ប៉ូលិស​បារាំង​សម្លាប់​ជន​ប្រដាប់​អាវុធ​បី​នាក់​ដើម្បី​បញ្ចប់​វិបត្តិ​ចំណាប់​ខ្មាំង​

ប៉ូលិស​បង្រ្គាប​កុបកម្ម​បារាំង​បិទ​វិថី​​ Kleber បន្ទាប់​ពី​មាន​​ការ​ប្រាប់​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​នៅ​ថ្ងៃ​ទី០៩ ខែ​មករា​ ឆ្នាំ​២០១៥​។ ​ប៉ូលិស​បារាំង ​បាន​សម្លាប់​ជន​សង្ស័យ​​៣​នាក់​នៅ​ក្នុង​​ការ​វាយ​ឆ្មក់​២​កន្លែង នៅស្របពេល​ដែល​ជនសង្ស័យ​ម្នាក់ទៀត​​​នៅ​កំពុង​តែ​រត់​គេច​ខ្លួន​នៅ​ឡើយ។

ភេរវកម្ម​អស់​រយៈ​ពេល​៣​ថ្ងៃ​នៅ​ក្នុង​ប្រទេស​បារាំង​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស១៧​នាក់​ស្លាប់ ​បាន​បញ្ចប់​កាលពី​ថ្ងៃ​សុក្រនៅពេល​ដែល​ប៉ូលិស​បារាំង ​បាន​សម្លាប់​ជន​សង្ស័យ៣​នាក់​នៅ​ក្នុងការ​វាយ​ឆ្មក់​២​កន្លែង។​ជនសង្ស័យ​ម្នាក់នៅ​កំពុង​តែ​រត់​គេច​ខ្លួន​នៅ​ឡើយ។

ក្រុម​អាជ្ញាធរ​បារាំង ​និយាយ​ថា ​បងប្អូន​ប្រុស​២​នាក់​ដែល​ជា​ជន​សង្ស័យ​នៅ​ក្នុង​ការ​វាយ​ប្រហារមួយ​កាលពី​សប្តាហ៍​កន្លង​មក​នេះ​ទៅ​លើ​ទស្សនាវដ្តី​ត្លុកកំប្លែង Charlie Hebdo ត្រូវ​បាន​សម្លាប់​កាល​ពី​ថ្ងៃ​សុក្រ​ ហើយ​ចំណាប់​ខ្មាំង​ម្នាក់ត្រូវ​បាន​ដោះលែងក្នុង​អំឡុងពេល​នៃ​ការ​វាយ​ឆ្មក់​ដោយ​ប៉ូលិស​នៅ​តំបន់​ខាង​ជើង​ទីក្រុង​ប៉ារីស។​មនុស្ស​១២​នាក់ ​ត្រូវ​បាន​សម្លាប់​កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្នុង​ការ​វាយ​ប្រហារ​ទៅ​លើ​ទស្សនាវដ្តី​នោះ។

ប៉ូលិស​ក៏​បានវាយ​ប្រហារ​ចូលផ្សារ​ទំនើប​លក់ម្ហូប​អាហារ Kosher ​របស់​ជន​អំបូរ​ជ្វីព​កាល​ពី​ថ្ងៃ​សុក្រ​ក្នុង​ទីក្រុង​ប៉ារីស ​ដែល​នៅ​ទី​នោះ​ប៉ូលីស ​បាន​សម្លាប់​ជន​ប្រដាប់​អាវុធ​ម្នាក់​ទៀត​ដែល​បាន​សម្លាប់​អ្នក​ទិញ​ទំនិញ​៤​នាក់​ទៀត។​មនុស្ស​ជា​ច្រើន​នាក់​ទៀត ​បាន​លាក់​ខ្លួននៅ​ក្នុង​ទូរ​ដាក់​សាច់​ឲ្យ​ត្រ​ជាក់​ក្នុង​អំឡុង​ពេល​នៃ​វិបត្តិ​ដ៏​អាក្រក់​នេះ។

គេ​បាន​ឮ​ស្នូរ​ផ្ទុះ​និងស្នូរ​កាំភ្លើងទាំង​នៅ​ក្នុង​ទីក្រុង​ប៉ារីស​និង​ទីក្រុង Dammartin –en-Goele ​ភាគឦសាន្តនៃ​រដ្ឋ​ធានី​នៅពេល​ដែល​ប៉ូលិស​បាន​ចូល​ក្នុង​ទីកន្លែង​ទាំង​នោះ​នៅ​ពេល​ថ្ងៃ​ត្រង់​កាល​ពី​ថ្ងៃ​សុក្រ​ក្នុង​ពេល​ស្រប​គ្នា​។

​បងប្អូន​ប្រុស Cherif និង Said Kouachi ​ ដែល​ត្រូវ​បាន​គេចាត់​ទុក​ជាជន​សង្ស័យ​ដ៏​សំខាន់នៅ​ក្នុង​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​ទៅ​លើ​ទស្សនាវដ្តី Charlie Hebdo ​បាន​លេចចេញ​ពីរោង​ពុម្ភ​ទី​ដែលពួកគេ​បាន​លាក់​ខ្លួន​ហើយ​បាន​ចាប់​ផ្តើម​បាញ់​ប្រហារ​នៅ​ពេល​ដែល​ប៉ូលិសបាន​ចូល​ទៅខាងក្នុង។បងប្អូន​ប្រុសទាំង​២​នាក់ ​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​បាញ់​តបតជាមួយប៉ូលិសជា​ច្រើន​នាក់​នៅ​កន្លែង​កើត​ហេតុ​។

​ក្នុង​ការ​បាញ់​ប្រហារ​នៅទីក្រុង​ប៉ារីស ​កងកម្លាំង​សន្តិសុខ ​បាន​វាយ​សង្គ្រប់​ផ្សារ​ទំនើប​នៅជិតPorte de Vincennes​នៅ​ក្នុង​សង្កាត់​មួយ​ដែល​គេ​ដឹង​ថា ​ជាសង្កាត់​មួយ​របស់​ជន​អំបូរ​ជ្វីព​ក្នុង​ទីក្រុង​ប៉ារីស​ ​និង​បាន​សម្លាប់​ខ្មាន់​កាំភ្លើង​ដែល​មាន​ការ​ពាក់​ព័ន្ធ​ជាមួយ​បងប្អូន​ប្រុស Kouachi។

​មន្រ្តី​ប៉ូលិស​បារាំង ​និយាយ​ថា ខ្មាន់​កាំភ្លើង​នៅ​ក្នុងការ​វាយ​ប្រហារ​ផ្សារ​ទំនើប​នោះ ​ឈ្មោះ Amedy Coulibaly ​អាយុ​៣២​ឆ្នាំ ​ត្រូវ​បាន​គេ​ជឿ​ជាក់​ថាជា​បុរស​តែ​មួយ​ដែល​បាន​បាញ់​សម្លាប់ប៉ូលីស​ស្រី​ម្នាក់​នៅ​តំបន់​ខាង​ត្បូង​ទី​ក្រុង​ប៉ារីសកាល​ពី​ថ្ងៃ​ព្រហស្បតិ៍៕