ជនរងគ្រោះ​យប់​ថ្ងៃ​អាទិត្យ​ស្លាប់​ចោល​ភរិយា​និង​កូន​តូច៤​នាក់

លោក ម៉ៅ​ សុខច័ន្ទ​អាយុ​៣០​ឆ្នាំ​ជា​កម្មករ​សំណង់​ម្នាក់ ត្រូវ​បានត្រូវ​កម្លាំង​សមត្ថកិច្ច​បាញ់​ចំ​ក្បាល​ពី​ចម្ងាយ​បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​ក្នុងពេល​​ផ្ទុះ​អំពើ​ហិង្សា​មួយ​​រវាង​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​នៅ​ចំណុច​ស្ពាន​ច្បារ​អំពៅកាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​​ទី១៥ ខែកញ្ញា ឆ្នាំ២០១៣។

ភ្នំពេញ៖ គ្រួសារ​ជន​រងគ្រោះ​ដោយ​ការបាញ់​សម្លាប់​របស់​អជ្ញាធរ​កាល​ពី​យប់​ថ្ងៃអាទិត្យ​បាន​បញ្ជាក់​ថា ​ជន​រងគ្រោះ​មិនមែន​ជា​បាតុកររបស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។ មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​និង​សង្គម​ស៊ីវិល​បាន​ថ្កោល​ទោស​អំពើ​ហិង្សា​នេះ។

គ្រួសារ​សព​លោក ម៉ៅ សុខច័ន្ទ ស្រែក​ទ្រហោ​យំ​មុន​ពេល​សព​របស់​លោក​ត្រូវ​បាន​គេ​ថ្វាយ​ព្រះ​ភ្លើង​នៅ​ខាង​មុខ​ឈាបនឋាន​ក្នុង​វត្ត​ចាក់​អង្រែ​ក្រោម។

លោក ម៉ៅ​ សុខច័ន្ទ​អាយុ​៣០​ឆ្នាំ​ជា​កម្មករ​សំណង់​ម្នាក់ ត្រូវ​បានត្រូវ​កម្លាំង​សមត្ថកិច្ច​បាញ់​ចំ​ក្បាល​ពី​ចម្ងាយ​បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​ក្នុងពេលផ្ទុះ​អំពើ​ហិង្សា​មួយរវាង​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​នៅ​ចំណុច​ស្ពាន​ច្បារ​អំពៅកាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យស្របពេល​ដែល​គណបក្ស​សង្គ្រោះជាតិ​កំពុង​បន្ត​មហា​បាតុកម្ម​របស់​ខ្លួន។

ការ​ស្លាប់​របស់​លោកម៉ៅ​ សុខច័ន្ទនាំ​ឱ្យ​ភរិយា​របស់​លោក​ក្លាយ​ជា​ស្ត្រី​មេម៉ាយ​និង​ទទួល​បន្ទុក​ចិញ្ចឹម​កូន​តូច​ៗ​ចំនួន៤​នាក់។

អ្នកស្រី ជាវ សុខវី ប្រពន្ធ​របស់​លោក​ម៉ៅ សុខច័ន្ទ ថ្លែង​ដោយ​ទឹក​មុខ​ស្ងួតខាង​មុខ​ឈាបនដ្ឋាន​ថា​ប្តី​របស់​អ្នកស្រី​គ្រាន់​តែ​ជា​អ្នក​ដំណើរ​ម្នាក់​ប៉ុណ្ណោះ ពោល​គឺ​មិន​មែន​ជា​បាតុករ​ទេ។

«គាត់​ជួយ​ជូន​គេ​ទៅ​យាម​នៅ​រោង​កាសែត។ បន្ទាប់​មក​ស្ទះ​ផ្លូវ​គាត់​អង្គុយ​លើ​ម៉ូតូ មិន​ដឹង​ថា​គេ​បាញ់​មក​ពី​ខាង​ណា។ គាត់​មិនមែន​ជា​ហ្វូង​បាតុកម្ម​ទេ»។

អំពើ​ហិង្សា​រវាង​ប្រជាពលរដ្ឋ​និង​កម្លាំង​សមត្ថកិច្ចកាល​ពី​ម្សិលម៉ិញ​បាន​ផ្ទុះ​ឡើង​ក្រោយ​ពី​បាតុករ​និងប្រជាពលរដ្ឋ​មួយ​ចំនួនបាននាំ​គ្នា​រុះរើ​បន្លា​លួស​ដែល​ដាក់​បង្ខាំង​ផ្លូវ​ដើម្បី​ដោះស្រាយ​ការស្ទះ​ចរាចរណ៍​ជា​ច្រើន​ម៉ោង​នៅ​ទី​នោះ។

ការ​បិទ​ផ្លូវ​សំខាន់​ៗ​ជា​ច្រើន​កន្លែង​នេះ ជា​ផ្នែក​មួយ​របស់​ក្រុម​សមត្ថកិច្ចដើម្បី​ពង្រឹង​សន្តិសុខយ៉ាង​តឹងរឹង​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ពេល​ដែល​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​មហា​បាតុកម្ម។ ក្រៅ​ពី​លោក ម៉ៅ សុខច័ន្ទ​ដែល​បាន​ស្លាប់ អំពើ​ហិង្សា​នេះ​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់១០​នាក់បាន​រង​របួស​រួម​ទាំងសមត្ថកិច្ច​ម្នាក់​និង​អ្នក​សារពត៌មាន​ម្នាក់​ផង​ដែរ និង​នាំ​ឱ្យ​មាន​ការ​ឃាត់​ខ្លួន​មនុស្ស​៦​នាក់​ផ្សេង​ទៀត។

លោក លី បេឡា ជា​អ្នក​សារពត៌មាន​ក្នុងស្រុក​ម្នាក់ដែលត្រូវ​បាន​សមត្ថកិច្ច​បាញ់ដោយ​កាំភ្លើង​គ្រាប់​កៅស៊ូ​បណ្តាល​ឱ្យ​បែក​ក្បាល រៀបរាប់​អំពី​ហេតុការណ៍​នេះ។

«ម្សិលម៉ិញ ខ្ញុំ​ឃើញ​ហេតុ​ការណ៍ ខ្ញុំ​នៅ​ទី​ហ្នឹង​ផ្ទាល់។ ខ្ញុំ​ឃើញ​មុន​ដំបូង​ប្រជាជន​គាត់​គ្រាន់​តែ​ដើរ​ឡើង​ទាញ​របង​លើ​ស្ពាន​សុំ​ឱ្យ​បើក​ផ្លូវ ព្រោះ​វា​ស្ទះ​យូរ​ពេក។ បន្ទាប់​មក​ពួក​ប៉ូលិស​ហ្នឹង​ដេញ​បាញ់ឡើង​លើ ប្រដេញពួកគាត់​វិញ ប៉ុន្តែ​យូរ​ទៅ​កាន់​តែ​ប្រឈម​ដាក់​គ្នា​ទៅ។ តាម​ខ្ញុំ​សង្កេត​មើល​ភាគ​ច្រើន​មិន​មែន​ជា​បាតុករ​ទេ ប៉ុន្តែ​ជា​ប្រជាជន​សុទ្ធ​សាធ​ ព្រោះ​គាត់​ស្ទះ​ផ្លូវ​ទៅ​ណា​មិន​រួច»។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ គណបក្ស​សង្គ្រោះជាតិបាន​ថ្កោល​ទោស​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​ដោយអាវុធរបស់​អាជ្ញាធរ​ទៅ​លើ​ប្រជាពលរដ្ឋ​នៅ​ទី​នោះ។
លោក ហូ វ៉ាន់​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ថា​ការ​ផ្ទុះ​អំពើ​ហិង្សា​ដ៏​ប្រល័យ​នេះ​បណ្តាល​មក​ពី​ការ​បិទ​ផ្លូវ​ជា​ច្រើន​កន្លែង​ពេក។

«ការ​ផ្ទុះ​អំពើ​ហិង្សា​នៅ​ច្បារ​អំពៅ​នោះ​គឺ​បណ្តាល​មក​ពី​គឺ​បណ្តាល​មក​ពី​ការ​ស្ទះ​ផ្លូវ​ដោយ​សារ​ការ​បិទ​ផ្លូវ​ ហើយ​បិទ​នោះ​គឺ​បិទ​ច្រើន​កន្លែង​ពេក។ ហើយ​ប្រជាពលរដ្ឋ​ត្រូវ​ការ​ត្រឡប់​ទៅ​ផ្ទះ។ ហើយ​ស្រប​ពេល​ដែល​ពុំ​មាន​ប៉ូលិស​មក​ធ្វើ​ចរាចរណ៍​ឱ្យ​បាន​គត់​មុត នាំ​ឱ្យស្ទះ​ផ្លូវ​កាន់​តែ​ខ្លាំង​ឡើង​ៗ ហើយ​គាត់​បាន​បិទ​ផ្លូវ​ខាង​កើត​ទៀត​ធ្វើ​ការ​ការ​ស្ទះ​ហ្នឹង​កាន់​តែ​ខ្លាំង​ឡើង។ គាត់​ស្ទះ​មិន​ដឹង​ទៅ​ណា គាត់​ក៏​លើក​បន្លា​លួស​ហ្នឹង​ទៅ​ក៏​ប៉ះ​ទង្គិច​ជា​មួយ​អាជ្ញាធរ»។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឍមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ពន្យល់​ស្រដៀង​គ្នា​នេះ​ដែរ។ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​បើក​ច្រក​ផ្លូវ​ឱ្យ​បាន​ច្រើនកណ្លែង​ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ​និង​ការក្រេវក្រោធ​របស់​ប្រជា​ពលរដ្ឋ។

«ខ្ញុំ​យល់​ថា​ប៉ូលិស​គួរ​តែធ្វើ​យ៉ាង​ម៉េច​កុំ​ដាក់​បារ៉ាស​ស្រេច​តែ​ចិត្ត​នាំ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ។ ខ្ញុំ​អត់​យល់​ពី​មូលហេតុ ហេតុអ្វី​បាន​ជា​ដាក់​បារ៉ាស​នៅ​កណ្លែង​ហ្នឹង​ធ្វើ​បាប​ប្រជាពលរដ្ឋ​តាំង​ពី​ម៉ោង​៤​រសៀល​រហូត​ដល់​យប់​ជ្រៅ​អញ្ចឹង​គឺ​គាត់​ហេវ​និង​អស់​កម្លាំង»។

លោក ខេង ទីតូ អ្នកនាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ថ្លែង​ការពារ​ថា​កម្លាំង​សមត្ថកិច្ច​បាន​ព្យាយាម​អត់​ធ្មត់​ជា​អតិបរមា​មុន​នឹងសម្រេចចិត្តតបត​ដោយ​ប្រើ​អាវុធ។

«បើ​និយាយ​ពី​ការ​អត់​ធ្មត់​គឺ​អត់​ឡើង​ចង់​ចេញ​ទឹក​ភ្នែក​ហើយ។ យើង​ដេញ​ឲ្យ​គាត់​ត្រឡប់​ទៅ​វិញ​ទៅ ប៉ុន្តែ​គាត់​នៅ​តែ​មិន​ព្រម ហើយ​បាន​ប្រើ​ដុំ​ថ្ម ប្រើ​ជំពាម បាញ់​មក​លើ​សមត្ថកិច្ច ដូច្នេះ​សមត្ថកិច្ច​ក៏​ត្រូវ​ការ​ប្រើ​គ្រាប់​បែក​ផ្សែង​ដែរ​ដើម្បី​ឲ្យ​គាត់​ដក​ថយ ប៉ុន្តែ​មាន​ដក​ឯណា​គឺ​រឹត​តែ​ផ្គើន។ អញ្ចឹង​បាន​មាន​អន្តរាគមន៍​ពី​កង​អាវុធហត្ថ​ទៅ​បោស​សម្អាត»។

ក្នុង​ព្រះ​រាជសារ​មួយ​របស់​ទ្រង់​នៅ​ថ្ងៃ​នេះ ព្រះ​មហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ក៏បាន​អំពាវនាវ​ឲ្យ​បាតុករ​និង​អាជ្ញាធរ​បញ្ឈប់​រាល់​ការប្រើ​អំពើ​ហិង្សាក្នុង​គ្រប់​រូប​ភាព។

ក្នុង​កិច្ច​ប្រជុំ​កំពូល​ទ្វេ​ភាគី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ ថ្នាក់​ដឹកនាំ​គណបក្ស​ទាំងពីរ​សន្យា​បញ្ឈប់​ការ​ប្រើ​ហិង្សា​រាល់​អំពើ​ហិង្សា​នានា​ដើម្បី​ដង្ហែរ​តាម​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ៕