គណបក្សសាធារណរដ្ឋឆ្ពោះទៅមុខ (Republic on the Move) ដែលជាគណបក្សថ្មីថ្មោងរបស់លោកប្រធានាធិបតីបារាំងដែលមានទស្សនៈកណ្ដាលនិយម Emmanuel Macron នឹងទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសភា ពេលដែលលទ្ធផលនៃការបោះឆ្នោតជុំទីមួយកាលពីថ្ងៃអាទិត្យម្សិលមិញ បានបង្ហាញថា ខ្លួនបានទទួលសំឡេងឆ្នោតចំនួន ២៨ ភាគរយ។
លទ្ធផលសម្រាប់គណបក្សរបស់លោក Macron និងគណបក្សចលនាប្រជាធិបតេយ្យ (MoDem) ដែលទទួលបានសំឡេងឆ្នោតចំនួន ៤ ភាគរយ ដែរ អាចធ្វើឲ្យគណបក្សទាំងពីរឈានឆ្ពោះទៅកាន់ការឈ្នះសំឡេងឆ្នោតលើសលុបនៅក្នុងរដ្ឋសភាជាតិ ដែលនឹងទទួលបានអាសនៈជាង ៤០០ ក្នុងចំណោមអាសនៈសរុបចំនួន ៥៧៧ ប្រសិនបើការបោះឆ្នោតជុំចុងក្រោយនៅសប្ដាហ៍ក្រោយនឹងទទួលបានជ័យជម្នះដូចគ្នានេះ។
ប៉ុន្តែ ចំនួនអ្នកចេញមកបោះឆ្នោតជុំទីមួយកាលពីថ្ងៃអាទិត្យម្សិលមិញ មានចំនួនតិចតួច ដែលមិនដែលមានពីមុនមក ដោយមនុស្សចំនួន ៥២ ភាគរយ មិនបានមកបោះឆ្នោត។ ករណីនេះគឺបណ្ដាលមកពីការបោះឆ្នោតញឹកញាប់ពេក ដែលអ្នកបោះឆ្នោតធ្វើព្រងើយកន្តើយ ក្រោយពីដំណើរការបោះឆ្នោតប្រធានាធិបតីកន្លងមកបានបញ្ចប់ទៅ។
លទ្ធផលនេះ ក៏បានបង្ហាញឲ្យឃើញពីការគាំទ្រដ៏ខ្លាំងក្លាចំពោះលោកប្រធានាធិបតី Macron។ អ្នកបោះឆ្នោតភាគច្រើន ដែលបានបោះឆ្នោតឲ្យលោក Macron នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ជាពិសេសអ្នកបោះឆ្នោតដែលមានទស្សនៈឆ្វេងនិយម បាននិយាយថា ពួកគេបោះឆ្នោតឲ្យលោក Macron ដោយសារតែមិនចង់ឃើញលោកស្រី Marine Le Pen ជាប់ឆ្នោត។ នៅពេលនោះ អ្នកបោះឆ្នោតភាគច្រើន និងអ្នកដែលមិនមកបោះឆ្នោត បានសន្យាថា នឹងបោះឆ្នោតប្រឆាំងនឹងលោក Macron នៅក្នុងការបោះឆ្នោតរដ្ឋសភា។ ប៉ុន្តែ លទ្ធផលបោះឆ្នោតរដ្ឋសភាជុំទីមួយកាលពីថ្ងៃអាទិត្យម្សិលមិញ បានបង្ហាញយ៉ាងច្បាស់ថា អ្នកបោះឆ្នោតភាគច្រើនបានប្ដូរចិត្តរបស់ពួកគេវិញ៕