ទីក្រុងញ៉ូវឌែលី៖ ប្រទេសឥណ្ឌាកំពុងធ្វើការស៊ើបអង្កេត រឿងអាស្រូវនៃអំពើពុករលួយរាប់លានដុល្លារមួយ ដែលទាក់ទងនឹងវិស័យធនាគាររបស់ខ្លួន។ នេះគឺជាព្រឹត្តការណ៍ចុងក្រោយមួយនៅក្នុងចំណោមរឿងអាស្រូវនៃអំពើពុករលួយមួយខ្សែ ដែលបានធ្វើឲ្យរញ្ជួយប្រទេសនេះ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ក្រុមមន្រ្តីឥណ្ឌានិយាយថា ធនាគារសាធារណៈ និងស្ថាប័នហិរញ្ញវត្ថុនាំមុខគេជាច្រើន កំពុងត្រូវបានត្រួតពិនិត្យមើល ជុំវិញការចោទប្រកាន់ដែលថា មន្រ្តីជាន់ខ្ពស់ទទួលសំណូករាប់រយលានដុល្លាសហរដ្ឋអាមេរិក ដើម្បីសម្រួលដល់ការផ្តល់ប្រាក់កម្ចីយ៉ាងច្រើនដល់ក្រុមហ៊ុនឯកជន។
ក្រុមហ៊ុនចំនួន២១ ដែលរួមមានទាំងក្រុមហ៊ុនជាច្រើនមកពីវិស័យអចលនទ្រព្យ កំពុងត្រូវបានស៊ើបអង្កេត ពីលទ្ធភាពនៃការជាប់ទាក់ទងទៅនឹងរឿងអាស្រូវនេះ។
មនុស្សចំនួន៨នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ចំពោះការជាប់ពាក់ព័ន្ធជាមួយនឹងរឿងអាស្រូវនេះ។ អ្នកទាំងនេះរួមមានទាំងមន្រ្តីជាន់ខ្ពស់ចំនួន៥រូប នៃធនាគារកំពូលៗរបស់ឥណ្ឌាមួយចំនួន ដូចជាធនាគារជាតិប៉ុនចាប (Punjab National Bank) និងក្រុមហ៊ុនផ្តល់ប្រាក់កម្ចីសម្រាប់ការទិញលក់ផ្ទះ នៃក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេបង្អស់របស់ប្រទេសនេះ ឬជាភាសាអង់គ្លេសថា Life Insurance of India។
នាយកប្រតិបត្តិជាន់ខ្ពស់បីរូប មកពីក្រុមហ៊ុនឯកជនមួយត្រូវបានចាប់ខ្លួន ក្រោមបទចោទប្រកាន់ចំពោះការប្រគល់ប្រាក់សំណូកទាំងនេះ។
របាយការណ៍ពីសារព័ត៌មានក្នុងស្រុកនិយាយថា ប្រាក់កម្ចីទាំងនេះមួយចំនួនត្រូវបានវិនិយោគទៅក្នុងទីផ្សាភាគហ៊ុន ហើយមិនបានប្រើប្រាស់សម្រាប់គោលបំណង ដែលត្រូវបានលើកឡើងនោះទេ។
រដ្ឋាភិបាលកំពុងព្យាយាមរាំងខ្ទប់ការខូចខាត ទៅលើនិមិត្តរូបរបស់ធនាគារនៃប្រទេសឥណ្ឌា។ ក្រុមមន្រ្តីនិយាយថា ការទទួលយកសំណូកនៅក្នុងការចោទប្រកាន៉ទាំងនេះ គឺជាករណីនៃការលោភលន់របស់បុគ្គល មិនមែនបរាជ័យនៃប្រព័ន្ធនោះទេ។
អគ្គទេសាភិបាលនៃធនាគារកណ្តាល Duwuri Subbarao មានប្រសាសន៍ថា អាជ្ញាធរធ្វើការរឹតបន្តឹងបទបញ្ញត្តិទាំងឡាយដោយខ្ជាប់ខ្ជួន។
«ជាការពិតណាស់ ចាំបាច់ត្រូវមានតម្លាភាពធំជាងនេះចំពោះការចំណាយទៅលើប្រាក់កម្ចី។ ចាំបាច់ត្រូវមានការទទួលខុសត្រូវខ្ពស់ជាងនេះ នៅក្នុងប្រព័ន្ធនៃការចំណាយទៅលើប្រាក់កម្ចី»។
ប្រធានគណៈកម្មការផែនការរបស់ឥណ្ឌា Montek Singh Ahluwalia បាននិយាយសម្រាលចំពោះការចោទប្រកាន់ក្នុងរឿងទទួលយកសំណូក ទាក់ទងនិងធនាគារសាធារណៈ។
«ខ្ញុំគិតថា យើងមិនគួរមើលមិនឃើញនូវទំហំនៃអ្វីដែលកំពុងតែនិយាយនោះទេ។ វាគឺជាបញ្ហាមួយតូចណាស់ បើយើងពិនិត្យមើលទៅលើប្រព័ន្ធធនាគារមួយទាំងមូល»។
ប្រព័ន្ធហិរញ្ញវត្ថុរបស់ឥណ្ឌាអាចទ្រាំទ្រនឹងវិបត្តិហិរញ្ញវត្ថុសាកល បានប្រសើរជាងសមភាគីជាច្រើនរបស់ខ្លួន នៅក្នុងបស្ចឹមប្រទេស។
ទោះជាយ៉ាងនេះក្តី ជំនឿទៅលើវិស័យធនាគារបានទទួលការប៉ះទង្គិច។ តារាងចង្អុលបង្ហាញភាគហ៊ុនចម្បងរបស់ឥណ្ឌា មានឈ្មោះជាភាសាអង់គ្លេសថា Sensex បានកត់ត្រានូវការខាតបង់យ៉ាងដំណំ នៅក្រោយរឿងអាស្រូវពុករលួយរបស់ធនាគារនេះ។ ភាគហ៊ុននៅក្នុងវិស័យទាំងពីរដែលមានជាប់ឈ្មោះនៅក្នុងការស៊ើបអង្កេតនេះ គឺធនាគារនិងក្រុមហ៊ុនអចលនទ្រព្យ មានការធ្លាក់ចុះខ្លាំងជាងគេ។
រឿងអាស្រូវធនាគារបានលេចឡើង ចំពេលដែលរដ្ឋាភិបាលកំពុងស្ថិតនៅក្រោមសម្ពាធ ដើម្បីឲ្យធ្វើការស៊ើបអង្កេតរឿងពុករលួយ នៅក្នុងចំណោមមន្រ្តីរបស់ខ្លួន។ រឿងអាស្រូវធំជាងគេបំផុតទាក់ទងទៅនឹងការចោទអំពីការលក់អាជ្ញាប័ណ្ណទូរគមនាគមន៍នៅក្នុងអត្រាថោក ដោយក្រសួងទូរគមនាគមន៍នៅក្នុងឆ្នាំ ២០០៨ ដែលធ្វើឲ្យប្រទេសជាតិខាតបង់ប្រាក់ប្រមាណ៤០ពាន់លានដុល្លារសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយ ឌី ខាំបូលី