ប៉ូលិស​បារាំង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ជនសង្ស័យ​បាញ់​ប្រហារ​នៅ​ Charlie Hebdo

ប៉ូលិស​បារាំង​ដាក់​បង្ខាំង​ផ្លូវ​ចូល​ទីក្រុង​ Dammartin-en-Goele ទី​ដែល​បងប្អូន​ប្រុស​ពីរនាក់​ដែល​ជាប់​សង្ស័យ​ពី​ការ​សម្លាប់​មនុស្ស​១២​នាក់​នៅការិយាល័យ​ទស្សនាវដ្តី​ត្លុក​ Charlie Hebdo កំពុង​ចាប់​មនុស្ស​ម្នាក់​ជា​ចំណាប់ខ្មាំង​។

កម្លាំង​សន្តិសុខបារាំង​បាន​និយាយថា ​គេបាន​ទាក់ទង​ជាមួយជន​សង្ស័យពីរនាក់ដែល​បានជាប់​ក្នុង​ការឡោមព័ទ្ធ​នៅឃ្លាំង​មួយ​ ដោយមាន​ចំណាប់ខ្មាំង​នៅក្នុងកណ្តាប់​ដៃពួកគេ។ ព្រឹត្តិ​ការណ៍​នេះកើតមាន​ឡើងពីរថ្ងៃ​ក្រោយពី​ជនទាំងពីរ​នេះ​ត្រូវគេជឿ​ថា​ បានសម្លាប់​មនុស្ស១២​នាក់ ​នៅការិយាល័យ​ទស្សនាវដ្តីត្លុករបស់​បារាំង​ឈ្មោះ​ Charlie Hebdo។ ​ជន​សង្ស័យទាំង​ពីរបាន​ប្រាប់អ្នកចរចា​របស់់ប៉ូលិសថា​ ពួកគេ​ត្រៀមខ្លួនស្លាប់​ជាទុក្ករ​បុគ្គល។​ ប៉ូលិសបាន​បញ្ជាក់ថា ​ជនសង្ស័យ​មាន​ចំណាប់ខ្មាំង​យ៉ាងតិច​ម្នាក់​នៅ​ក្នុង​ដៃ។​

លោក Bernard Cazeneuve​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃបារាំង​បាន​បញ្ជាក់ថា ប្រតិបត្តិការ​នោះ​គឺដើម្បីចាប់​ជនសង្ស័យ។​ លោកបាននិយាយ​ដូចនេះ​ក្រោយពី​មានជំនួប​បន្ទាន់​មួយ​ជាមួយ​លោក​ប្រធានាធិបតី​ លោកនាយក​រដ្ឋមន្ត្រីនិងមន្ត្រី​ប៉ូលិស។​

មានមនុស្ស៩​នាក់ហើយត្រូវ​បានចាប់ខ្លួន​សួរចម្លើយ​អំពីព្រឹត្តិ​ការណ៍​បាញ់​ប្រហារនេះ។​ ប្រជាជន​ក្នុងពិភពលោក​បាន​ចូលរួមមរណ​ទុក្ខជនរង​គ្រោះ​ដែល​បាន​ស្លាប់​១២​នាក់​ក្នុងការ​បាញ់​ប្រហារ​កាល​ពីថ្ងៃពុធ ​ដែល​មាន​ប៉ូលិស​ពីរនាក់​នៅក្នុង​ចំណោម​អ្នកស្លាប់​ទាំង​នោះ។ ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.បាន​ធ្វើ​ពិធី​ស្មឹងស្មាធ​មុនកិច្ចប្រជុំ​កាលពីថ្ងៃព្រហស្បតិ៍។​ ប្រធានាធិបតី​ស.រ.អា.​លោក​បារ៉ាក់ អូបាម៉ា​បានចុះ​ហត្ថលេខា​លើ​សៀវភៅ​មរណ​ទុក្ខនៅ​ស្ថានទូត​បារាំង​នៅរដ្ឋធានី​វ៉ាស៊ីនតោន។​ លោកបាន​ហៅការ​បាញ់​ប្រហារនោះ​ថា​ អំពីព្រៃ​ផ្សែ​និង​កំសាក៕