សមាជិកក្រុមស្ត្រីថ្ងៃសុក្រមួយចំនួនដែលមានសាច់ញាតិ ជាអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ លើកឡើងថា រាល់មុនពេលការបោះឆ្នោតថ្នាក់ជាតិមកដល់ គឺតែងតែមានសកម្មភាពបំផុសបំផុលឱ្យសកម្មជនគណបក្សជំទាស់ងាកទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាតាមរូបភាពផ្សេងៗគ្នា។
ប៉ុន្តែពួកគាត់ថា ស្វាមីរបស់ពួកគាត់នឹងមិនទោរទន់ទៅតាមការបំផុសបំផុល ហើយក៏មិនឱ្យស្វាមីពួកគាត់ចុះចូលគណបក្សកាន់អំណាចដើម្បីទទួលបានការលើកលែងទោសពីការចោទប្រកាន់ដែលពួកគាត់ថា មានជាប់ហេតុផលនយោបាយ។
អ្នកស្រី ព្រំ ចាន់ថា ភរិយាលោក កាក់ កុម្ភារ ដែលជាអតីតសមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញដែលកំពុងស្ថិតក្នុងពន្ធនាគារ បានលើកឡើងថា អ្នកស្រីនិងស្វាមីកាន់ជំហរដាច់អហង្ការមិនចុះចូលជាមួយគណបក្សកាន់អំណាច ដោយអ្នកស្រីអះអាងថា ស្វាមីរបស់អ្នកស្រីគ្មានកំហុសដែលត្រូវទទួលការកាត់ទោសនៅតុលាការនោះទេ។
អ្នកស្រីថ្លែងថា៖ «គ្រួសារខ្ញុំអត់មានកំហុសទេ ហើយចាប់គាត់ទៅពន្ធនាគារដោយគ្មានកំហុសហើយ វាអយុត្តិធម៌ហើយ ហៅប្តីខ្ញុំចុះចូលទៀត។ អ៊ីចឹងសម្រាប់ខ្ញុំ ខ្ញុំអត់ធ្វើដាច់ខាតតែម្តង»។
អ្នកស្រីបន្ថែមថា ការបំផុសបំផុលឱ្យចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចនៅមុនពេលបោះឆ្នោតថ្នាក់ជាតិជានិច្ចកាលកើតឡើងតាមរូបភាពផ្សេងៗគ្នា ដូចជាការបំភិតបំភ័យ ការគំរាមកំហែង ការប៉ុនប៉ងវាយប្រហារ និងប្រើប្រាស់ហិង្សាឬការផ្តល់មុខតំណែងក្នុងរដ្ឋាភិបាលជាដើម។
អ្នកស្រីបញ្ជាក់ថា៖ «ឱ្យតែពេលជិតបោះឆ្នោតតែងតែមានការទិញ ឬក៏បំផុសបំផុលឱ្យចូលរួមជីវភាពជាមួយគណបក្សកាន់អំណាចហើយ គឺអត់ខុសទេ។ ប៉ុន្តែបើសិនជាប្រជាពលរដ្ឋ ឬមួយសកម្មជនភ្លើងទៀន ដែលគាត់រឹងប៉ឹង ឬថា គាត់អត់មានការភ័យខ្លាច គាត់នឹងអាចទប់ទល់ ឬមានឆន្ទៈថា នៅឈរជើងឱ្យនឹង ប៉ុន្តែបើសិនជាគាត់មានការភ័យខ្លាចនឹងការគំរាមកំហែងរបស់គណបក្សកាន់អំណាចផង គាត់នឹងអាចចុះចូលរួមជីវភាពជាមួយគេហើយ»។
កន្លងមក សាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមដោយផ្តន្ទាទោសអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន ៥១ នាក់ឱ្យជាប់ពន្ធនាគារ ចាប់ពី ៥ ឆ្នាំទៅ ៨ ឆ្នាំ ក្រោមបទចោទ «រួមគំនិតក្បត់ និងញុះញង់» នៅក្នុងសំណុំរឿងគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ ២០១៩។
ក្នុងចំណោមអ្នកខាងលើនោះក៏មានលោក កាក់ កុម្ភារ និងអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិផ្សេងទៀត ដូចជាលោក ស៊ុន ធន់ អតីតសមាជិកក្រុមប្រឹក្សាអតីតគណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ធំ និងលោក កែវ ថៃ អតីតប្រធានប្រតិបត្តិអតីតគណបក្សសង្គ្រោះជាតិខេត្តកំពង់ឆ្នាំង។
សមាជិកក្រុមស្ត្រីថ្ងៃសុក្រម្នាក់ទៀតគឺអ្នកស្រី សេង ចាន់ថន អាយុ ៥០ ឆ្នាំ ភរិយារបស់លោក ស៊ុន ធន់ ប្រាប់វីអូអេនៅថ្ងៃពុធថា ការសុំចុះចូលរបស់សកម្មជន និងអ្នកគាំទ្រគណបក្សជំទាស់មួយចំនួន ជាមួយគណបក្សប្រជាជនកម្ពុជាគឺជាសិទ្ធិធ្វើនយោបាយរបស់បុគ្គលម្នាក់ៗ តែសុំឱ្យអ្នកស្ម័គ្រចូលជាមួយគណបក្សកាន់អំណាចទាំងអស់នោះ កុំងាកមកវាយប្រហារអតីតសកម្មជនគណបក្សជំទាស់ដែលធ្លាប់ធ្វើការជាមួយគ្នា។
អ្នកស្រីថ្លែងថា៖ «ហើយខ្ញុំយល់ថា រឿងមួយទៀតបើសិនជាគាត់ចូលទៅគេហើយ ហើយសុំឱ្យពួកគាត់ហ្នឹង កុំវាយប្រហារមកលើដៃគូ ឬក៏វាយប្រហារមកលើអ្នកដែលធ្លាប់ធ្វើការជាមួយគ្នា ព្រោះពួកគាត់ធ្វើការបម្រើជាតិទេ មិនមែនបម្រើបុគ្គលទេ»។
អ្នកស្រី សេង ចាន់ថន រៀបរាប់ទៀតថា អ្នកស្រី និងស្វាមីមិនចុះចូលជាមួយគណបក្សកាន់អំណាចដើម្បីឱ្យមានការដោះលែងស្វាមីអ្នកស្រីចេញពីពន្ធនាគារនោះទេ ដោយសុខចិត្តបន្តជាប់ពន្ធនាគាររហូតដល់ពេលកំណត់។
អ្នកស្រីបន្ថែមថា៖ «បើសិនជាគាត់[ប្តី]ចង់ចូលជាមួយគេ គាត់ចូលតាំងពីយូរហើយមិនបាច់ចាំដល់ជាប់គុករហូតដល់ពីរ បីឆ្នាំហើយបាននាំគ្នាមកចុះចូលដើម្បីបានចេញ[ពីពន្ធនាគារ]ទេ ព្រោះគាត់តស៊ូយូរហើយ។ គាត់លំបាកយូរហើយ។ អ៊ីចឹងគាត់លំបាកបន្តិចទៀតក៏គាត់អត់អីដែរ»។
កាលពីពេលថ្មីៗនេះ លោក ហ៊ុន កុសល ដែលធ្លាប់អះអាងថាជាអ្នកគាំទ្រដោយមានភក្តីភាពនឹងអតីតប្រធានអតីតគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក យឹម ស៊ីណន អតីតប្រធានចលនាយុវជនអតីតគណបក្សសង្គ្រោះជាតិនៅប្រទេសកូរ៉េខាងត្បូង ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ការតែងតាំងពួកគេទាំងពីរនាក់កើតឡើង បន្ទាប់ពីពួកគេត្រូវបានតុលាការដោះលែងដោយដាក់ឱ្យស្ថិតនៅក្រៅឃុំ ពីបទប្រមាថព្រះមហាក្សត្រ ពាក់ព័ន្ធនឹងពិធីមួយនៅខេត្តសៀមរាបដែលធ្វើឡើងដើម្បីឆ្ពោះទៅកាន់ការប្រកួតកីឡាស៊ីហ្គេម ដោយមានការសម្របសម្រួលពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយពេលដែលពួកគេសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ក្រោយមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងការពារអ្នកចុះចូលទាំងនោះ និងបានប្រាប់អ្នកជំទាស់កុំឱ្យមានការវាយប្រហារ ឬការប្រើប្រាស់ពាក្យមិនសមរម្យទៅលើបុគ្គល ដែលបានសម្រេចមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោក ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រនៅឯវិទ្យាស្ថានជាតិអប់រំ (NIE)កាលពីថ្ងៃអង្គារថា៖ «ហេតុអ្វីបានជាជេរគេ? ថ្ងៃហ្នឹងថាគេស្នេហាជាតិ គ្រាន់តែគេមកគាំទ្ររដ្ឋាភិបាលភ្លាម ថា គេក្បត់ជាតិភ្លាម។ វាមិនគួរៗ។ គណបក្សប្រជាជន អត់មានវប្បធម៌ហ្នឹងទេ។ អ្នកណាចង់ទៅណា អាហ្នឹងរឿងរបស់គេ ក៏ប៉ុន្តែខ្ញុំមិននឹកស្មានថា ពួកអ្នកដែលនិយាយពីប្រជាធិបតេយ្យបែរជាប្រឆាំងនឹងដំណើរការប្រជាធិបតេយ្យ ប្រឆាំងនឹងការជ្រើសរើសដោយសេរីនៃសេរីភាពខាងនយោបាយរបស់ប្រជាពលរដ្ឋ ហើយតែងតែលាបពណ៌គេ លក់ក្បាលអីអ៊ីចេះ ក្បត់មនសិការស្អីៗណា!»
អ្នកវិភាគនយោបាយ លោក សេង សារី កត់សម្គាល់ថា នៅពេលជិតបោះឆ្នោតថ្នាក់ជាតិម្តងៗ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតែងតាំង និងផ្តល់តួនាទីដល់មន្ត្រីនយោបាយមកពីគណបក្សប្រឆាំង ដែលជាយុទ្ធនាការនយោបាយដើម្បីបោសសម្អាតចលនាប្រឆាំង។
លោកប្រាប់វីអូអេថា ៖«ចេតនារបស់លោកនាយករដ្ឋមន្ត្រី ក្នុងការតែងតាំងមន្ត្រីគណបក្សប្រឆាំងនេះ ធ្វើឡើងមុនការបោះឆ្នោតជាទម្លាប់។ ហើយអ្វីដែលសំខាន់គឺមិនមែនចេតនានៅក្នុងការទាញយកផលប្រយោជន៍ ឬទាញយកសក្តានុពលពីយុវជនទាំងនោះទេ គឺគ្រាន់តែធ្វើម៉េចជាយន្តការមួយដើម្បីកម្ទេចចលនាប្រឆាំង ឬក៏ធ្វើឱ្យចលនាប្រឆាំងមិនអាចងើបរួច ឬបង្ហាញទៅមហាជនថាមន្ត្រីគណបក្សប្រឆាំងកំពុងតែបាក់ទំនប់ ដូចទឹកបាក់ទំនប់ក្នុងការចុះចូលជាមួយគណបក្សប្រជាជន»។
លោកបន្ថែមថា តួនាទីដែលអតីតមន្ត្រីគណបក្សប្រឆាំងទទួលបានពីលោកនាយករដ្ឋមន្ត្រីនោះ នឹងមិនមានឥទ្ធិពលយូរនោះទេ ហើយនឹងបាត់សំឡេងទៅវិញ ដោយហេតុថា ពួកគេមិនហ៊ានបញ្ចេញគំនិតយោបល់អ្វីបន្តទៀតនោះទេ។
ដោយឡែកនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានបង្ហាញក្តីបារម្ភចំពោះប្រព័ន្ធយុត្តិធម៌នៅកម្ពុជាដែលបន្តរងការរិះគន់ថា មានភាពទន់ ខ្សោយ ហើយនៅរាល់ពេលដែលមានការប្រជុំត្រួតពិនិត្យឡើងវិញជាសកលស្តីពីសិទ្ធិមនុស្ស ឬក៏ពេលចេញរបាយការណ៍ផ្សេងៗរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ្នកជំនាញច្បាប់ នៅតែទទូចសុំឱ្យកម្ពុជាធ្វើកំណែទម្រង់ប្រព័ន្ធច្បាប់ និងប្រព័ន្ធតុលាការឱ្យកា្លយទៅជាប្រព័ន្ធឯករាជ្យ៕