អ្នក​និពន្ធ​បារាំង​លោកស្រី Annie Ernaux ​ទទួល​ពាន​រង្វាន់​ណូបែល​ផ្នែក​អក្សរសិល្ប៍

រូបឯកសារ៖ អ្នក​និពន្ធ​បារាំង​លោកស្រី Annie Ernaux ត្រូវ​បាន​គេ​ប្រគល់​ពានរង្វាន់​ណូបែល​ផ្នែក​អក្សរសិល្ប៍ សម្រាប់​​ឆ្នាំ ២០២២ នេះ។ (Francesca Mantovani-editions Gallimard/Handout via REUTERS)

កាលពី​ថ្ងៃព្រហស្បតិ៍ ទី​ ៦​ ខែតុលា​ បណ្ឌិត​សភាស៊ុយអែត បានផ្តល់ពាន​រង្វាន់​ណូបែលផ្នែក​អក្សរសិល្ប៍ ប្រចាំឆ្នាំ ២០២២ ជូន​ដល់​អ្នកនិពន្ធ​បារាំង​ម្នាក់ គឺ​ លោកស្រី​ Annie Ernaux ​ សម្រាប់​«សេចក្តី​ក្លាហាន​និង​ស្មារតី​មោះមុត​របស់​លោកស្រី​ ​ដែល​លោកស្រី​បាន​លាតត្រដាង​ពី​ឫសគល់ ទំនាក់​ទំនង​ខុស​ប្លែក​ពី​មុន និង​ឧបសគ្គ​រួម​ស្តី​ពី​ការចង​ចាំ​រឿងរ៉ាវ​ជីវិត​ផ្ទាល់ខ្លួន‍»។

បណ្ឌិត​សភា​នេះ​បាន​ប្រកាស​បែប​នេះ នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ ក្នុងក្រុង​ Stockholm នៃ​ប្រទេស​ស៊ុយអែត។

លោក​ស្រី​ Ernaux អាយុ ៨២ ឆ្នាំ ត្រូវ​បាន​គេ​ស្គាល់ដោយសារ​ស្នាដៃ​និពន្ធ​របស់​លោកស្រី​អំពី​ជីវប្រវត្តិផ្ទាល់ខ្លួន។ ​លោក​ស្រី​បាន​សរសេរ​សៀវភៅ​ជាង​ ២០ ក្បាល ទាំង​រឿង​ប្រឌិត​និងជា​ជីវប្រវត្តិ​ផ្អែកលើជីវិតលោក​ស្រីផ្ទាល់ ភាគច្រើន​ដោយ​បង្ហាញ​ពី​បទពិសោធន៍​ជីវិត​ស្មុគស្មាញ​ផ្ទាល់​ខ្លួន​របស់​លោកស្រី។ លោក​ស្រី​បានចាត់ទុកពានរង្វាន់ណូបែល​ថា​ ជា​«កត្តិយស​ដ៏ធំធេង​មួយ‍» និង​ជា «ការ​ទទួល​ខុសត្រូវ‍»ផង​ដែរ។

សៀវភៅ​ដែល​និពន្ធ​ដោយ​លោកស្រី Annie Ernaux ត្រូវ​ដាក់​តាំង​បង្ហាញ​នៅ​ Borshuset, ក្នុង​ទីក្រុង Stockholm ប្រទេស​ស៊ុយអែត ថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២២។ (Henrik Montgomery/TT News Agency via AP)

សៀវភៅចុង​ក្រោយ​របស់​លោកស្រី​ដែល​មានចំណង​ជើង​ថា «វង្វេង​ផ្លូវ» ឬ​ជាភាសា​អង់គ្លេស​ “Getting Lost” ​ ដែល​ត្រូវ​បានបោះពុម្ព​ផ្សាយកាល​ខែកញ្ញា ជា​បណ្តុំ​កំណត់ហេតុ​ប្រចាំ​ថ្ងៃរបស់​លោកស្រី ចាប់​ពី​ឆ្នាំ ១៩៨៨​ ដល់​ឆ្នាំ ១៩៩០ ហើយ​មាន​រួមទាំង​សេចក្តី​លម្អិត​នៃ​ទំនាក់ទំនង​ស្នេហា​ជាច្រើន​របស់​លោកស្រី​ផង​ដែរ។

លោកស្រី Ernaux ជាជនជាតិបារាំង​ទី ១៦ ដែល​បាន​ទទួល​ពាន​រង្វាន់ណូបែលផ្នែក​អក្សរសិល្ប៍។ ការណ៍​នេះ​ធ្វើឲ្យ​ប្រទេស​បារាំង​មាន​អ្នក​ឈ្នះ​ពានរង្វាន់​ផ្នែក​នេះ​ បីនាក់​ច្រើន​ជាង​ប្រទេស​ឯ​ទៀតៗ។

ពានរង្វាន់​នេះមានរួម​ទឹកប្រាក់​ជាង ៩ សែន​ដុល្លារ​អាមេរិក ដែល​ត្រូវ​បាន​បែង​ចែក​ស្មើគ្នា​រវាង​ជ័យលាភី​ទាំង​អស់។​

ពាន​រង្វាន់​ណូបែល​ផ្នែក​វេជ្ជសាស្ត្រ រូបវិទ្យា​ និងគីមីវិទ្យា​ ត្រូវ​បាន​ប្រគល់ក្នុង​សប្តាហ៍ទី​ ១ ​នៃ​ខែតុលា។ ពាន​រង្វាន់ណូបែល​សន្តិភាព ត្រូវបាន​ប្រកាសនៅ​ថ្ងៃសុក្រ​ ទី ៧​ ខែ​តុលា និងពាន​រង្វាន់​ផ្នែក​សេដ្ឋកិច្ច​ ត្រូវបាន​ប្រកាស​នៅ​ថ្ងៃចន្ទ ទី១០ ខែ​តុលា៕


ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​ចេញ​ពី​ទីភ្នាក់ងារ​ព័ត៌មាន The Associated Press , AFP និង​ Reuters

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ