ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អ្នក​ជំនួយការ​សេតវិមាន​ ប្រឆាំង​នឹងការ​ផ្តល់​សក្ខីកម្ម​ការ​ស៊ើបអង្កេត​ប្តឹង​ទម្លាក់​ប្រធានាធិបតី​ចេញ​ពី​តំណែង


លោក​តំណាងរាស្ត្រ Mark Meadows​ ថ្លែង​ទៅ​កាន់​សារព័ត៌មាន បន្ទាប់ពីលោក Charles Kupperman ដែល​ជា​អតីត​អនុទីប្រឹក្សា​សន្តិសុខ​ជាតិ​ផ្តល់​សញ្ញា​ថា លោក​នឹង​មិន​ចូលរួម​ក្នុង​ការ​ផ្តល់​សក្ខីកម្ម​នោះ​ទេ កាលពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩។
លោក​តំណាងរាស្ត្រ Mark Meadows​ ថ្លែង​ទៅ​កាន់​សារព័ត៌មាន បន្ទាប់ពីលោក Charles Kupperman ដែល​ជា​អតីត​អនុទីប្រឹក្សា​សន្តិសុខ​ជាតិ​ផ្តល់​សញ្ញា​ថា លោក​នឹង​មិន​ចូលរួម​ក្នុង​ការ​ផ្តល់​សក្ខីកម្ម​នោះ​ទេ កាលពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩។

អតីត​អ្នក​ជំនួយការ​សន្តិសុខ​ជាតិម្នាក់​របស់​សេតវិមាន បាន​បដិសេធ​កាលពី​ថ្ងៃ​ចន្ទ​ពុំ​ផ្តល់​សក្ខីកម្ម​នៅ​ក្នុងការ​ស៊ើបអង្កេត​ការ​ប្តឹង​ទម្លាក់​ប្រធានា​ធិបតី​ចេញ​ពី​តំណែង​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ដៅ​លើ​លោក​ប្រធានាធិបតី​ដូណាល់ ​ត្រាំ។

លោក Charles Kupperman ដែល​បាន​បម្រើ​ជា​អនុទីប្រឹក្សា​សន្តិសុខ​ជាតិរបស់​លោក John Bolton បាន​ត្រូវ​កោះ​ហៅ​ដោយ​ពួក​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​សភា​តំណាងរាស្រ្ត​ដើម្បី​ឆ្លើយ​សំណួរ​នៅ​ក្នុង​ជំនួប​ដ៏​សម្ងាត់​អំពី​ព័ត៌មាន​ដែល​លោក​មាន​អំពី​ថា​តើ​លោក​ប្រធានាធិបតី​ត្រាំ​បាន​គៀប​សង្កត់​ប្រទេស​អ៊ុយក្រែន​ឲ្យ​បើក​ការស៊ើបអង្កេត​ដើម្បីជួយ​លោក​ខាង​នយោបាយ​ដែរ​ឬទេ។

លោក Kupperman បាន​ស្តាប់​ការ​និយាយ​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី២៥ ​ខែ​កក្កដា ​ដែលក្នុង​នោះ​លោក​ប្រធានាធិបតី​ត្រាំ​បាន​ជំរុញ​ឲ្យ​លោក Volodymyr Zelenskiy ​ប្រធានាធិបតី​អ៊ុយក្រែនជួយស៊ើបអង្កេត​ការ​ទាក់ទិន​ណា​មួយ​ដែល​អ៊ុយក្រែន​មាន​នៅ​ក្នុង​ការ​ខំប្រឹងប្រែង​ដើម្បី​ផ្តួល​លោកក្នុងការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦​ ហើយ​និង​ស៊ើបអង្កេត លោក Joe Biden អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​និង​ជា​គូ​ប្រជែង​ដ៏​សំខាន់​ម្នាក់រ​បស់​លោក​នៅក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតីឆ្នាំ២០២០​និង​លោក Hunter Biden ដែល​ជា​កូនប្រុស​របស់​លោក Biden ​ដែល​បាន​ធ្វើ​ជា​សមាជិក​ក្រុម​ប្រឹក្សានាយក​របស់​ក្រុមហ៊ុន Burisma ​ដែល​ជា​ក្រុមហ៊ុន​ឧស័្មន​របស់​អ៊ុយក្រែន។

ការ​និយាយ​ទូស័ព្ទ​ដែល​លោក​ប្រធានាធិបតី​ត្រាំ ​បាន​ពណ៌នា​ថា​ «ជា​ការល្អ​បំផុត​នោះ» ជា​សាច់​រឿង​ដ៏​សំខាន់​នៃ​ការ​ស៊ើបអង្កេត​ប្តឹង​ទម្លាក់​ប្រធានា​ធិបតី​ចេញ​ពី​តំណែង។

នៅពេល​ដែល​សេតវិមាន ​បាន​បញ្ជា​ឲ្យលោក Kupperman មិន​អើពើ​នឹង​ដីការ​របស់​សភា​តំណាង​រាស្រ្ត ​លោក​បាន​ដាក់​ពាក្យ​ប្តឹងកាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ឲ្យ​ចៅ​ក្រម​សម្រេច​ថា​តើ​លោក​ត្រូវ​ធ្វើ​ទៅ​តាម​ដីកា​របស់​សភា​តំណាងរាស្រ្ត​ ឬ​បញ្ជា​របស់​សេតវិមាន​ដែល​ប្រាប់​ឲ្យ​លោក​មិនផ្តល់​សក្ខីកម្ម។ មេធាវី​របស់​លោក ​បាន​និយាយថា ​លោក ​នឹង​ធ្វើ​ទៅ​តាម​ដីកា​នោះ ​ប្រសិនបើ​តុលាការ​សម្រេច​គាំទ្រ​សភា៕

XS
SM
MD
LG