រដ្ឋអាជ្ញាបារាំង បានដោះលែង នាយកប្រតិបត្តិក្រុមហ៊ុន Telegramលោក Pavel Durov ចេញពីការឃុំខ្លួនរបស់ប៉ូលិសក្រោយពីត្រូវបានសាកសួរអស់ពេល៤ថ្ងៃពីបទចោទថាប្រព័ន្ធTelegram ត្រូវបានប្រើសម្រាប់សកម្មភាពខុសច្បាប់។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
លោក Durov ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃសៅរ៍នៅព្រលានយន្តហោះ Le Bourget ក្រៅក្រុងប៉ារីស។ ការឃាត់ខ្លួននេះជាផ្នែកមួយនៃការសាកសួររបស់តុលាការក្នុងសំណុំរឿងក្តីដែលបានចាប់ផ្ដើមកាលពីខែមុន ដែលជាប់ពាក់ព័ន្ធការចោទប្រកាន់ពីបទឧក្រិដ្ឋរំលោភបំពានចំនួន១២។
សេចក្តីថ្លែងការណ៍របស់ការិយាល័យរដ្ឋអាជ្ញាក្រុងប៉ារីសបានសរសេរថា«ចៅក្រមស៊ើបសួរបានបញ្ចប់ការឃុំខ្លួនលោកPavel Durov ពីប៉ុស្តិ៍ប៉ូលិស ហើយនឹងឲ្យគេនាំខ្លួនលោកបងបង្ហាញមុខក្នុងតុលាការជាលើកដំបូង និងអាចមានការចោទប្រកាន់ផ្លូវការ»។
បទចោទផ្សេងទៀតលើលោក Durovដែលមានសញ្ជាតិបារាំងដែរនោះ រួមមានការប្រើប្រព័ន្ធTelegramរបស់លោក សម្រាប់បំពានផ្លូវភេទកុមារ និងការជួញដូរថ្នាំញឿន ការបន្លំ និងការសមគំនិតប្រព្រឹត្តិឧក្រិដ្ឋកម្មដែលមានការរៀបចំ ហើយថាប្រព័ន្ធ Telegram ប្រកែក មិនព្រមចែករំលែកព័ត៌មានឬឯកសារ ជាមួយក្រុមរដ្ឋអាជ្ញាតាមច្បាប់តម្រូវទេ។
ការចាប់ខ្លួនលោក Durov ក្នុងប្រទេសបារាំង បាននាំឲ្យមានការខឹងសម្បាក្នុងប្រទេសរុស្ស៊ី ដោយមន្ត្រីរដ្ឋាភិបាលខ្លះចាត់ទុកថានេះជាករណីពាក់ព័ន្ធនឹងនយោបាយ ហើយជាភស្តុតាងនៃស្តង់ដារពីររបស់លោកខាងលិច ក្នុងការអនុវត្តសេរីភាពបញ្ចេញមតិ។
ការខឹងសម្បា នាំឲ្យមានចម្ងល់ក្នុងចំណោមអ្នករិះគន់លើរដ្ឋាភិបាលរុស្ស៊ីព្រោះនៅឆ្នាំ២០១៨ អាជ្ញាធររុស្ស៊ីខ្លួនឯង បានព្យាយាមរាំងខ្ទប់ប្រព័ន្ធ Telegramតែបានបរាជ័យ ដោយបានដកបម្រាមនោះវិញនៅឆ្នាំ២០២០។
ក្នុងប្រទេសអីរ៉ង់ ទីដែលកម្មវិធី Telegram ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយទោះ បីជាមានបម្រាមផ្លូវការក្រោយពីការតវ៉ារាប់ឆ្នាំមកប្រឆាំងនឹងទេវាធិបតេយ្យនិកាយ Shiite របស់ប្រទេសនេះក៏ដោយ ក៏ការចាប់ខ្លួនលោក Durovក្នុងប្រទេសបារាំង ញ៉ាំងឱ្យមានអត្ថាធិប្បាយពីមេដឹកនាំកំពូលរបស់អីរ៉ង់។ លោក Ayatollah Ali Khamenei បានសរសើរបារាំងចំពោះភាព«តឹងរ៉ឹង»លើអ្នកដែល«រំលោភការគ្រប់គ្រង»អ៊ីនធើណិតនៅបារាំង៕