ប្រធានាធិបតី​បារាំង​ឈ្នះ​យ៉ាង​ប្រកៀក​ប្រកិត​នៅ​ក្នុង​ការបោះឆ្នោត​ជុំ​ទី១

លទ្ធផល​នៃ​ការ​បោះឆ្នោត​ជុំទី១​​នៅ​ក្នុង​ការជ្រើសរើស​ប្រធានាធិបតី​បារាំងឆ្នាំ២០២២ ដែល​មាន​លោក​ប្រធានាធិបតី Emmanuel Macron និង​អ្នកស្រី Marine Le Pen មេដឹកនាំ​ស្ដាំ​និយម ជា​បេក្ខជន នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២។ (REUTERS)

ប្រធានាធិបតី​បារាំង​ដែល​កំពុង​កាន់​តំណែង​លោក Emmanuel Macron និង​មេដឹកនាំ​ស្តាំ​និយម​លោក​ស្រី Marine Le Pen នឹង​ប្រឈមការតតាំង​គ្នា​នៅ​ក្នុង​ការបោះ​ឆ្នោត​ប្រធានាធិបតី​ជុំ​ទី២ នៅ​ថ្ងៃ​ទី២៤ ខែ​មេសាខាង​មុខ​នេះ បន្ទាប់ពី​ការប្រកួត​ប្រជែង​ជុំ​ទី១កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​។

លោក​ប្រធានាធិបតី Macron ឈ្នះ​បាន​សន្លឹក​ឆ្នោត​ប្រហែល២៧ភាគរយ ហើយ​លោក

​ស្រី Le Pen បាន​ទទួល​សន្លឹក​ឆ្នោត​ចំនួន២៤ភាគរយ ដោយ​មាន​សន្លឹក​ឆ្នោត​ជាង៩០ភាគ រយ​ ត្រូវ​បាន​គេ​រាប់​ហើយ។

ពួក​អ្នក​វិភាគ​មាន​ការភ័យខ្លាច​ថា នឹង​មានអ្នក​ចេញ​មក​បោះឆ្នោត​ចំនួន​ទាប ដោយ​ការស្ទង់​មតិ​មុន​ការបោះឆ្នោត​ បាន​ព្យាករ​ថា លោក Macron និង​លោក​ស្រី Le Pen ទំនង​នឹង​ក្លាយ​ជា​អ្នក​ប្រកួត​ប្រជែង​នៅ​ក្នុង​ការបោះឆ្នោត​ជុំ​ទី២នេះ។

គេ​ឃើញ​មាន​អ្នក​ឈរ​តម្រង់​ជួរយ៉ាង​វែង​នៅ​ខាង​មុខ​មណ្ឌល​បោះឆ្នោត​ខ្លះ​នៅ​ពាក់​កណ្តាល​ថ្ងៃ​ត្រង់​នៅ​ភាគ​ឦសាន្តទីក្រុង​ប៉ារីស។

ក៏ប៉ុន្តែ នៅ​ទីបញ្ចប់ ចំនួន​មនុស្ស​ចេញ​បោះឆ្នោត​មាន​ភាព​ប្រសើរ​ជាង​ការភ័យខ្លាច ដោយ​មាន​ចំនួន​ប្រហែល៧៥ភាគរយ។

អ្នក​ស្រី Paulette Jean-Baptiste ដែល​ជា​អ្នក​ចូលនិវត្ត​ម្នាក់ ​មាន​ការលំបាកច្រើន​ ដើម្បីធ្វើ​ការ​ជ្រើសរើស​ក្នុង​ចំណោម​បេក្ខជន​ប្រធានាធិបតីជា​ច្រើន​នាក់។ អ្នក​ស្រី​មាន​ការពិបាក​ក្នុង​ការជ្រើសរើស​រវាង​លោក Macron និង​លោក​ស្រី Le Pen និង​បេក្ខជន​ឆ្វេង​និយម​លោក Jean-Luc Melenchon ផង​ដែរ។

សម្រាប់​អ្នក​ស្រី Jean-Baptiste ដែល​មាន​ដើម​កំណើត​មកពី​ទីក្រុង Guadeloupe ការព្រួយ​បារម្ភ​អំពី​សោហ៊ុយ​នៃ​ការរស់​នៅ​ជា​ការព្រួយ​កង្វល់​ដ៏​សំខាន់។ អ្នក​ស្រី​និយាយ​ថា ពន្ធ​ខ្ពស់​ខ្លាំង​ពេក ហើយ​វា​មាន​ការលំបាក​ក្នុង​ការរក​ប្រាក់​ចំណូល។

មុន​ការបោះឆ្នោត​នេះ គេ​បាន​ឃើញ​ការនាំមុខ​យ៉ាង​ស្រួល​កាលពីពេល​មុន​របស់​លោក Macronបាន​ធ្លាក់ចុះ។ ការស្ទង់​មតិ​មុន​ការបោះឆ្នោត​បាន​រកឃើញ​ថា លោក​ស្រី Le Pen ទទួល​បាន​ការគាំទ្រ​កើន​ឡើងនៅ​ថ្ងៃ​ចុង​ក្រោយ បន្ទាប់ពី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ស្រី​ដែល​បាន​ផ្តោត​ទៅលើ​ការព្រួយ​កង្វល់​ពី​សោហ៊ុយ​នៃ​ការរស់​នោ​ដែល​ពួក​អ្នក​បោះឆ្នោតដូចជា​អ្នក​ស្រី Jean-Baptiste ​ជាដើម​ បាន​ផ្តល់​អាទិភាព​ទៅ​លើ​បញ្ហា​នេះ។

លោក​ស្រី Le Pen ក៏​បាន​ធ្វើការ​បន្ទន់​វោហារសាស្ត្រ​ប្រឆាំង​ជន​អន្តោប្រវេសន៍​និង​អំពី​ការ មន្ទិល​សង្ស័យ​អំពី​ប្រាក់​អឺរ៉ូ​ផងដែរ។ ការណ៍​នេះ​ទំនង​បាន​ទទួល​ការគាំទ្រ​ជាពិសេស ពីព្រោះ​តែ​បេក្ខជន​ប្រធានាធិបតី​ម្នាក់​ទៀត​លោក Eric Zemmour ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​ទំនោរ​ទៅ​ខាង​ស្តាំ​ខ្លាំង​ជាង​លោក​ស្រី​នោះ។

លោក Macron បាន​ចូលរួម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​យឺត ដោយ​លោក​បាន​អះអាង​ថា លោក​ជាប់​រវល់​ធ្វើ​កិច្ចការ​របស់​លោក ជាពិសេស​ទាក់ទិន​នឹង​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ លោក​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដ៏​សំខាន់​មួយ​មុន​ការបោះឆ្នោត​ជុំ​ទី១ហើយ​មិន​បាន​ចូលរួម​នៅ​ក្នុង​ការជជែក​ដេញដោល​ទល់មុខ​គ្នា​ជាមួយ​បេក្ខជន​ប្រធានាធិបតី​ផ្សេង​ទៀត​ឡើយ៕