ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​ខេត្ត​ស្វាយ​រៀង​យឺតយ៉ាវ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ករណី​ឈូក បណ្ឌិត​

  • ហេង រស្មី

កម្មការិនី​រង​របួស​ដោយ​សារ​គ្រាប់​កាំភ្លើង​ក្នុង​ពេល​កំពុង​តវ៉ា។​

មន្ត្រី​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​បានរិះ​គន់​ថា​ប្រព័ន្ធ​តុលាការ​ខ្មែរ​មិន​ឯក​រាជ្យ​និង​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​អ្នកមាន​អំណាច។​

រយៈពេល​ជាង​៩​ខែបន្ទាប់ពី​មានករណី​បាញ់កម្មការិនីចំនួន​បីនាក់​ឱ្យ​រងរបួស​នៅ​ខេត្ត​ស្វាយ​រៀង​បង្ក​ឡើង​ដោយ​លោក​ឈូក​បណ្ឌិត​អតីត​អភិបាល​ក្រុង​បាវិត​មកសំណុំរឿង​ដ៏ល្បីខ្ទរ​ខ្ទារ​ក្នុង​ប្រទេស​កម្ពុជា​មួយ​នេះ​មិន​ទាន់​បានដឹង​ថា​តុលាការ​នឹង​បើក​សវនាការ​ជំនុំជម្រះ​នៅ​ពេល​ណា​ទេ។ ​មន្ត្រី​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​បានរិះ​គន់​ថា​ប្រព័ន្ធ​តុលាការ​ខ្មែរ​មិន​ឯក​រាជ្យ​និង​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​អ្នកមាន​អំណាច។​

កាល​ពី​ខែ​កុម្ភៈ​លោក​ឈូក បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត​បាន​ប្រើប្រាស់​កាំភ្លើង​ខ្លីរបស់​លោក​បើក​ការ​បាញ់​ប្រហារ​ដោយ​មិន​ញញើត​ដៃ​ទៅ​លើ​ក្រុម​កម្មករ​រោង​ចក្រ​មួយ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​ក្នុង​ខណៈ​ពេល​ដែល​មាន​បាតុកម្ម​ដ៏​រំជើប​រំជួល​មួយ​ដើម្បី​ទាម​ទារ​លក្ខខណ្ឌ​ការ​ងារ​ល្អ​ប្រសើរ។នេះបើ​តាម​ការ​បញ្ជាក់​ពី​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក។​

យ៉ាង​តិច​មាន​កម្មការិនី​ចំនួន​បីនាក់​គឺអ្នក​ស្រី កែវ នា ​អ្នកស្រី​ប៊ុន ចិន្តា​និង​អ្នកស្រី​នុត សាខន​បាន​ទទួល​រង​របួស​ដោយ​សារ​គ្រាប់​កាំភ្លើង​ក្នុង​ពេល​ដែល​ពួកគេ​កំពុង​តវ៉ា។​

លោក​ឈូក បណ្ឌិត​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចោទ​ប្រកាន់​ថា​ជា​ជន​ដៃ​ដល់​ដែល​បាន​បើក​ការ​បាញ់​ប្រហារ​ទៅ​លើ​ក្រុម​កម្មករ។​ក្រោយ​មក​តុលាការ​បាន​ចោទ​ប្រកាន់​ពីបទ​បង្ក​របួស​ស្នាម​ដោយ​អចេត​នា​តែ​ប៉ុណ្ណោះ។​

សំណុំ​រឿង​បាញ់កម្មករ​ឱ្យ​រង​របួស​នេះ​បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​តែ​តុលាការ​កំពុង​ដំណើរការ​នីតិវិធី​ដ៏​យឺតយ៉ាវ​របស់​ខ្លួន​នៅ​ឡើយ។​ នេះ​បើតាម​ការ​បញ្ជាក់​ពី​មន្ត្រី​សិទ្ធិ​មនុស្ស។​

លោក​អំ សំអាត​មន្ត្រីឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ​បាន​និយាយ​ថា​សំណុំរឿង​នេះ​ហាក់​បីដូច​ជាមានការ​អាថ៌កំបាំង​ហើយ​តុលាការ​ធ្វើការមិន​ឯក​រាជ្យ​ដោយ​សារ​មាន​សម្ពាធ​នយោ​បាយ​និង​បក្ស​ពួក​និយម។​

លោក​បាន​ធ្វើ​ការ​ប្រៀប​ធៀប​សំណុំ​រឿង​ចាប់​អ្នក​តវ៉ា​ដី​ធ្លី​នៅ​តំបន់​បឹងកក់​និង​បូរី​កីឡា​ពីរ​នាក់​ដាក់​ពន្ធនាគារ​គ្រាន់​តែ​តវ៉ា​ទាម​ទារ​ដីធ្លី​តែ​ប៉ុណ្ណោះ​តែ​តុលាការ​ចាត់​វិធានការ​ភ្លាមៗ។ ​ចំណែក​ឯរឿង​លោក​ឈូក បណ្ឌិត​បាន​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​តែ​តុលាការ​បែរ​ជាមាន​ភាព​យឺតយ៉ាវ​ទៅ​វិញ។​

«ករណី​នេះ​បង្ហាញ​មួយ​អំពី​និទណ្ឌភាព​សម្រាប់​តុលាការ​ឬ​ក៏​យើង​គិត​ថា​ប្រព័ន្ធ​តុលាការ​យើង​នេះ​ស្ថិត​នៅ​ក្រោម​អ្នកមាន​អំណាច​និង​អ្នកនយោបាយ»។​
លោកប៉ិច ឈឿត ​ប្រធាន​តុលាការ​ខេត្ត​និង​ជា​ចៅក្រម​ស៊ើប​អង្កេត​ចំពោះ​សំណុំ​រឿង​នេះ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ទេ​ដោយ​លោក​លើក​ហេតុផល​ថា​ជាថ្ងៃ​ឈប់​សម្រាក។​
«ថ្ងៃនេះ​ខ្ញុំរវល់​បុណ្យ​កឋិន​បន្តិច​ចាំ​សួរ​នៅ​ថ្ងៃ​ធ្វើ​ការ​ទៅ»។

លោក​ជិន លីដា​មេធាវី​ការ​ពារក្តី​ជនរងគ្រោះ​បាន​និយាយ​ថា​ការ​ពន្យាពេល​ជា​កិច្ចការ​របស់​តុលាការ​ក៏​ប៉ុន្តែ​លោក​ចង់​ឱ្យ​តុលាការ​ពន្លឿន​ចំណាត់​ការ​ចំពោះ​ករណី​នេះ។​

«ចំពោះ​ខ្ញុំ​មេធាវី​ចង់​ឱ្យ​សវនាការ​បាន​លឿន​ហើយ​ដើម្បី​ឱ្យ​រក​យុត្តិ​ធម៌​ឱ្យ​គាត់​ហើយ​ការ​សម្រេច​គាត់​ទទួល​យក​បាន​ឬមិន​បាន​គាត់​គឺគាត់​ប្តឹង​បន្ត​ទៅ​សាលា​ឧទ្ធរណ៍​ទៅ»។​

លោក​ជិន​ លីដា​បាន​បញ្ជាក់​ទៀត​ថា​សំណុំរឿង​នេះ​កំពុង​នៅ​ក្នុង​ដៃ​របស់​ចៅ​ក្រម​ស៊ើប​សួរ​នៅ​ឡើយ​បន្ទាប់​ពី​លោក​ព្រះ​រាជអាជ្ញា​បាន​បញ្ជូន​ទៅ​ឱ្យ​ចៅក្រម​ស៊ើប​សួរ។​

លោក​បាន​និយាយ​ថា​ចៅ​ក្រម​ស៊ើប​សួរ​មាន​អំណាច​ក្នុង​ការ​បញ្ជូន​ទៅ​ជំនុំជម្រះ​ឬ​ក៏​លើក​លែង​ការ​ចោទ​ប្រកាន់​បាន។​

លោក​ហ៊ីង ប៊ុនជា​ព្រះរាជ​អាជ្ញារង​នៃ​តុលាការ​ខេត្ត​ស្វាយរៀង​មិន​អាច​ស្នើ​សុំ​ទំនាក់​ទំនងបានទេ​នៅ​ថ្ងៃ​អង្គារ​នេះ។​
លោក​ ឈូក ​បណ្ឌិត ​អភិបាល​ក្រុង​បាវិត​ខាង​កូតា​គណបក្ស​ប្រជាជន​កម្ពុជា​ កន្លង​មក​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា​ អាជ្ញាធរ​មិន​ហ៊ាន​ចាប់​ខ្លួន​ជនសង្ស័យ​ទៅ​ផ្តន្ទាទោស​ភ្លាម​ៗ​ទេ​ ដោយសារ​តែ​ខ្លាច​បក្សពួក​និយម ​និង​មាន​មន្រ្តី​មួយ​ចំនួន​នៅ​ពីក្រោយ​ខ្នង​ជួយ​ការពារ​លោក ​ឈូក បណ្ឌិត៕
XS
SM
MD
LG