ប៉ូលិស​ដឹង​ថា​ឈូក​បណ្ឌិត​នៅ​ទីណា​ប៉ុន្តែ​មិន​ទាន់​ចាប់​នៅ​ឡើយ

លោក​ ឈូក បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត​

នគរបាល​ជាតិ​បាន​អះអាង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ជនសង្ស័យ​ក្នុង​ការ​បាញ់​ប្រហារ​លើ​កម្មករ​គឺ​លោក​ឈូក បណ្ឌិត​កំពុង​សំងំ​លាក់​ខ្លួន​ក្នុង​ប្រទេស​ជិត​ខាង​កម្ពុជា​ក៏ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​នៅ​ប្រទេស​ណាមួយ​ពិត​ប្រាកដ​ទេ។​

លោក​ ឈូក បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន​បាន​សម្រេច​តម្កល់​សាលដីកា​របស់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​ដោយ​សម្រេច​ផ្តន្ទា​ទោសឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១​ឆ្នាំ៦​ខែ​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា។

សាលា​ឧទ្ធរណ៍​ក៏​បាន​សម្រេច​ពិន័យ​ជា​ប្រាក់​សរុប​៣៨​លាន​រៀល​ គឺ​ប្រមាណ​ជិត​មួយ​ម៉ឺន​ដុល្លារ​ជា​សំណងទៅ​ឱ្យ​ជន​រងគ្រោះ​ដែល​ជា​កម្មការិនី​ចំនួន​បី​រូប។ ​ការ​សម្រេច​នេះ​បាន​ធ្វើ​ឡើង​ដូច​សាលក្រម​របស់​តុលាការ​ខេត្ត​ស្វាយរៀង​កាល​ពី​ថ្ងៃ​ទី២៥​ ខែ​មិថុនា។​

តុលាការក៏​បាន​ចេញ​ដីកា​បង្គាប់ឱ្យ​តាម​ចាប់​លោក ​ឈូក បណ្ឌិត ​ដែល​កំពុង​រត់​គេច​ខ្លួន​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​ក្រោយ​ពី​បាន​បាញ់​កម្មករ​បី​នាក់​ឱ្យ​រង​របួស។​

លោក​ គៀត ច័ន្ទថារិទ្ធ ​អ្នក​នាំ​ពាក្យ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជាក់​ថា​ សំណុំរឿង​នេះ​អាជ្ញាធរ​មិន​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ទេ។ ​លោក​បាន​អះអាង​ថា​ លោក​ ឈូក បណ្ឌិត​ អាច​នឹង​ត្រូវ​ចាប់​ខ្លួន​បាន​ក្នុង​ពេល​ឆាប់ៗ​ដ៏​ខ្លី​ខាង​មុខ​នេះ។​

លោក​និយាយ​ថា៖​ «គ្រាន់​តែ​ចង់​បញ្ជាក់​ថា​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​វាមាន​ដំណើរ​ការ​ទៅ​មុខ​ហើយ​យើង​សង្ឃឹម​ថា​មិន​យូរ​មិន​ឆាប់​ទេ»។​

កាល​ពី​ពេល​មុន​សមត្ថកិច្ច​បាន​អះអាង​ថា​លោក​ឈូក​ បណ្ឌិត​មិន​អាច​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន​ទេ។ ក៏ប៉ុន្តែ​នៅ​ពេល​នេះ​បាន​បញ្ជាក់​ថា​ជន​ជាប់​ចោទ​កំពុង​សំងំលាក់​ខ្លួន​នៅ​ឯប្រទេស​ជិត​ខាង​កម្ពុជា។​

ជន​ជាប់​ចោទ​ ឈូក បណ្ឌិត​ ជា​ញឹក​ញាប់​នៅ​មុន​ពេល​ចាប់​ខ្លួន​លោក​ធ្លាប់​ចេញ​ចូល​ប្រទេស​វៀតណាម​ដោយសារ​តែ​លោក​ជា​អតីត​អភិបាល​ក្រុង​បាវិត​ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​វៀតណាម ​តែ​លោក​ គៀត ច័ន្ទថារិទ្ធ​ មិន​បាន​បញ្ជាក់​ថា​កំពុង​លាក់​ខ្លួន​ក្នុង​ប្រទេស​ណាទេ។​

លោក​ ចាន់​ សូវ៉េត​ អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បាន​បញ្ជាក់​ថា​វិសាលភាព​ច្បាប់​ដើម្បី​ចាប់​ខ្លួន​អ្នក​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​ហាក់​បី​ដូច​ជា​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។​

លោក​បាន​និយាយ​ចំអក​ថា​ អាជ្ញាធរ​គ្មាន​ឆន្ទៈ​ក្នុង​ការ​ចាប់​ខ្លួន​ទេ​ ដរាបណា​គ្មាន​បញ្ជា​ដោយ​ផ្ទាល់​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។ ដូចជា​ករណី​លោក​ហេង ពៅ​ អតីត​ស្នង​ការ​ប៉ូលិស​ក្រុង​ភ្នំពេញ​ដែល​រត់​គេច​ខ្លួន​នៅ​ឯ​បរទេស​តែ​ទី​បំផុត​នៅ​តែ​ចាប់​ខ្លួន​បាន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់។​

លោក​និយាយ​ថា៖​ «សម្តេច​នាយករដ្ឋមន្ត្រី​ហាក់​បី​ដូច​ជា​អត់​បាន​បញ្ចេញ​មហិទ្ធឫទ្ធិ​នេះ​តទៅ​ទៀត។​មាន​ន័យ​ថា​វាហាក់​បី​ដូច​ជា​ទំនាក់​ទំនង​អញ្ចឹង​លោក​អត់​ទាន់​បាន​ប្រតិកម្ម​ថា​តើ​ត្រូវ​ចាប់​ជន​ហ្នឹង​ត្រឡប់​មកវិញ​ឱ្យ​ខាង​តែបាន​ដើម្បី​មក​អនុវត្ត​ច្បាប់​គេ​ហៅ​ថា​លើក​តម្លៃ​កិត្តិយស​ច្បាប់​ជាតិ​ឱ្យ​វា​ល្អ​ឡើង​វិញ​គឺមិន​ទាន់​ឃើញ​មាន​ចំណុច​នេះ​ទេ»។​

លោក ជិន លីដា​ មេធាវី​ការ​ពារ​ក្តី​ជន​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា​កូនក្តី​របស់​លោក​នៅ​តែមាន​ការ​ព្រួយ​បារម្មណ៍​ពី​សុវត្ថិភាព​របស់ខ្លួន​នៅឡើយនៅ​ពេល​ជនជាប់​ចោទ​ឈូក​បណ្ឌិត​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​តែ​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​មាន​អំណាច។​

លោក​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​គួរ​តែ​ពន្លឿន​ការ​ចាប់​ខ្លួន​មក​ផ្តន្ទាទោស​ពី​ព្រោះ​ថា​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​បាន​ចេញ​ដោយ​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​តាំង​ពី​ខែ​មិថុនា​មក​ម្ល៉េះ។​
លោក​និយាយ​ថា៖​ «ជន​រង​គ្រោះ​ផ្ទាល់​មាន​តែ​ស្នើសុំ​ឱ្យ​សមត្ថកិច្ច​សហការ​ជាមួយ​ខាង​ស្ថាប័ន​តុលាការ​ក្នុង​ការ​អនុវត្ត​ទៅ​តាម​ដីកា​ឱ្យ​បាន​ល្អ​ដើម្បី​ឱ្យ​ពង្រឹង​អំណាច​តុលាការ​ ការ​អនុវត្ត​ច្បាប់​ក៏ដូច​ជា​នីតិរដ្ឋ​នៅ​ប្រទេស​យើង»។​

មក​ទល់​ពេល​នេះ​មាន​រយៈ​ពេល​ជិត​ពីរ​ឆ្នាំ​ហើយលោក​ ឈូក បណ្ឌិត​អតីត​អភិបាល​ក្រុង​បាវិត​នៅ​តែ​មិន​ទាន់​ចាប់​ខ្លួន​មក​ផ្តន្ទា​ទោស​បាន​នៅ​ឡើយ​ក្រោយ​ពី​លោក​បាន​បាញ់កម្មការិនី​បី​នាក់​ឈ្មោះ​ កែវ នា​ នុត​ សាខន​ និង​ ប៊ុន​ចិន្តា​ ឱ្យ​រង​របួស​កាល​ពី​ថ្ងៃ​ទី​២០​ខែកុម្ភៈ​ឆ្នាំ​២០១២៕