ក្រុមអ្នកការពារសិទ្ធិមនុស្សអន្តរជាតិជួរមុខ (Frontline Defenders) បានទទូចសុំឲ្យអាជ្ញាធរក្នុងប្រទេសកម្ពុជាទម្លាក់ចោលជាបន្ទាន់និងគ្មានលក្ខខណ្ខនូវបទចោទព្រហ្មទណ្ឌចំពោះសកម្មជនការពារសិទ្ធិមនុស្សក្នុងស្រុកមួយរូបគឺលោក នី ចរិយា ប្រធានផ្នែកសិទ្ធិមនុស្ស និងជំនួយច្បាប់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក។
ការអំពាវនាវរបស់ក្រុមអ្នកការពារសិទ្ធិមនុស្សអន្តរជាតិជួរមុខ ដែលជាមូលនិធិអន្តរជាតិសម្រាប់ការពារសកម្មការពារសិទ្ធិមនុស្សនេះ កើតមានឡើងបន្ទាប់ពីមន្ត្រីតុលាការពីរនាក់នៅតុលាការខេត្តសៀមរាបបានប្តឹងលោក នី ចរិយា ពីបទបរិហារកេរ្តិ៍ឈ្មោះ បង្កាច់កេរ្តិ៍ឈ្មោះនិងការប៉ុនប៉ងបំភិតបំភ័យមន្ត្រីតុលាការ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី២កក្កដារបស់ក្រុមអ្នកការពារសិទ្ធិមនុស្សអន្តរជាតិជួរមុខដែលមានទីតាំងក្នុងទីក្រុងឌុបលីន (Dublin) ប្រទេសអៀរឡង់ (Ireland) បានសរសេរថា៖
«ក្រុមអ្នកការពារសិទ្ធិមនុស្សអន្តរជាតិជួរមុខសូមសម្តែងនូវការព្រួយបារម្ភរបស់ខ្លួនយ៉ាងខ្លាំងចំពោះប្រព័ន្ធយុត្តិធម៌មួយដែលមានការរើសអើងទៅលើលោកនី ចរិយា អ្នកការពារសិទ្ធិមនុស្ស ហើយនឹងការចេញដីការបស់តុលាការកោះហៅឲ្យរូបលោក។ ក្រុមអ្នកការពារសិទ្ធិមនុស្សអន្តរជាតិជឿជាក់ថា វាគឺជាការប៉ុនប៉ងបំបិទសំឡេងអ្នកការពារសិទ្ធិមនុស្សទាំងឡាយនៅក្នុងប្រទេសកម្ពុជា និងរារាំងការងារស្របច្បាប់របស់ពួកគេក្នុងការផ្តល់ការជួយគាំទ្រដល់ជនរងគ្រោះដោយការរំលោភបំពានសិទ្ធិមនុស្ស»។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ក្រុមអ្នកការពារសិទ្ធិមនុស្សអន្តរជាតិជួរមុខបានបន្តថា៖
«អ្នកការពារសិទ្ធិមនុស្សអន្តរជាតិជួរមុខទទូចសុំឲ្យអាជ្ញាធរក្នុងប្រទេសកម្ពុជាធានាក្នុងរាល់កាលៈទេសៈថា អ្នកការពារសិទ្ធិមនុស្សទាំងឡាយមានលទ្ធភាពអនុវត្តសកម្មភាពសិទ្ធិមនុស្សស្របច្បាប់របស់ពួកគេ ដោយគ្មានការភ័យខ្លាច ដោយគ្មានការផ្ចាញ់ផ្ចាលតបមកវិញ និងគ្មានការរឹតត្បិតអ្វីទាំងអស់»។
ការចោទប្រកាន់បទព្រហ្មទណ្ឌមកលើលោកនី ចរិយាត្រូវបានធ្វើឡើង នៅក្រោយពេលដែលសមាគមអាដហុកប្រកាសថា ខ្លួននឹងចាប់ផ្តើមចាត់វិធានការផ្លូវច្បាប់ជំនួសមុខឲ្យសហគមន៍មួយនៅស្រុកស្វាយលើដែលពលរដ្ឋសហគមន៍នោះអះអាងថា ម្ចាស់កាន់កាប់ដីសម្បទានសង្គមបានឆ្ការានឆ្លងព្រំប្រទល់ស្រុកចូលដីសហគមន៍របស់ពួកគេ។ នេះបើយោងទៅតាមការផ្សព្វផ្សាយកន្លងមករបស់ព្រឹត្តិប័ត្រព័ត៌មានឌឹ ខេមបូឌា ដេលី (The Cambodia Daily)។
ចំណាត់ការផ្លូវច្បាប់របស់សមាគមការពារសិទ្ធិមនុស្សនេះគឺសំដៅចំៗទៅលើមន្ត្រីតុលាការខេត្តសៀមរាបពីររូបគឺលោកសុក កែវបណ្ឌិត ព្រះរាជអាជ្ញារង និងលោកគី ឬទ្ធី ចៅក្រមស៊ើបអង្កេត ដែលរងការចោទប្រកាន់ពីបទអនុវត្តនីតិវិធីមិនត្រឹមត្រូវនៅក្នុងសំណុំរឿងវិវាទដីធ្លីមួយរវាងពលរដ្ឋបួនរូប និងក្រុមហ៊ុនកសិពាណិជ្ជកម្មមួយឈ្មោះសហគមន៍តាខ្មៅអភិឌ្ឍន៍កសិកម្ម (Community Takhmao Development Agriculture and Industrial) នៅក្នុងស្រុកស្វាយលើខេត្តសៀមរាប។
ចំណាត់ការនេះបានធ្វើឲ្យមន្រ្តីតុលាការពីររូបនេះកើតទុក្ខមិនសុខចិត្ត រួចបឹ្តងលោកនី ចរិយា ដោយចោទប្រកាន់លោកពីបទបរិហារកេរ្តិ៍ឈ្មោះ មួលបង្កាច់កេរ្តិ៍ឈ្មោះ និងការប៉ុនប៉ងបំភិតបំភ័យមន្ត្រីតុលាការនេះ។
VOA ពុំអាចទាក់ទងលោកសុក កែវបណ្ឌិតបានទេ ដោយសារទូរស័ព្ទរបស់លោកមិនដំណើរការ។ រីឯលោកគី ឫទី្ធបានបដិសេដមិនធ្វើអធិប្បាយទេ។
លោកនី ចរិយាបានមានប្រសាសន៍ប្រាប់ VOA នៅថ្ងៃសុក្រនេះថា លោកបន្តត្រៀមចូលខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃ១៣ខែកក្កដាខាងមុខនេះដើម្បីបំភ្លឺបទចោទប្រកាន់ពីបទឧក្រិដ្ឋនេះ។
«សម្រាប់ខ្ញុំ ទោះជាយ៉ាងណាក៏ដោយ ទោះបីជាមានការប្តឹងផ្តល់ហៅសួរយ៉ាងណាក៏ដោយ យើងនឹងត្រៀមខ្លួនក្នុងការបង្ហាញភស្តុតាងពីអ្វីដែលតុលាការនៅខេត្តសៀមរាបបានធ្វើអំពើខុសឆ្គងរំលោភនីតិវិធីច្បាប់»។
នៅក្នុងសំណុំរឿងក្តីក្តាំវិវាទដីធ្លីនេះ តុលាការខេត្តសៀមរាបកាលពីចុងខែមិថុនាបានកាត់ទោសពលរដ្ឋជាកសិករបួននាក់ ឲ្យជាប់ក្នុងពន្ធនាគាររយៈពេល២ឆ្នាំ តែទោសរបស់ពួកគេត្រូវបានព្យួរ ដោយពីរនាក់ជាប់មិនលើសពីពីរខែ ហើយពីរនាក់ទៀតត្រូវបានព្យួរទោសមួយឆ្នាំពីបទជាប់ពាក់ព័ន្ធនៅក្នុងការរានដីកម្មសិទ្ធិរបស់សហគមន៍តាខ្មៅអភិឌ្ឍន៍កសិកម្ម។
កសិករទាំងបួននាក់នេះត្រូវបានតុលាការបង្គាប់ឲ្យបង់ប្រាក់សំណងជំងឺចិត្តសរុបចំនួន១០លានរៀលផងដែរ៕