ក្រុមមន្រ្តីប៉ូលិសបានបង្ហាញខ្លួននៅផ្ទះរបស់លោក Musa Azare នៅក្នុងរដ្ឋធានីអាប៊ូហ្សា (Abuja) កាលពីថ្ងៃទី២០ ខែសីហា។
លោកបានប្រាប់ថា៖ «ពួកគេនិយាយថា ពួកគេជាមន្រ្តីសន្តិសុខ ជាកងកម្លាំងប៉ូលិសនីហ្សេរីយ៉ា។ ពួកគេត្រូវបានគេបញ្ជូនមកពីរដ្ឋ Bauchi ឲ្យមកទីនេះ ដើម្បីចាប់ខ្លួនខ្ញុំ»។
មន្រ្តីប៉ូលិសទាំងនោះបានទាមទារឲ្យលោក Azare ដែលត្រូវបានគេដឹងថាបានធ្វើការរិះគន់រដ្ឋាភិបាលក្នុងរដ្ឋ Bauchi តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម ឲ្យទៅជាមួយពួកគេ។ ទាល់តែពេលដែលលោកបានទៅដល់ប៉ុស្តិ៍ប៉ូលិសនៅខាងក្រៅរដ្ឋធានីនៃប្រទេសនេះ ទើបលោកដឹងថា លោកត្រូវបានគេចោទពីបទតាមដានក្នុងប្រព័ន្ធអ៊ិនធឺណិតនិងបទបរិហាកេរ្តិ៍។
មិនយូរប៉ុន្មាន លោក Azare ត្រូវបានគេដោះលែង។ ខណៈដែលមន្រ្តីក្នុងរដ្ឋ Bauchi និយាយថា ពួកគេមិនបានដឹងអ្វីពីការចាប់ខ្លួននេះទេ ប៉ុន្តែលោក Azare ជឿថា រូបលោកត្រូវបានគេយកធ្វើជាគោលដៅបែបនេះដោយសារតែការការបញ្ចេញមតិរិះគន់របស់លោក។
ការឃុំខ្លួនលោក Azare ជាករណីមួយក្នុងចំណោមការចាប់ខ្លួន ឬការឃុំខ្លួនអ្នកកាសែតនានាជាច្រើនដែលបានកើតឡើងនៅក្នុងប្រទេសនីហ្សេរីយ៉ាក្នុងប៉ុន្មានខែថ្មីៗនេះ។
រដ្ឋធម្មនុញ្ញនីហ្សេរីយ៉ា ធានាពីសេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។ លោក Lai Mohammed រដ្ឋមន្រ្តីក្រសួងព័ត៌មាន បាននិយាយកាលពីខែមិថុនាថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Muhammadu Buhari «មិនមានបំណងធ្វើអ្វីមួយដើម្បីរឹតត្បិតសេរីភាពសារព័ត៌មាននោះទេ»។
ប៉ុន្តែលោក Peter Nkanga ដែលជាអ្នកតំណាងអាហ្វ្រិកខាងលិចសម្រាប់គណៈកម្មាធិការការពារអ្នកកាសែតបាននិយាយថា សេរីភាពសារព័ត៌មាននៅក្នុងប្រទេសនីហ្សេរីយ៉ាកំពុងតែធ្លាក់ចុះ។
លោកបានបកស្រាយថា៖ «តើសេរីភាពសារព័ត៌មានធ្លាក់ចុះក្នុងរបៀបណាដែរ? ចម្លើយ គឺតាមរយៈសកម្មភាពរបស់ស្ថាប័ន និងអាជ្ញាធររដ្ឋាភិបាល ដែលសុទ្ធតែជាស្ថាប័ននិងបុគ្គលត្រូវធានាឲ្យមាន សេរីភាពក្នុងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន សេរីភាពក្នុងការប្រកាន់គោលគំនិត បែរជាកំពុងតែធ្វើឲ្យសេរីភាពនោះធ្លាក់ចុះបន្តិចម្តងៗទៅវិញ»។
កាលពីខែមុននេះ កងទ័ពរបស់នីហ្សេរីយ៉ាបានកោះហៅអ្នកកាសែតម្នាក់ឲ្យមកកាន់បន្ទាយដើម្បីធ្វើការសាកសួរ បន្ទាប់ពីអ្នកកាសែតរូបនោះបានបង្ហោះបន្តវីដេអូមួយនៃក្រុមជ្រុលនិយម Boko Haram នៅក្នុងបណ្តាញសង្គម Twitter។ នៅខែមិថុនា អ្នកកាសែតម្នាក់ទៀតដែលធ្វើការស៊ើបអង្កេតលើការជួញដូរអាវុធ ត្រូវរងការវាយប្រហារនៅពេលឆ្លងកាត់ព្រំដែននីហ្សេរីយ៉ា។ លោក Nkanga និយាយថា ហេតុការណ៍វាយប្រហារនោះបានកើតឡើងនៅពីមុខក្រុមមន្រ្តីគយ ប៉ុន្តែក្រុមមន្ត្រីទាំងនោះមិនបានធ្វើអន្តរាគមន៍អ្វីទាល់តែសោះ។
មិនមែនត្រឹមតែអ្នកកាសែតទេដែលត្រូវបានគេកំណត់ជាគោលដៅនោះ។ នាពេលថ្មីៗនេះ ប៉ូលិសបានចាប់ខ្លួនបុរសម្នាក់នៅរដ្ឋ Ogun ប៉ែកទិសនិរតីនៃប្រទេស ដោយសារតែលោកបានដាក់ឈ្មោះសត្វសុនខ ថា «Buhari» តាមឈ្មោះលោកប្រធានាធិបតី។
លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន Mohammed មិនអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបាននោះទេ។
លោក Shuaib Leman លេខាធិការជាតិនៃសហជីពអ្នកកាសែតនីហ្សេរីយ៉ា (Nigerian Union of Journalists) និយាយថា លោកទទួលស្គាល់ថាការវាយប្រហារនានាក្នុងពេលថ្មីៗ ជាការវាយប្រហារចំពោះការសន្យារបស់លោកប្រធានាធិបតី Buhari ក្នុងការបង្ក្រាបអំពើពុករលួយ។ ចាប់តាំងពីពេលដែលលោកប្រធានាធិបតី Buhari បានចូលកាន់តំណែងកាលពីឆ្នាំមុន អ្នកកាសែតជាច្រើនបានរាយការណ៍ព័ត៌មាននានាអំពីករណីសង្ស័យនៃការកេងប្រវ័ញ្ចលួចបន្លំពីសំណាក់រដ្ឋអំណាច និងមន្រ្តីថ្នាក់មូលដ្ឋាននានា។
លោកបាននិយាយថា៖ «ខ្ញុំមិនមានការភ្ញាក់ផ្អើលនោះទេ ដែលជារៀងរាល់ថ្ងៃអ្នកនឹងឃើញមានមួយករណី ឬករណីផ្សេងៗទៀតដែលអ្នកកាសែតម្នាក់ត្រូវបានគេនាំខ្លួនទៅជួបអភិបាលរដ្ឋ ឬអ្នកនយោបាយដែលមានអំណាចម្នាក់ដោយសារតែការសរសេរអត្ថបទប្រឆាំងនឹងអំពើពុករលួយ ឬការលើកយកបញ្ហានានាធ្វើឲ្យមានការចាប់អារម្មណ៍ពីសាធារណជន និងទាមទារការពិនិត្យពិច្ច័យឲ្យបានល្អិតល្អន់»។
លោក Mai Truong ប្រធានក្រុមតស៊ូមតិនៃកម្មវិធីសេរីភាពអ៊ីនធឺណិតនៃ Freedom House បាននិយាយថា ក្រុមអ្នកនយោបាយប្រើប្រាស់ច្បាប់ដែលបានអនុម័តឆ្នាំមុនដើម្បីដាក់ទោសទណ្ឌរាល់សកម្មភាពនានា ដូចជាការលួចចូលមើលព័ត៌មាន តាមដានក្នុងប្រព័ន្ធអ៊ិនធឺណិត និងសំដៅអនុវត្តលើក្រុមអ្នកសរសេរប្លុកជាដើម។
លោកបាននិយាយថា៖ «យើងឃើញមានការកើនឡើងតិចតួចនៃចំនួនអ្នកសរសេរ Blogប្លុកដែលត្រូវបានគេកំណត់ជាគោលដៅនៃការចាប់ខ្លួន និងចោទប្រកាន់នៅក្រោមច្បាប់ឧក្រិដ្ឋកម្មអ៊ិនធឺណិតចំពោះការសរសេរខ្លឹមសារបង្ហោះនានាអំពីថ្នាក់ដឹកនាំ ឬមន្រ្តីថ្នាក់មូលដ្ឋាននានា»។
លោក Nkanga នៃគណៈកម្មាធិការការពារអ្នកកាសែត បាននិយាយថា បរិយាកាសនៃសេរីភាពសារព័ត៌មាននឹងមានភាពល្អប្រសើរឡើង ល្គឹកណាតែភ្នាក់ងារសន្តិសុខ និងអ្នកនយោបាយដែលយកអ្នកកាសែតជាគោលដៅ អាចផ្តល់ភាពយុត្តិធម៌បាន៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ