់ VOA កន្លងទៅនេះ អ្នកស្រី ប៊ូ រចនា ភរិយារបស់លោក កែម ឡី បានអះអាងដដែលៗថា លោក កែម ឡី មិនដែលស្គាល់បុរសឈ្មោះ អឿត អាង ឬក៏ជំពាក់លុយបុរសមកពីជនបទនៅខេត្តសៀមរាបម្នាក់នេះទេ។ ស្របពេលជាមួយគ្នានោះ របាយការណ៍របស់អ្នកសារព័ត៌មានក្នុងស្រុក និងក្រៅស្រុក បានចោទសួរថា តើ អឿត អាង ដែលមានជីវភាពរស់នៅក្រីក្រម្នាក់នេះ មានលទ្ធភាពមកពីណាដែលមានលុយដល់ទៅរាប់ពាន់ដុល្លារ ឲ្យអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមដ៏លេចធ្លោ គឺលោក កែម ឡី ខ្ចីប្រាក់ដ៏ច្រើននោះ។
លោក Sebastian Strangio អ្នកសារព័ត៌មាន និងជាអ្នកនិពន្ធសៀវភៅ “Hun Sen's Cambodia” ឬបកប្រែជាភាសាខ្មែរថា «ប្រទេសកម្ពុជារបស់លោក ហ៊ុន សែន» បានយល់ស្របថា មានសំណួរគន្លឹះជាច្រើនដែលមិនទាន់ទទួលបានចម្លើយ។ លោកបានយល់ឃើញបន្ថែមថា រដ្ឋាភិបាលកម្ពុជាព្យាយាម«បិទសំណុំរឿងនេះ»។
អ្នកនិពន្ធរូបនេះ បាននិយាយថា លោកបានជួប និងសន្ទនាជាមួយនឹងលោក កែម ឡី កាលពីពេលលោកនៅរស់។ ក៏ប៉ុន្តែ លោកមិនបានដឹងច្បាស់អំពីសមត្ថភាពក្នុងការគាំពារសិទ្ធិពលរដ្ឋដ៏មានប្រសិទ្ធភាពរបស់លោក កែម ឡី ក្នុងនាមជាអ្នកស្រាវជ្រាវខាងផ្នែកអភិវឌ្ឍសង្គមម្នាក់ ដែលបានធ្វើដំណើរស្រាវជ្រាវនៅតាមតំបន់ជនបទជាច្រើននៅក្នុងប្រទេសកម្ពុជា។ លោកថា ការបកស្រាយអំពីសិទ្ធិពលរដ្ឋដ៏មានប្រសិទ្ធភាពនេះហើយ ដែលទំនងជាបង្កឲ្យមានការភ័យខ្លាចក្នុងជួរអ្នកដឹកនាំ និងអ្នកមានអំណាចនៅក្នុងប្រទេសកម្ពុជា។
លោក Strangio បានលើកឡើងថា៖ «លោក កែម ឡី បាននាំយកគោលនយោបាយ [លទ្ធិប្រជាធិបតេយ្យ] និងគោលនយោបាយស្តីពីការទទួលខុសត្រូវ ហើយបកស្រាយគោលនយោបាយទាំងនេះឲ្យពលរដ្ឋនៅតាមតំបន់ជនបទ ក្នុងខ្លឹមសារដែលថា គោលនយោបាយទាំងនេះពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ»។ ខ្ញុំគិតថា នេះគឺជាមូលហេតុមួយ ដែលធ្វើឲ្យលោក កែម ឡី ក្លាយជាការគំរាមកំហែងដល់រដ្ឋាភិបាល»។
ខណៈពេលដែលការបោះឆ្នោតឃុំសង្កាត់ នឹងចូលមកដល់ក្នុងពេលជិតពីរខែខាងមុខនេះ អំពើឃាតកម្មដ៏ព្រៃផ្សៃលើលោក កែម ឡី នៅកណ្តាលទីក្រុងភ្នំពេញនេះ បានធ្វើឲ្យទិដ្ឋភាពនយោបាយនៅកម្ពុជា កាន់តែ«អាប់អួរ»។ នេះបើយោងតាមការអង្កេតរបស់លោក David Chandler ប្រវត្តិវិទូអំពីប្រទេសកម្ពុជាដ៏ល្បីល្បាញម្នាក់។
ក៏ប៉ុន្តែ លោក Chandler ជឿជាក់ថា នឹងមិនមានការធ្វើឃាតបែបនេះតទៅទៀតទេ ពីព្រោះវាមានសារៈសំខាន់ដល់គណបក្សកាន់អំណាច ក្នុងការព្យាយាមទាក់ទាញសំឡេងគំាទ្រនៅក្នុងការបោះឆ្នោតខាងមុខនេះ។
លោកបានថ្លែងថា៖ «ខ្ញុំគិតថា លោក ហ៊ុន សែន ចង់ធានាថា គណបក្សប្រជាជនកម្ពុជានឹងឈ្នះឆ្នោត។ នេះគឺសំខាន់ណាស់»។
ស្របពេលដែលមន្ត្រីប៉ូលិសអះអាងថា ការស៊ើបអង្កេតនៅតែបន្តធ្វើឡើងដើម្បីវែកមុខរកជននៅពីក្រោយឃាតកម្មនេះ ក្រុមគ្រួសាររបស់លោក កែម ឡី រួមទាំងសាធារណជនជាច្រើន នៅតែរង់ចាំពន្លឺយុត្តិធម៌ពិតប្រាកដ៕