ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួនបានបង្កា្របផែនការសូកប៉ាន់អន្តរជាតិដ៏ធំមួយដែលពាក់ព័ន្ធនឹងក្រុមហ៊ុនបារាំងមួយដែលបានសូកប៉ាន់ដល់ពួកមន្ត្រីរដ្ឋាភិបាលនៅក្នុងប្រទេសមួយចំនួនក្នុងរយៈពេលជាងមួយទសវត្សរ៍នេះ។
ពួកមន្រ្តីសហរដ្ឋអាមេរិកបានប្រកាសថា ក្រុមហ៊ុនថាមពលនិងដឹកជញ្ជូនបារាំងឈ្មោះ Alstom បានយល់ព្រមទទួលកំហុសពីការរំលោភច្បាប់ប្រឆាំងអំពើពុករលួយសម្រាប់ជនបរទេសនៅក្នុងការទាក់ទិននឹងផែនការពុករលួយដែលបានធ្វើឡើងចន្លោះឆ្នាំ២០០០និងឆ្នាំ២០១១។
លោក James Cole អនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានពណ៌នាកិច្ចព្រមព្រៀងទទួលទោសពៃនេះថា ជាសកម្មភាពនៃការអនុវត្តច្បាប់ជាប្រវត្តិសាស្រ្តដែលបាននាំឲ្យមានការបញ្ចប់ផែនការការស៊ីសំណូក ការធ្វើជំនួញដែលពាក់ព័ន្ធនឹងក្រុមហ៊ុន Alstom ហើយនឹងសាខារបស់ក្រុមហ៊ុននោះនៅក្នុងប្រទេសស្វីសនិងសហរដ្ឋអាមេរិក។
«ពួកគេបានប្រើប្រាស់ការសូកប៉ាន់ដើម្បីការពារកិច្ចសន្យាក្នុងប្រទេសឥណ្ឌូណេស៊ី អេហ្ស៊ីប អារ៉ាប់ប៊ីសាអូឌីតនិងកោះបាហាម៉ា។ រួមទាំងអស់ ក្រុមហ៊ុន Alstom បានបង់ប្រាក់រាប់លានដុល្លានៅក្នុងការសូកប៉ាន់ដើម្បីឲ្យទទួលបានកិច្ចសន្យានៅក្នុងគម្រោងដែលមានទឹកប្រាក់៤ពាន់លានដុល្លារ ហើយនឹងបានទទួលប្រាក់ចំណេញប្រហែល៣រយលានដុល្លាសម្រាប់ខ្លួនឯង»។
លោក Cole បាននិយាយបន្តទៀតថា ក្រុមហ៊ុន Alstom បានយល់ព្រមទទួលកំហុសលើបទចោទប្រកាន់ពីការរំលោភច្បាប់ស៊ីសំណូកហើយនឹងបង់ប្រាក់ពិន័យព្រហ្មទ័ណ្ឌជាង៧៧២លានដុល្លា។ ប្រសិនបើការពិន័យនេះបានទទួលការយល់ព្រមពីតុលាការសហព័ន្ធនៅឆ្នាំក្រោយ វានឹងក្លាយជាការពិន័យការស៊ីសំណូកបរទេសដ៏ធំបង្អស់មួយនៅក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក។
លោកស្រី Leslie Caldwell ជាភូឈួយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានប្រាប់ពួកអ្នកយកព័ត៌មាននៅក្រសួងយុត្តិធម៌ថា ក្រុមហ៊ុន Alstom ជារឿយៗ បានប្រើប្រាស់ភាគីពិគ្រោះយោបល់ទី៣ដើម្បីអនុវត្តិផែនការសូកប៉ាន់ជាមួយពួកមន្រ្តីក្នុងប្រទេសអេហ្ស៊ីប អារ៉ាប់ប៊ីសាអូឌីត កោះបារ៉េននិងប្រទេសឥណ្ឌូណេស៊ី។
«អំពើពុករលួយរបសក្រុមហ៊ុន Alstom បានរាលដាលពេញសាកលលោកហើយជាវិធីរបស់ក្រុមហ៊ុននោះដើម្បីឲ្យទទួលបានកិច្ចសន្យាពាណិជ្ជកម្ម។ ឧទាហរណ៍ នៅក្នុងប្រទេសឥណ្ឌូណេស៊ី ក្រុមហ៊ុន Alstom ហើយនិងសាខារបស់ខ្លួនមួយចំនួន បានប្រើប្រាស់អ្នកពិគ្រោះដើម្បីសូកប៉ាន់ពួកមន្រ្តីរដ្ឋាភិបាល រួមមានសមាជិកជាន់ខ្ពស់របស់សភាឥណ្ឌូណេស៊ីហើយនឹងក្រុមហ៊ុនដែលកាន់កាប់និងត្រួតត្រាដោយរដ្ឋ។ ក្រុមហ៊ុន Alstom បានធ្វើដូច្នេះដើម្បីឲ្យទទួលបានកិច្ចសន្យាមានប្រាក់រាប់រយលានដុល្លាដែលបានប្រាក់ចំណេញច្រើននៅក្នុងឧស្សាហ៍កម្មសេវាកម្មដែលពាក់ព័ន្ធនឹងថាមពល»។
លោកស្រី Calwell បានមានប្រសាសន៍ទៀតថា នាយកប្រតិបត្តិក្រុមហ៊ុន Alstom បានសារភាពទទួលកំហុសរួចទៅហើយនៅក្នុងការពាក់ព័ន្ធនឹងផែនការសូកប៉ាន់នៅក្នុងប្រទេសឥណ្ឌូណេស៊ី។
លោក Cole អនុរដ្ឋមន្រ្តីក្រសួងយុតិ្តធម៌ បានមានប្រសាសន៍ទៀតថា ការពិន័យដ៏ធ្ងន់ធ្ងរលើក្រុមហ៊ុន Alstom និងកិច្ចសហប្រតិបត្តិការដែលសហរដ្ឋអាមេរិក ទទួលបានមកពីប្រទេសជាច្រើននៅក្នុងការទាក់ទិនទៅនឹងការស៊ើបអង្កេត គួរជាការព្រមានដល់ក្រុមហ៊ុនអន្តរជាតិដែលកំពុងគេចចេញពីច្បាប់សូកប៉ាន់។
«ខ្ញុំសូមធ្វើការបញ្ជាក់ឲ្យច្បាស់ថា អំពើពុករលួយ គ្មានទីកន្លែងក្នុងទីផ្សារសា កលលោកទេ។ ហើយសេចក្តីសម្រេចចិត្តនៅថ្ងៃនេះ ផ្តល់សញ្ញាថា សហរដ្ឋអាមេរិក នឹងបន្តដើរតួនាទីនាំមុខមួយនៅក្នុងការលប់បំបាត់ការពុករលួយនេះ»។
ពួកមន្រ្តីសហរដ្ឋអាមេរិក ក៏បាននិយាយដែរថា ក្រុមហ៊ុន Alstom បានប្រព្រឹត្តកំហុសដោយមិនធ្វើកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារអនុវត្តច្បាប់ឲ្យបានឆាប់រហ័សហើយបានចាត់វិធានការដើម្បីព្យាយាមលាក់បាំងការពាក់ព័ន្ធរបស់ខ្លួននៅក្នុងការស៊ើបអង្កេតដំណាក់ការដំបូងៗ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន