ក្រុមស្ត្រីថ្ងៃសុក្រដែលតែងតែតវ៉ាទាមទារឲ្យដោះលែងស្វាមីរបស់ពួកគេ ដែលកំពុងជាប់ពន្ធនាគារ គ្រោងនឹងរៀបចំធម្មយាត្រាមួយ នាដើមខែឧសភាខាងមុខ ដោយធ្វើដំណើរទៅខេត្តសៀមរាប ក្នុងគោលបំណងលើកកម្ពស់យុត្តិធម៌សង្គម។ នេះបើយោងតាមលិខិតមួយច្បាប់ផ្ញើជូនទៅលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។
បើតាមលិខិតដដែល ធម្មយាត្រានេះនឹងចាប់ផ្តើមពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ហើយត្រូវចេញដំណើរពីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តកំពង់ធំ ហើយឆ្ពោះទៅខេត្តសៀមរាបដែលជាគោលដៅចុងក្រោយ។
អ្នកស្រី ព្រំ ចន្ថា អ្នកតំណាងស្ត្រីថ្ងៃសុក្រ ប្រាប់វីអូអេថាស្វាមីរបស់អ្នកស្រីដែលជាអ្នកនយោបាយម្នាក់កំពុងជាប់ពន្ធនាគារ ដែលអ្នកស្រីតែងតែតវ៉ាទាមទារឲ្យដោះលែង។
អ្នកស្រីថ្លែងថា៖ «ធម្មតានេះ គឺខ្ញុំមានគោលបំណងចង់លើកកម្ពស់យុត្តិធម៌ក្នុងសង្គម ព្រោះរាល់ថ្ងៃនេះយើងអយុត្តិធម៌ក្នុងសង្គម ដោយសារក្រុមគ្រួសាររបស់ពួកខ្ញុំវាអយុត្តិធម៌ ក៏ដូចជាប្រជាពលរដ្ឋទូទៅ។ អ៊ីចឹងខ្ញុំធ្វើដើម្បីឆ្លុះបញ្ចាំង»។
បើតាមស្ត្រីរូបនេះ មកទល់ពេលនេះមិនទាន់មានការឆ្លើយតបណាមួយពីក្រសួងមហាផ្ទៃនៅឡើយទេ ខណៈអ្នកស្រីរង់ចាំការឆ្លើយតប។
អ្នកស្រីបន្ថែមថាប្រជាពលរដ្ឋទូទៅអាចចូលរួមនៅក្នុងធម្មយាត្រានេះបាន បើសិនជាពួកគេចង់ចូលរួម។ អ្នកស្រីមិនទាន់អាចកំណត់ចំនួនអ្នកចូលរួមជាក់លាក់នៅឡើយទេ ប៉ុន្តែថាយ៉ាងតិច៥០នាក់នឹងចូលរួម។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូអេថាលោកមិនទាន់ទទួលបានលិខិតរបស់ក្រុមស្រ្តីថ្ងៃសុក្រនៅឡើយទេ ហេតុនេះក្រសួងមិនទាន់មានការសម្រេចចិត្តបែបណានៅឡើយទេ។
ស្ត្រីថ្ងៃសុក្រនេះគឺជាឈ្មោះរបស់ក្រុមស្ត្រីមួយក្រុមដែលតែងតែនាំគ្នាតវ៉ាជារៀងរាល់ថ្ងៃសុក្រ ដើម្បីទាមទារយុត្តិធម៌ជូនក្រុមគ្រួសារពួកគេដែលកំពុងជាប់ពន្ធនាគារ ហើយពួកគេជាសកម្មជនរបស់អតីតគណបក្សសង្រ្គោះជាតិ៕