ខណៈដែលភាពក្រីក្រនៅតែជាឧបសគ្គមួយសម្រាប់ពលរដ្ឋកម្ពុជាជាច្រើន ពិសេសអ្នកដែលមកពីទីជនបទក្នុងការទទួលបានការអប់រំ សិល្បករវ័យក្មេងពីររូបរបស់កម្ពុជាដែលធ្លាប់ទទួលបានការបណ្តុះបណ្តាលពីអង្គការហ្វារពន្លឺសិល្បៈ រួមមាន សុខ ឌីណា និង ណែម សុផា បានទទួលអាហារូបករណ៍ទៅសិក្សានៅសាលាសៀកជាតិនៅទីក្រុង Montreal ដែលជាសាលាសៀកដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោក។ ជាងនេះទៅទៀតគឺ សុខ ឌីណា បានក្លាយជាជនជាតិខ្មែរដំបូងគេដែលត្រូវបានជ្រើសរើសឲ្យធ្វើការនៅក្នុងក្រុមហ៊ុន Cirque du Soleil ដែលជាក្រុមហ៊ុនសៀកធំបំផុតមួយរបស់ពិភពលោក ហើយយុវជន ណែម សុផា ក៏នឹងត្រឡប់ទៅធ្វើការនៅប្រទេសកាណាដាវិញនៅចុងខែកុម្ភៈនេះផងដែរ។
កើតនៅក្នុងឃុំ អូចារ ខេត្តបាត់ដំបង ភាគពាយ័ព្យនៃប្រទេសកម្ពុជា យុវជន សុខ ឌីណានិងបងប្អូនបង្កើតទាំង៦នាក់ ពឹងផ្អែកទៅលើប្រាក់ចំណូលរបស់ឪពុកដែលប្រកបរបរជាអ្នករត់ម៉ូតូឌុប រហូតដល់គេធំដឹងក្តី។
ឌីណា បានក្លាយជាជនជាតិខ្មែរដំបូងគេដែលបានចូលធ្វើការនៅក្នុងក្រុមហ៊ុនសៀកដ៏ធំបំផុតមួយរបស់ពិភពលោកដែលមានឈ្មោះថា«Cirque du Soleil»។ ថ្មីៗនេះយុវជនរូបនេះបានប្រាប់ VOA ថា ខ្លួននៅតែមិនទាន់ជឿថា ខ្លួនកំពុងតែធ្វើការនៅក្នុងក្រុមហ៊ុនដែលខ្លួនតែងតែស្រម៉ៃធ្វើការជាមួយនៅឡើយទេ។
«មកដល់សព្វថ្ងៃនេះ ខ្ញុំក៏មិននឹកស្មានថាខ្ញុំបានធ្វើការជាមួយក្រុមហ៊ុនខ្ញុំធំនេះដែរ ខ្ញុំមិនទាន់បានជឿនោះទេ។ ដើរតាមផ្លូវដើរចុះដើរឡើងទៅ គិតថា ខ្ញុំនៅកាណាដានេះ មិនមែនរៀនទៀតណា ខ្ញុំនៅធ្វើការ ហើយក្នុងចិត្តខ្ញុំសួរខ្លួនឯងទៀត ថាធ្វើការជាមួយណាគេ? ក្រុមហ៊ុនណា? ក្រុមហ៊ុនដែលអ្នកឯងចង់ធ្វើហ្នឹងឯង ក្រុមហ៊ុន Cirque du Soleil។ ពេលខ្ញុំគិតថា ខ្ញុំបានធ្វើការហ្នឹងមែន? ខ្ញុំនិយាយម្នាក់ឯងអញ្ជឹងឯង។ ពេលគិតចុះគិតឡើង និយាយញញឹម ឥឡូវនេះក៏ខ្ញុំកំពុងញញឹមមិនទាន់ខ្ជឹបដែរ»។
កើតនៅក្នុងគ្រួសារដ៏ធំមួយដែលមានបងប្អូនបង្កើតរហូតដល់ទៅ ១២នាក់ ហើយ៧នាក់ក្នុងចំណោមនោះជាសិល្បករសៀក ឆាកជីវិតរបស់សុផា ក៏មិនខុសគ្នាឆ្ងាយពីឌីណាប៉ុន្មានដែរ។ សុផាបានថ្លែងថា ឪពុករបស់គេគឺជាអ្នករត់ រ៉ឺម៉កកង់បី ហើយដោយសារតែខ្លួនបានឃើញបងប្រុសរបស់ខ្លួនមានជីវិតប្រសើរជាងមុនក្រោយក្លាយខ្លួនជាសិល្បករផ្នែកសៀកនោះ សុផាក៏បានចូលសិក្សានៅក្នុងអង្គការក្រៅរដ្ឋាភិបាលដែលមានឈ្មោះថា«ហ្វារពន្លឺសិល្បៈ» ដែលអង្គការនេះបង្កើតឡើងដើម្បីជួយដល់កុមារក្រីក្រ។
សុផាខិតខំរៀនសូត្រនិងធ្វើការយ៉ាងខ្លាំងនៅពេលដែលសុផាធ្វើការនៅអង្គការហ្វារហើយ សុផាបានប្តេជ្ញាថាត្រូវតែទទួលជោគជ័យ។
សុផាបានប្រាប់ វីអូអេ ថា រូបគេស្ទើរតែមិនជឿថា គេរៀនចប់ពីសាលាសៀកជាតិនៅក្នុងទីក្រុង Montreal ដែលជាសាលាសៀកដ៏ធំបំផុតមួយនៅលើពិភពលោកនេះនោះទេ ហើយមិនត្រឹមតែប៉ុណ្ណោះ រូបគេបានធ្វើការនៅប្រទេសកាណាដាក្រោយរៀនចប់ទៀត។
«ខ្ញុំសប្បាយចិត្តមែនទែនដែល ហ្វារ គេរើសខ្ញុំឲ្យទៅរៀននៅប្រទេសកាណាដា ហើយនឹកពេលដែលខ្ញុំរៀននៅសាលាដែលធំជាងគេនៅលើពិភពលោក នៅប្រទេសកាណាដា ខ្ញុំសប្បាយចិត្ត ខ្ញុំមិននឹកស្មានថាខ្ញុំរៀនចប់នៅសាលាហ្នឹង ទីមួយវាយ៉ាប់សាលាហ្នឹង អត់មានងាយស្រួយនឹងចូលសាលាហ្នឹងទេ។ ហើយទី២ វាមានតែខ្មែរពីរនាក់ដែលបានរៀនសាលាហ្នឹងយូរដល់៥ឆ្នាំ»។
ការរស់នៅស្រុកគេរបស់ឌីណានិងសុផាគឺមិនមែនជាការងាយស្រួលនោះទេ។ ពួកគេបានឆ្លងកាត់ការលំបាកជាច្រើន។ សុផាមានអាយុទើបតែ ១៧ឆ្នាំ ហើយឌីណាមានអាយុទើបតែ ១៦ឆ្នាំប៉ុណ្ណោះ នៅពេលដែលសុផាបានទៅដល់ប្រទេសកាណាដាដំបូង។ សុផាបានប្រាប់វីអូអេថា គេត្រូវសម្របខ្លួនជាមួយនឹងអាកាសធាតុនិងរៀនភាសាបារាំងនិងអង់គ្លេស។ ហើយអ្វីដែលលំបាកក្នុងការសម្របខ្លួនជាងគេគឺម្ហូបអាហារនៅទីនោះ។
«ផលលំបាកទី១គឺការនិយាយ កាលយើងទៅយើងអត់ចេះនិយាយ។ ទី២គឺម្ហូបអាហាររបស់គេ។ ទី៣ ការរស់នៅរបស់គេ។ ទី៤ គឺភាពត្រជាក់របស់យើង។ ហើយយើងមានភាពភ័យខ្លាចខ្លាំងមែនទែន ដោយសារតែយើងនៅឆ្ងាយពីគ្រួសារ ហើយយើងនៅក្មេងទៀត កាលហ្នឹងខ្ញុំអាយុ ១៧ឆ្នាំ ហើយមិត្តភ័ក្រ្តខ្ញុំឌីណា គេទើបតែអាយុ ១៦ឆ្នាំ។ គឺនៅក្មេងមែនទែន។ ប៉ុន្តែយើងត្រូវតែខំរៀនទៅ ហើយពេលរៀនយូរៗទៅយើងចេះតែស្គាល់គ្នាទៅ យើងអត់ខ្លាចគ្នា យើងគិតថាយើងមានសមត្ថភាព។ ប៉ុន្តែការលំបាកហ្នឹងគឺលំបាករហូត។ លំបាកជាងគេគឺការញ៉ាំ»។
ចំណែកឯ ឌីណា វិញ ការសិក្សានៅបរទេស ការជិះយន្តហោះ និងការឃើញព្រិលធ្លាក់គឺជាក្តីសុបិន្តមួយ។ ប៉ុន្តែស្របពេលជាមួយគ្នានេះដែរ ឌីណាក៏មានអារម្មណ៍ស្រងូតស្រងាត់ ដោយសារតែខ្លួននៅសែនឆ្ងាយពីសុ្រកកំណើត ពិសេសគឺឆ្ងាយពីម្តាយជាទីស្រឡាញ់របស់ខ្លួន។
«មុនខ្ញុំមកវិញម៉ាក់ខ្ញុំយំ ខ្ញុំអត់ដឹងថា វាយ៉ាងម៉េចទេ តែគាត់យំ យំមុនខ្ញុំឡើងឡាន»។
ជាអកុសលពេលនោះគឺជាលើកចុងក្រោយហើយដែល ឌីណា បានជួបនឹងម្តាយរបស់គេ។ មួយឆ្នាំក្រោយពេលដែល ឌីណា ត្រឡប់មកប្រទេសកាណាដាវិញ ម្តាយរបស់គេបានទទួលមរណភាព។
សុផានិងឌីណា ដំបូងឡើយបានចូលរៀននៅអង្គការ ហ្វារពន្លឺសិល្បៈ ដែលជាអង្គការក្រៅរដ្ឋាភិបាលផង ជាផ្ទះផងនិងជាកន្លែងមួយដែលផ្តល់ក្តីសង្ឃឹមដល់កុមារក្រីក្ររាប់ពាន់នាក់ដែលមានបញ្ហាផ្នែកសង្គមនិងហិរញ្ញវត្ថុនៅក្នុងគ្រួសារ។
ពួកគេទាំងពីរនាក់មានឱកាសសិក្សានិងធ្វើការនៅអង្គការ ហ្វារ នៅពេលដែលពួកគេធំដឹងក្តី។ ពួកគេមានទេពកោសល្យនិងរៀនសូត្រអ្វីឆាប់ចេះ ហើយកត្តានេះហើយដែលធ្វើឲ្យពួកគេបានទៅរៀននៅទីក្រុង Montreal។ នេះបើយោងតាមលោក ហួត តារា នាយកប្រតិបត្តិនៃសហគ្រាសសង្គមហ្វារ។
«សុផានិងឌីណាកាលដែលគាត់អញ្ជើញទៅគាត់នៅក្មេងនៅឡើយទើបតែ១៦ឆ្នាំ ១៧ឆ្នាំ គាត់បានបង្ហាញនូវទេព្យកោសល្យដ៏គួរឲ្យស្ងើចសរសើរ។ គាត់រៀនអីរហ័សចេះ គាត់តស៊ូនិងចង់ចេះច្រើន ដូច្នេះនៅពេលដែលគ្រូរបស់គាត់ឃើញនូវសមត្ថភាពនិងទេពកោសល្យរបស់គាត់ ក៏លើកទឹកចិត្តឲ្យគាត់បញ្ចេញសមត្ថភាពរបស់គាត់តាមវីដេអូ ហើយយើងបានបញ្ជូនវីដេអូហ្នឹងទៅសាលាសៀកជាតិរបស់កាណាដានៅក្នុងទីក្រុង Montreal»។
លោក Joel Gershon ដែលកំពុងដឹកនាំផលិតភាពយន្តឯកសារអំពីសុផានិងឌីណា ដែលមានចំណងជើងថា៖« Cirque du Cambodia: From Rice Fields to the Big Time» ឬដែលជាភាសាខ្មែរដែលមានន័យថា៖«សិល្បៈសៀកនៅកម្ពុជា៖ ពីវាលស្រែរហូតទទួលបានជោគជ័យ» នោះ ធ្លាប់បានចេញថ្លៃសំបុត្រយន្តហោះឲ្យឌីណានិងសុផា ទៅលេងស្រុកកំណើតកាលពីឆ្នាំ២០១៥ ជាពេលដែលឌីណាបានជួបម្តាយរបស់ខ្លួនជាលើកចុងក្រោយ។
លោក Gershon បានថ្លែងថា ពួកគេទាំងពីរនាក់ហើយនិងរបៀបដែលអង្គការហ្វារបានជួយដល់កុមារនៅកម្ពុជាដែលមានវិបត្តិនៅក្នុងក្រុមគ្រួសារនិងរស់នៅក្នុងភាពក្រីក្រនោះ បានធ្វើឲ្យលោកមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង។ មូលហេតុនេះហើយទើបធ្វើឲ្យលោកចាប់ផ្តើមដឹកនាំផលិតភាពយន្តឯកសារអំពីដំណើរជីវិតរបស់ពួកគេ។
លោក Gershon បានថ្លែងថា លោកបានតាមដានជីវិតរបស់ឌីណានិងសុផាអស់រយៈពេលជាង៥ឆ្នាំទៅហើយដើម្បីឲ្យដឹងពីការរីកចម្រើនទៅមុខរបស់ពួកគេ។
«ខ្ញុំគិតថាពួកគេមានអំណាចពិសេសដ៏អស្ចារ្យ។ ពួកគេអាចលោតហក់លើអាកាសបាន។ ពួកគេអាចរក្សាលំនឹងបានយ៉ាងល្អ។ ហើយឌីណាពិតជាប្រភេទមនុស្សដ៏អស្ចារ្យដោយសារគេអាចដើរលើខ្សែពួរបាន»។
លោក Gershon បន្តថា ពួកគេមិនត្រឹមតែមានទេពកោសល្យនោះទេ ពួកគេពិតជាកំប្លែងអស្ចារ្យ។
«ពួកគេពិតជារួសរាយណាស់។ ពួកគេផ្តល់ភាពកក់ក្តៅ ផ្តល់កម្លាំងវិជ្ជមានម៉្យាង។ ពួកគេផ្តល់ស្នាមញញឹមដល់មនុស្សគ្រប់រូបមិនថាពេលពួកគេទៅដល់ទីណានោះទេ។ ពេល ពួកគេទៅកន្លែងនានា ពួកគេឈរពីលើគ្នា។ ពួកគេធ្វើអ្វីឆ្កួតៗ។ ហើយពួកគេបានធ្វើឲ្យមនុស្សនៅជុំវិញខ្លួនពួកគេស្រែកហ៊ោ ទះដៃ និងសើចសប្បាយ។ វាពិតជាអស្ចារ្យ។ ខ្ញុំរីករាយណាស់ពេលនៅក្បែរពួកគេ»។
លោក Xavier Gobin អតីតនាយកផ្នែកប្រតិបត្តិការនៅអង្គការហ្វារ ដែលធ្លាប់ធ្វើការយ៉ាងជិតស្និតជាមួយសុផានិងឌីណាមុននឹងពួកគេទៅរៀនបន្តនៅទីក្រុង Montreal ប្រទេសកាណាដានោះ បានប្រាប់ VOA ថា លោកពិតជាមានមោទនភាពដែលបានឃើញឌីណានិងសុផាទទួលបានជោគជ័យ។
«ខ្ញុំមានកិត្តិយស ពីព្រោះខ្ញុំដឹងថា សម្រាប់ពួកគាត់ទាំងពីរនាក់មិនមែនជាការស្រួលនោះទេ។ ទៅកាណាដាវារងារខ្លាំង វប្បធម៌ខុសគ្នាមែនទែន ហើយខ្ញុំដឹងថា មុនដំបូងគាត់ចង់យំរាល់ថ្ងៃ ប៉ុន្តែគាត់តស៊ូ គាត់ចេះតស៊ូ គាត់យល់ពីឱកាសដែលគាត់បានពីអង្គការហ្វារ។ ហើយខ្ញុំដឹងថាគាត់តស៊ូច្រើនមែនទែន មិនមែនតែ១ខែ ឬក៏ ៣ខែ ប៉ុន្តែ ៥ឆ្នាំ វាមិនមែនរឿងធម្មតា ហើយខ្ញុំដឹងថា របៀបធ្វើការនៅ Montreal និងនៅហ្វារ វាខុសគ្នាឆ្ងាយទៀត»។
សម្រាប់ឌីណា បញ្ហាទាំងអស់នោះមិនអាចរារាំងរូបគេក្នុងការបន្តដំណើរទៅមុខនោះទេ។ ផ្ទុយទៅវិញ ឌីណាតែងតែរស់នៅក្នុងជីវិតដែលពោរពេញទៅដោយក្តីសង្ឃឹមជានិច្ច។ ឌីណាបានជុំរុញឲ្យគ្រប់គ្នាតស៊ូព្យាយាមក្នុងជីវិត ហើយត្រូវតែមានក្តីស្រម៉ៃខ្ពស់។
«ខ្ញុំចង់ផ្តាំទៅមិត្តភ័ក្ត្រទាំងអស់គ្នា បងប្អូនទាំងអស់គ្នា ដែលចាប់ជាសិល្បករ សិល្បៈសៀកនេះដែរឲ្យដឹងថា ការព្យាយាមវាមិនអស់ប្រយោជន៍នោះទេ ហើយយើងត្រូវតែគិតស្រមើស្រមៃខ្ពស់។ យើងត្រូវស្រមើស្រម៉ៃឲ្យបានខ្ពស់ពីព្រោះដើម្បីឲ្យជីវភាពរបស់យើង ដើម្បីឲ្យជីវិតរបស់យើងបានរីកចម្រើនមានភាពតស៊ូទៅមុខ»។
សុផាចង់ឲ្យគ្រប់គ្នា ពិសេសអ្នកនៅប្រទេសកាណាដាដឹងពីសិល្បករសៀកដ៏មានទេពកោសល្យនៅហ្វារ។ សុផាសង្ឃឹមថា សិល្បករទាំងនោះនឹងមានឱកាសបានទៅរៀននៅប្រទេសកាណាដាដូចរូបគេដែរ។
សម្រាប់ ឌីណាវិញ ឌីណាបានប្រាប់ VOA ថា រូបគេមានគម្រោងចង់វិលត្រឡប់ទៅប្រទេសកម្ពុជាវិញក្រោយពេលដែលគេទទួលបានបទពិសោធន៍គ្រប់គ្រាន់នៅពេលដែលគេធ្វើការនៅក្រុមហ៊ុន Cirque du Soleil ពីព្រោះថា ឌីណា ចង់ចែករំលែកបទពិសោធន៍ទាំងឡាយដែលខ្លួនមានដល់ពលរដ្ឋកម្ពុជាជំនាន់ក្រោយទាំងអស់ផងដែរ៕