ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា កងកម្លាំងរុស្ស៊ីបានគ្រប់គ្រងទឹកដីអ៊ុយក្រែនប្រមាណ២០ភាគរយហើយរហូតមកដល់ពេលនេះ។ នៅថ្ងៃសុក្រនេះជាការកត់សម្គាល់រយៈពេល១០០ថ្ងៃគត់នៃការប្រយុទ្ធ គ្នានៅក្នុងប្រទេសអ៊ុយក្រែនដែលនៅតែកំពុងបន្តកើតឡើងនៅក្នុងសមរភូមិជាច្រើន។
លោក Zelenskyy បានថ្លែងប្រាប់សភាប្រទេសលុចសំបួតាមរយៈវីដេអូកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា៖ «សូមអស់លោកស្រមៃមើលពីការប្រយុទ្ធគ្នាមិនឈប់ឈរនៅតាមសមរភូមិជួរមុខដែលមានបណ្តាយប្រវែងជាង១.០០០គីឡូម៉ែត្រនោះ។ លោកបន្ថែមទៀតថា តំបន់របស់អ៊ុយក្រែនដែលពេលនេះគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ីនោះមានទំហំប្រហាក់ប្រហែលនឹងប្រទេសហូឡង់ទាំងមូល។
អ៊ុយក្រែនបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរបស់ខ្លួនបានដណ្តើមកាន់កាប់ឡើង វិញនូវទីប្រជុំជននិងភូមិតូចៗចំនួន២០នៅក្នុងតំបន់ Kherson នៅភាគខាងជើងប្រទេសអ៊ុយក្រែន។ ទន្ទឹមនឹងនេះដែរ កងកម្លាំងរុស្ស៊ីកំពុងធ្វើការវាយប្រហាររបស់ខ្លួនទៅលើទីក្រុង Sievierodonetsk ដែលជាទីក្រុងដែលគ្រប់គ្រងចុងក្រោយដោយអ៊ុយក្រែននៅក្នុងតំបន់ Luhansk នៅភាគខាងកើតប្រទេសអ៊ុយក្រែន។
អភិបាលតំបន់ Luhansk លោក Serhiy Haidai បាននិយាយថា កងកម្លាំងរុស្ស៊ីបានគ្រប់គ្រងទីក្រុងនេះប្រមាណ៧០ភាគរយ ហើយការប្រយុទ្ធគ្នាដ៏ខ្លាំងនៅតាមដងផ្លូវនានាកំពុងកើតមានឡើង។
ដោយឡែក ក្រសួងការពារជាតិអង់គ្លេសវិញបាននិយាយថា រុស្ស៊ីបានកាន់កាប់ទីក្រុងនេះស្ទើរទាំងស្រុង។ ក្រសួងការពារជាតិអង់គ្លេសបានបញ្ជាក់ទៀតថា កងកម្លាំងអ៊ុយក្រែនកាន់ កាប់ផ្លូវសំខាន់មួយចូលទៅកាន់ទីក្រុងនេះ ខណៈដែលកងកម្លាំងរុស្ស៊ីកំពុងរុលទៅមុខយ៉ាងខ្លាំងនៅផ្នែកជាច្រើនដោយមានការគាំទ្រពីកាំភ្លើងផ្លោងរបស់ខ្លួនដ៏ខ្លាំងក្លាផងដែរ។
ការវាយតម្លៃអំពីសង្គ្រាមរបស់មេដឹកនាំអ៊ុយក្រែនកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា សហរដ្ឋអាមេរិកនឹងផ្តល់គ្រាប់រំសេវនិងប្រព័ន្ធបាញ់រ៉ុក្កែតដែលទំនើបជាងមុនទៅឱ្យអ៊ុយក្រែនក្នុងកញ្ចប់ទឹកប្រាក់ដែលមានតម្លៃប្រមាណ៧០០លានដុល្លារអាមេរិក។
លោក Zelenskyy ក៏បាននិយាយផងដែរថា ការវិលត្រឡប់នៃស្ថានទូតបរទេសទៅក្នុងរដ្ឋធានីកៀវឡើងវិញនោះ ជាតឹកតាងមួយដែលបង្ហាញពីជ័យជម្នះរបស់អ៊ុយក្រែនផងដែរ៕