សមាជិកសភាសហរដ្ឋអាមេរិកចូលធ្វើការវិញ បន្ទាប់ពីបានសម្រាកអស់ពេលមួយខែ។ សមាជិកព្រឹទ្ធសភាបានចូលធ្វើការវិញនៅសប្តាហ៍មុន ហើយអ្នកតំណាងរាស្ត្រចូលវិញនៅសប្តាហ៍នេះ។
ដោយមានសំឡេងលើសគណបក្សសាធារណរដ្ឋតែបន្តិចបន្តួចប៉ុណ្ណោះ និងដោយបានសម្រេចតាមរបៀបវារៈខាងនីតិបញ្ញត្តិរបស់លោកប្រធានាធិបតី Joe Biden សំខាន់ៗមួយចំនួនរួច ហើយនោះ គណបក្សប្រជាធិបតេយ្យគ្រោងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ថ្មីៗមួយចំនួនទៀត។ ក៏ប៉ុន្តែពួកគេនៅសល់ពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនសមាជិកសភាឈប់សម្រាកម្តងទៀត ដើម្បីឱ្យពួកគេទៅធ្វើការឃោសនាបោះឆ្នោតនៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខ។
ការផ្តល់ថវិកាចាយវាយសម្រាប់រដ្ឋាភិបាល
សឹងតែរាល់ឆ្នាំ សមាជិកសភាមិនបានយល់ស្របគ្នាលើសេចក្តីព្រាងច្បាប់ថវិកាចាយវាយ មុនថ្ងៃកំណត់ចុងក្រោយបង្អស់នៅថ្ងៃ ទី៣០ ខែកញ្ញាទេ ដែលជាថ្ងៃរដ្ឋាភិបាលអស់ថវិកាចាយវាយ។ សមាជិកបក្សប្រជាធិបតេយ្យនិងបក្សសាធារណរដ្ឋ តាមធម្មតាយល់ស្របគ្នាលើសេចក្តីសម្រេចបន្តការចាយវាយធម្មតា ដើម្បីឱ្យរដ្ឋាភិបាលអាចដំណើរការតទៅទៀត។ គេមិនទាន់ដឹងនៅឡើយទេថាតើសេចក្តីសម្រេចបន្តការចាយវាយនេះនឹងផ្តល់ថវិកាចាយវាយហួសពីការបោះឆ្នោតនៅខែវិច្ឆិការហូតដល់ចុងឆ្នាំ ឬវែងឆ្ងាយជាងនេះនៅឡើយទេ។
ការអនុម័តសេចក្តីព្រាងច្បាប់នេះនឹងអាស្រ័យលើថាតើភាគីទាំងអស់អាចយល់ស្របគ្នាអំពីសំណើរបស់លោកប្រធានាធិបតី Biden សុំប្រាក់ចំណាយ៤៧ពាន់លានដុល្លារ ថែមទៀតដែលមានរួមជំនួយយោធានិងជំនួយមនុស្សធម៌សហរដ្ឋអាមេរិកថ្មីចំនួន ១៣ពាន់លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន និង ២២.៤០០លានដុល្លារសម្រាប់បន្តការប្រឹងប្រែងប្រឆាំងនឹងជំងឺកូវីដ១៩។
លោក Chuck Schumer មេដឹកនាំគណបក្សប្រជាធិបតេយ្យដែលមានភាគច្រើនក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក បានប្រាប់ពួកអ្នកកាសែតកាលពីថ្ងៃពុធ ទី៧ ខែកញ្ញាថា៖ «ប្រទេសអ៊ុយក្រែនត្រូវការជំនួយថែមទៀត។ យើងចង់ផ្តល់ជំនួយដល់ប្រទេសនេះ។ ហើយចំពោះជំងឺអុតស្វានិងកូវីដ យើងត្រូវតែប្រុងប្រៀប។ យើងតែងតែប្រុងប្រៀបជានិច្ចនៅក្នុងប្រទេសនេះ។ ហើយជាការអាប់កេរ្តិ៍ឈ្មោះដែលពួកសាធារណរដ្ឋ យករឿងនេះមកធ្វើជាល្បែងនយោបាយ នៅពេលដែលសុខភាពរបស់ប្រទេសជាតិកំពុងមានបញ្ហា»។
គណបក្សសាធារណរដ្ឋរារែកក្នុងការយល់ព្រមតាមសំណើសុំថវិកាចាយវាយថ្មីរបស់គណបក្សប្រជាធិបតេយ្យ ដោយជជែកថាប្រាក់កាសនេះគួរយកពីប្រាក់បំរុងទុកសម្រាប់ទប់ទល់នឹងជំងឺកូវីដដែលមិនបានប្រើ។ លោក Mitch McConnell មេដឹកនាំគណបក្សសាធារណរដ្ឋ ដែលមានសំឡេងភាគតិចក្នុងព្រឹទ្ធសភា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «គម្រោងចាយវាយតាមធម្មតាជាបន្ត ដែលកាន់តែច្បាស់លាស់ កាន់តែល្អប្រសើរ។ សង្គ្រាមនៅអ៊ុយក្រែន ច្បាស់ជាមានអាទិភាពសម្រាប់គណបក្សទាំងពីរ។ យើងចាំមើលថា តើបក្សប្រជាធិបតេយ្យនឹងស្នើសុំអ្វីខ្លះ និងថាតើត្រូវការប្រាក់ប៉ុន្មាន សម្រាប់ជួយអ៊ុយក្រែនក្នុងការធ្វើសង្គ្រាមនេះ»។
រឿងរៀបការរវាងមនុស្សស្រឡាញ់អ្នកមានភេទដូចគ្នា
សេចក្តីសម្រេចរបស់តុលាការកំពូលស.រ.អ.កាលពីពេលមុនក្នុងរដូវក្តៅ ដែលបានលុបចោលសិទ្ធិតាមរដ្ឋធម្មនុញ្ញមានរយៈពេល៥០ឆ្នាំមកហើយដល់ការពន្លូតកូនដែលត្រូវបានធានាដោយករណី Roe versus Wade នាំឱ្យមានសេចក្តីព្រាងច្បាប់ដែលការពារសិទ្ធិឯទៀតៗនៅកម្រិតសហព័ន្ធ។
លោកស្រី Tammy Baldwin និងលោកស្រី Kyrsten Sinema សមាជិកាព្រឹទ្ធសភាសហរដ្ឋអាមេរិកខាងគណបក្សប្រជាធិបតេយ្យកំពុងព្យាយាមស្វែងរកការគាំទ្រពីសមាជិកគណបក្សសាធារណរដ្ឋដើម្បីឱ្យបានសំឡេងឆ្នោតគាំទ្រ៦០សម្រាប់អនុម័តសេចក្តីព្រាងច្បាប់មួយ ដែលការពារសិទ្ធិរៀបការរវាងមនុស្សស្រឡាញ់មនុស្សមានភេទដូចគ្នា។ កាលពីខែមិថុនា រដ្ឋសភាសហរដ្ឋអាមេរិកបានអនុម័តសេចក្តីព្រាងច្បាប់ស្រដៀងគ្នាដោយមានការគាំទ្រពីសមាជិកនៃគណបក្សសាធារណរដ្ឋចំនួន៤៧នាក់។
លោក Schumer បានប្រាប់ក្រុមអ្នកកាសែតកាលពីថ្ងៃពុធថា៖ «ការបោះឆ្នោតអំពីសមភាពរៀបការនឹងធ្វើឡើងក្នុងព្រឹទ្ធសភាក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយខ្ញុំសង្ឃឹមថានឹងមានសមាជិកនៃគណបក្សសាធារណរដ្ឋ១០នាក់គាំទ្រសេចក្តីព្រាងច្បាប់នេះ»។
លោក Schumer បានថ្លែងថា៖ «យើងចង់ឱ្យមានការបោះឆ្នោតជាសេចក្តីព្រាងច្បាប់មួយដាច់ដោយឡែក» ដែលអាចឱ្យមានលទ្ធភាពបញ្ចូលវាក្នុងសេចក្តីព្រាងច្បាប់ចែងពីការបន្តចាយវាយថវិកាដូចឆ្នាំមុន ដែលអាចបង្កើនសម្ពាធលើពួកសាធារណរដ្ឋដោយបង្ខំពួកគេឱ្យបិទរដ្ឋាភិបាល ដើម្បីរាំងខ្ទប់សេចក្តីព្រាងច្បាប់នេះ។
ការស៊ើបអង្កេតការវាយប្រហារវិមានសភាកាពីតូលកាលពីថ្ងៃទី៦ មករា ២០២១
គណៈកម្មាធិការពិសេសស៊ើបអង្កេតការវាយប្រហារវិមានសភាកាពីតូលកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នឹងបើកសវនាការជាថ្មីនៅខែនេះ។ ដើមដំបូងគណៈកម្មាធិការនេះគ្រោងធ្វើសវនាការតែ៧ប៉ុណ្ណោះ ប៉ុន្តែពួកសមាជិកសភាបានពង្រីកការស៊ើបអង្កេតសាធារណៈរបស់ពួកគេអំពីការប្រឹងប្រែងរបស់អតីតប្រធានាធិបតីលោក Donald Trump ដើម្បីប្រែក្រឡះលទ្ធផលការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០ ដែលជាការវាយប្រហារអាក្រក់បំផុតលើវិមានសភាកាពីតូលក្នុងពេលពីររយឆ្នាំ។
លោកស្រី Liz Cheney តំណាងរាស្ត្រខាងគណបក្សសាធារណរដ្ឋដែលបានចាញ់ក្នុងការបោះឆ្នោតបឋមដើម្បីឈរឈ្មោះជាថ្មីសម្រាប់អសនៈលោកស្រីកាលពីខែសីហា-បានថ្លែងហើយថាលោក Trump អាចប្រឈមនឹងការចោទប្រកាន់អំពីសកម្មភាពរបស់លោក។ គេរំពឹងថាគណៈកម្មាធិការនេះនឹងស្តាប់អំពីភ័ស្តុតាងថ្មីៗដែលពួកគេទទួលបានកាលពីដើមរដូវក្តៅ។
ព្រឹទ្ធសភាអាចអនុម័តសេចក្តីព្រាងច្បាប់កែទម្រង់គណៈអ្នកបោះឆ្នោតដោយបំភ្លឺមុខនាទីរបស់អនុប្រធានាធិបតីក្នុងការបញ្ជាក់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី។ សេចក្តីព្រាងច្បាប់នេះរបស់គណបក្សទាំងពីរមានគោលដៅបញ្ចៀសកុំឱ្យមានការប្រើដោយមិនត្រឹមត្រូវនូវច្បាប់មួយឆ្នាំ១៨៨៧មួយ ដែលបាននាំឱ្យមានការជជែកដេញដោលគ្នានៅក្រោយការវាយប្រហារលើវិមានសភាកាពីតូលសហរដ្ឋអាមេរិក។
របៀបវារៈឯទៀត
បន្ថែមលើនេះ គេរំពឹងថាសមាជិកនៃគណបក្សប្រជាធិបតេយ្យនឹងបន្តការយល់ព្រមដល់ពួកមន្ត្រីតុលាការដែលលោក Biden បានស្នើឈ្មោះតែងតាំងឱ្យកាន់តំណែងសំខាន់ៗ។ ហើយក្រុមមេដឹកនាំជាន់ខ្ពស់ទាំង៨នាក់ របស់គណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យ ក្នុងព្រឹទ្ធសភានិងរដ្ឋសភាអាចទទួលព័ត៌មានសម្ងាត់ទាក់ទងនឹងការដែលលោក Trump មានឯកសារសម្ងាត់នៅឯផ្ទះលោកនៅ Mar-a-Lago។
ដោយសារតែ សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យមានប្រៀបលើបេក្ខជនខាងគណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិមួយចំនួននៅទូទាំងប្រទេសនោះ លោក Schumer អាចសម្រេចលប់ចោលសម័យប្រជុំពីរអាទិត្យក្នុងខែតុលាដើម្បីទុកពេលថែមទៀតឱ្យពួកសមាជិកព្រឹទ្ធសភាធ្វើការឃោសនាបោះឆ្នោតនៅក្នុងរដ្ឋរបស់ពួកគេ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ