រដ្ឋសភា​ពេញ​អង្គ​នឹង​បោះ​ឆ្នោត​លើ​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង

អ្នកស្រី Nancy Pelosi ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ស្តី​ពី​ការ​ស៊ើបអង្កេត​ទម្លាក់​តំណែង​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នៅ​ក្នុង​វិមាន​សភា Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីតោន កាលពី​ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩។

រដ្ឋសភា​ពេញ​អង្គ​របស់​សហរដ្ឋ​អាមេរិក​នឹង​បោះឆ្នោត​នៅ​ក្នុង​សប្ដាហ៍​នេះ​លើ​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ពី​តំណែង ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​អះអាង​របស់​សេតវិមាន​ដែល​ថា​ការ​ស៊ើប​អង្កេត​នេះ​មិន​ត្រឹមត្រូវ​តាម​ច្បាប់។

ស្រប​ពេល​នេះ​ដែរ មន្ត្រី​រដ្ឋបាល​របស់​លោក Trump ម្នាក់​ទៀត​គ្រោង​នឹង​ផ្ដល់​សក្ខីកម្ម​នៅ​ពី​មុខ​គណៈកម្មាធិការ​មួយ​ចំនួន​នៃ​រដ្ឋសភា​នៅ​ថ្ងៃ​អង្គារ​នេះ​អំពី​ការ​សន្ទនា​តាម​ទូរស័ព្ទ​របស់​លោក Trump ជាមួយ​នឹង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymir Zelenskiy កាល​ពី​ខែ​កក្កដា ដែល​នេះ​គឺ​ជា​ចំណុច​ស្នូល​នៃ​ការ​ស៊ើប​អង្កេត​នេះ។

ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi គ្រោង​ធ្វើការ​បោះ​ឆ្នោត​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ ដោយ​បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ទៅ​កាន់​សមាជិក​រដ្ឋសភា​ដទៃ​ទៀត​ថា អ្នកស្រី​ចង់ «បំបាត់​ចម្ងល់​ណា​មួយ» អំពី​ដំណើរការ​ស៊ើប​អង្កេត​នេះ។

អ្នកស្រី Pelosi បាន​លើក​ឡើង​ថា សេចក្ដី​សម្រេច​នៃ​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​នេះ​នឹង «បញ្ជាក់​ឲ្យ​ឃើញ​ពិត​ប្រាកដ​អំពី​ការ​ស៊ើប​អង្កេត​កំពុង​បន្ត​នៅ​ពេល​បច្ចុប្បន្ន​នេះ បង្កើត​នូវ​នីតិវិធី​សវនាការ​ដែល​នឹង​បើក​ចំហ​សម្រាប់​ប្រជាពលរដ្ឋ​អាមេរិកាំង បង្ហាញ​នូវ​នីតិវិធី​ដើម្បី​ផ្ទេរ​ភស្តុតាង​ទៅ​ឲ្យ​គណៈកម្មាធិការ​តុលាការ​នៃ​រដ្ឋសភា និង​បង្ហាញ​ឲ្យ​បាន​ច្បាស់​នូវ​សិទ្ធិ​នៃ​នីតិវិធី​ត្រឹមត្រូវ​តាម​ច្បាប់​សម្រាប់​លោក​ប្រធានាធិបតី និង​មេធាវី​របស់​លោក»។

គ្មាន​ច្បាប់​ណា​មួយ​ដែល​បញ្ជាក់​ថា រដ្ឋសភា​ពេញ​អង្គ​ត្រូវតែ​អនុម័ត​លើ​ការ​ស៊ើប​អង្កេត​នេះ​ទេ ហើយ​គ្មាន​ច្បាប់​ណា​មួយ​ដែល​អះអាង​ថា គណបក្ស​ដែល​មាន​សំឡេង​ភាគ​ច្រើន​ដែល​គ្រប់គ្រង​រដ្ឋសភា ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ​គឺ​គណបក្ស​ប្រជាធិបតេយ្យ​នោះ អាច​បង្កើត​លក្ខខណ្ឌ​សម្រាប់​ដំណើរការ​ចោទ​ប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​នោះ​ឡើយ។

នៅ​មុន​ការ​បោះឆ្នោត​នេះ​ចូល​មក​ដល់ សវនាការ​ស្ដាប់​សក្ខីកម្ម​អំពី​រឿង​ស៊ើប​អង្កេត​នេះ​នៅ​បន្ត​ធ្វើ ដោយ​នៅ​ថ្ងៃ​អង្គារ​នេះ គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់ គណៈកម្មាធិការ​កិច្ចការ​បរទេស និង​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​កិច្ចការ​រដ្ឋាភិបាល​គ្រោង​នឹង​ស្ដាប់​សក្ខីកម្ម​របស់​វរសេនីយ៍ទោ​យោធា​លោក Alexander Vindman ដែល​ជា​អ្នក​ស្ថិត​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ៕