ប៉ូលីសបារាំងបានផ្សព្វផ្សាយរូបថតមួយរបស់ជនជាប់សង្ស័យម្នាក់ដែលអាជ្ញាធរចាប់ខ្លួនមិនទាន់បាន ពីការវាយប្រហារកាលពីយប់ថ្ងៃសុក្រនៅក្នុងទីក្រុងប៉ារីស បណ្តាលឱ្យមនុស្សយ៉ាងតិចណាស់១២៩នាក់បាត់បង់ជីវិត។
ជនជាប់សង្ស័យនេះត្រូវបានគេកំណត់អត្តសញ្ញាណឈ្មោះថា Salah Abdeslam អាយុ២៦ឆ្នាំ កើតនៅក្នុងក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។ ការផ្សព្វផ្សាយសុំព័ត៌មានអំពីជនជាប់សង្ស័យទី៨នេះបានព្រមានថា បុរសនេះអាចនាំឱ្យមានគ្រោះថ្នាក់ហើយថាជនទាំងឡាយណាដែលមានព័ត៌មានអំពីបុរសនេះ គួរហៅទូរស័ព្ទទៅប្រាប់អាជ្ញាធរ។
លោករដ្ឋអាជ្ញាក្រុងប៉ារីសបាននិយាយថា ជនពីរនាក់ថែមទៀតក្នុងបណ្តាក្រុមអ្នកវាយប្រហារ៧នាក់ដែលបានស្លាប់ ត្រូវបានដឹងអត្តសញ្ញាណហើយ។ លោកបានថ្លែងថា ពួកគេជាពលរដ្ឋបារាំងរស់នៅក្នុងប្រទេសបែលហ្ស៊ិក។
កាលពីថ្ងៃអាទិត្យ ប៉ូលីសបារាំងបានសាកសួរចម្លើយញាតិសន្តានជិតស្និទ្ធរបស់ឈ្មោះ Omar Ismail Mostefai ដែលជាភេរវជនទីមួយ ដែលត្រូវបានដឹងអត្តសញ្ញាណនៅក្នុងការវាយប្រហារនោះ។
ឪពុក បងប្អូនប្រុស និងបងប្អូនថ្លៃស្រីរបស់ Mostefai ស្ថិតក្នុងចំណោមមនុស្ស៦នាក់ដែលអាជ្ញាធរបានឃាត់ខ្លួននៅពេលដែលប្រទេសបារាំងកាន់មរណទុក្ខជាតិបីថ្ងៃនៅក្រោយការសម្លាប់រង្គាលដែលបានធ្វើឱ្យពិភពលោកមានការរន្ធត់ចិត្ត៕